ប្រទេសកម្ពុជាយើង ជាប្រទេស អំណោយផល ខាងកសិកម្ម ដែលតាំងពី ដើមរៀងមក ប្រជាកសិករខ្មែរ ប្រកបរបរធ្វើ ស្រែចម្ការ ដោយពឹងផ្អែក ស្ទើរតែទាំងស្រុង ទៅលើទឹកភ្លៀង ។ កាលបើដល់ ខែជេស្ឋ ឬ អាសាធហើយ ពុំទាន់ មានភ្លៀងធ្លាក់ សម្រាប់ធ្វើ ស្រែ ចម្ការ ប្រជាកសិករ តែងព្រួយបារម្ភ ហើយនាំគ្នាធ្វើ ពិធីបុណ្យ បន់ស្រន់ សុំទឹកភ្លៀង នៅទីកន្លែង ណាមួយ ដែលពួកគេ ជឿថា ស័ក្តិសិទ្ធិ ។
Written by ភ្នំពេញដេលីញូវ
Sunday, 19 August 2012
ជាក់ស្តែង ដូចនៅទីទួល អង្គបុរាណមួយ ដែលគេ ហៅថាទួល អង្គសសរវិហារ ស្ថិតនៅក្នុង ឃុំគុស ស្រុក ត្រាំកក់ ខេត្តតាកែវ ប្រជាកសិករ យើងតែងមក ជួបជុំគ្នា ធ្វើពិធីបុណ្យ សុំទឹកភ្លៀង រាល់ឆ្នាំ មិនដែល ខានឡើយ ។ បើឆ្នាំណា មិនបាន ធ្វើបុណ្យ សុំទឹកភ្លៀងទេ អ្នក តានៅ ទួលអង្គនេះ នឹងបង្កើត ទៅជា មេឃក្តៅរាំងរឹះ និង មានជំងឺឆ្លង ងាប់ជ្រូក មាន់ ទា គោ ក្របី ទៀតផង ។
នៅខេត្តតាកែវ សម្បូរ ទួលអង្គបុរាណ ច្រើនជាងគេ ទួលអង្គខ្លះ បានក្លាយទៅជា វត្តអារាម និង ទួលអង្គខ្លះទៀត ក្លាយទៅជា កន្លែងស័ក្តិសិទ្ធិ មានអារុក្ខអារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី នៅថែ រក្សា ហើយត្រូវបាន ខាងមន្ទីរវប្បធម៌ ខេត្តអភិរក្ស ទុកជាកេរ ដំណែល បុរាណ ទៀតផង ។ ក្នុងនោះ ទួលអង្គសសរ វិហារ ជាកន្លែង ស័ក្តិសិទ្ធិ មួយមាន សណ្ឋានជា ដីដុះខ្ពស់ កណ្តាលស្រែ ជម្រៅ ព័ទ្ធជុំវិញ បីដូចជា កូនកោះ កណ្តាលសាគរ។ នៅចុងប៉ូច ខាងកើតនៃ ទួលអង្គ មានព្រៃឈើដុះ ស៊ុបទ្រុប គ្របពី លើ អាស្រមថ្មមួយ ដែលជា ជម្រកអ្នក តា សុខ និង យាយសម ។

យោងតាម ប្រសាសន៍ លោកយាយ ប៊ុន ប្រាង បានឱ្យដឹងថា កាលពីជំនាន់ដើម យូរលង់ណាស់ មកហើយ ទួលអង្គ សសរវិហារនេះ គឺជាទីអារាម ហើយត្រូវបាន អ្នកជីកកាយ រកកំណប់ ប្រទះឃើញ គ្រឹះវិហារ និង រណ្តៅសីមា ។ ក្រោយថ្ងៃរំដោះ ផុត របប ទាសភាព ប្រជាកសិករ ដែលរស់នៅ ជុំវិញទួលអង្គនេះ តែងមានជំនឿ បាននាំគ្នា ប្រារឰបុណ្យ សុំទឹកភ្លៀងរៀង រហូតមក ដល់សព្វថ្ងៃនេះ ។
មូលហេតុដំបូង លោកយាយ ប្រាប់ថា នៅក្នុងភូមិ ស្រុកទីនេះ ចូលដល់ខែ វស្សាហើយ តែគ្មានភ្លៀង ធ្លាក់សោះ សំណាប សន្ទូង ត្រូវងាប់ស្វិត ក្រៀមក្រញង់ ធ្វើឱ្យ ប្រជាកសិករ ជួបការ លំបាកមែនទែន ណាមួយ ទើបងើបពី សង្គ្រាមផង ។ អាស្រ័យ ហេតុនេះ ទើបជីតា របស់គាត់ឈ្មោះ តា ឈូក ពូកែខាងដើរ លើទឹក និង ពូកែខាង ក្បាច់គុន កាលនោះ គាត់មិនទាន់ ស្លាប់បាននាំពួក អ្នកស្រុកភូមិ ជុំវិញតំបន់នេះ មកជួបជុំគ្នា លើទួលអង្គ និមន្តព្រះសង្ឃ ធ្វើបុណ្យសុំ ទឹកភ្លៀងដោយ បន់ស្រន់អ្នកតា សុខ និង យាយ សម ឱ្យជួយ ។ ក្រោយ ពីធ្វើបុណ្យចប់ រំលងបានតែ មួយថ្ងៃ ស្រាប់តែមាន ភ្លៀងធ្លាក់ ប្រាកដមែន ពេញៗស្រែ ដូចក្តីប្រាថ្នា ធ្វើឱ្យ ប្រជាកសិករ យើងអាចធ្វើ ស្រែចម្ការ បានតរៀង រហូតមក ។ ថែមពីនេះទៀត អ្នកស្រុកអ្នកភូមិ សប្បាយ ត្រេកអរ ហើយ សន្យាធ្វើបុណ្យ នៅទីទួល អង្គបុរាណនេះ រៀងរាល់ឆ្នាំ ។
លោកយាយ ប៊ុន ប្រាង មានប្រសាសន៍ បន្តថា លុះមកដល់ឆ្នាំ ១៩៩៨ ប្រជាពលរដ្ឋ នៅទីនេះ ខានធ្វើបុណ្យ សុំទឹកភ្លៀង ស្រាប់តែកើត គ្រោះរាំងស្ងួត ងាប់សន្ទូង សំណាបអស់ គ្មានសល់ ។ ប្រជាពលរដ្ឋជួប ការលំបាក ខ្វះខាត ទឹកផឹក និង ប្រើប្រាស់ ប្រចាំថ្ងៃ តែងត្រាច់ ចរទៅ រកដងទឹក នៅតំបន់ឆ្ងាយៗ ចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រ ឯណោះ ។ បន្ទាប់ពីនោះមក ប្រជាពលរដ្ឋ ក៏បាននាំគ្នា ធ្វើបុណ្យ សុំទឹកភ្លៀង បន្តទៀតនៅទួល អង្គសសរវិហាររ ហូតមកដល់ សព្វថ្ងៃ ហើយភ្លៀងក៏ធ្លាក់ មកតាមធម្មតា វិញ ។
នៅទួលអង្គ បុរាណនេះ គឺមានបារមី ម្ចាស់ទឹកដី ពូកែស័ក្តិសិទ្ធិ ខ្លាំងណាស់ ក្រៅពីធ្វើ បុណ្យបួងសួង សុំទឹកភ្លៀង ប្រចាំឆ្នាំ ចំពោះលោកតា សុខ និង លោកយាយ សម ពួកអ្នកស្រុក ភូមិតែងអុជធូប ប្រាប់គាត់ឱ្យដឹង រាល់ពេលមាន ពិធីរៀប អាពាហ៍ ពិពាហ៍ កូនប្រុសស្រី ។ ផ្ទុយទៅវិញ បើមិនបាន អុជធូបប្រាប់ មុនទេ ម្ចាស់ទឹកដីទីនេះ ច្បាស់ជាខឹង និង ធ្វើឱ្យពិធី រៀបការនោះ កើតបញ្ហាផ្សេងៗ ដូចជា ព្យុះភ្លៀង ឬ មានអ្នករាំ ធុងបាស់ វាយគ្នាមិនខាន ។
ប្រវត្តិតា សុខ យាយ សម នេះបើតាមចាស់ៗតែងតំណាលប្រាប់ថា កាលពួកគាត់នៅ ជាមនុស្សលោក ត្រូវជា ប្តីប្រពន្ធនឹងគ្នាហើយយាយ សម ចូលចិត្តរាំឡាំថូនណាស់ ព្រោះតែគាត់រាំបាន ល្អសមឥតខ្ចោះយ៉ាងនេះ ទើបគេនាំគ្នាហៅ គាត់ថាយាយ សម តែម្តង ។ ពួកគាត់ ទាំងពីរនាក់ប្តីប្រពន្ធ នេះលុះស្លាប់ទៅបានកើតជាអ្នកតា និង លោកយាយថែរក្សានៅទួលអង្គសសរវិហារនេះតរៀងមក ។ កាលមុនពួកគាត់រស់នៅក្នុងរោងឈើប្រក់ស្លឹក តែ លុះមកដល់ ឆ្នាំ ២០០៣ ដោយមានអ្នកនៅភ្នំពេញ បានបន់ សុំឱ្យរកស៊ីមាន ទិញរថយន្ត បានជិះ ស្រាប់តែ សម្រេចដូចបំណងគេក៏សង់រោងថ្មថ្វាយ ។
លោកយាយ ប៊ុន ប្រាង មានប្រសាសន៍បន្ត ទៀតថា ក្រៅពីអ្នកតា សុខ និង យាយ សម ទួល អង្គសសរវិហារ នេះមានព្រលឹងខ្មោច អាគ្រក់ ចាំថែ រក្សាការពារកំណប់ក្រោមដី ថែមទាំងបានបង្ហាញខ្លួន កម្ពស់ផុតចុងឈើដេញ ជាន់ប្តីរបស់គាត់ម្តងដែរ ក្នុងពេល ប្តីរបស់គាត់ ទៅចាំអន្លង់ត្រីនៅក្បែរទួលអង្គនោះ ពេលយប់តែម្នាក់ឯង ។
កំណប់ក្នុងដីនាទួលអង្គសសរវិហារនេះមាន ច្រើនណាស់សុទ្ធតែមានតម្លៃ ដូចជា មាស ពេជ្រ សំរឹទ្ធិ វត្ថុបុរាណ ផ្សេងៗ និង ក្បាលអ្នកតា ជាដើម ។ ទោះបីមានខ្មោច អាគ្រក់ ការពារយ៉ាងណាក៏ដោយ នៅតែមានគេមក លួចជីកយក កំណប់ បានមួយ ចំនួន ដែរ ប៉ុន្តែពួក អ្នក យកកំណប់ទាំងនោះ ក្រោយមកមិន សុខឡើយ ខ្លះស្លាប់ព្រាត់ប្រាសគ្នា ខ្លះរកស៊ីធ្លាក់ខ្លួន ក្រ ជាដើម ត្រូវគេជឿថា បណ្តាលមកពីត្រូវបណ្តាសា ខ្មោច អាគ្រក់ ។
នាង សារឿន ឱ្យដឹងដែរថា នៅទួលអង្គសសរ វិហារនេះមានខ្មោច អាគ្រក់ មែន ព្រោះទីនេះពីដើម ជាវត្តអារាម ។ កន្លងមកធ្លាប់មានអ្នកទៅជីកកំណប់ នៅទីនេះនៅពេលយប់បាននិយាយប្រាប់ថា ពេល ពួកគេទៅជីកនោះមិនទាន់នឹងជីកផង គ្រាន់តែ បម្រុង អុជធូបទៀន សុំក៏ស្រាប់តែមានស្រមោលខ្មៅធំមួយ កម្ពស់ផុតចុងឈើបោះជំហានម្ខាងៗប្រហែលជាបី ម៉ែត្រ ដេញជាន់ពួកគេរត់បាតជើងសព្រាត ។ ទួល អង្គបុរាណនេះពុំសូវមាននរណាហ៊ានទៅតែម្នាក់ឯង នៅពេលយប់ទេ ព្រោះអ្នកនៅភូមិ នៅក្បែរនោះ ឧស្សាហ៍ឃើញ ដុំភ្លើងប៉ុន ចង្អេរហោះឆ្លងកាត់ ទីនេះ ណាស់ ។
អ្នកមីង ញ៉េន ញឹម ឱ្យដឹងថា ទួលអង្គបុរាណ កន្លែងធ្វើបុណ្យសុំទឹកភ្លៀងនេះ កាលពីមុនមានវត្ថុ ចម្លែកមួយ ប៉ុនកណ្តាប់ដៃ រាងមូលពណ៌ស មានពន្លឺ ចែងចាំងផ្លេកៗដែលគេហៅថាគ្រាប់ពេជ្រ ត្រូវបាន ពួកក្មេងឃ្វាលគោកាន់លេង ជួន យកទៅផ្ទះទុក មួយ យប់ក៏មាន លុះ ដល់ភ្លឺឡើងស្រាប់តែគ្រាប់ពេជ្រនោះ បាត់រកមិនឃើញ ។ លុះទៅទួលអង្គស្រាប់តែឃើញ គ្រាប់ពេជ្រនោះបែរជានៅទីនោះទៅវិញ មិនដឹងជា អ្នកណាយកទៅទុកពីពេលណាឡើយ ។ ហេតុការណ៍ ចម្លែកនេះត្រូវបានគេយល់ថា គ្រាប់ពេជ្រនោះជា របស់អ្នកតា សុខ និង យាយ សម ឬ ជារបស់ខ្មោច អាគ្រក់ ហើយពួកផ្លូវងងឹតទាំងនោះជាអ្នកយកទៅ ទុកនៅលើទួលវិញ ។ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីការ ពិត ពួកអ្នកភូមិបានធ្វើការពិសោធដោយយកគ្រាប់ ពេជ្រនោះទៅចងទុក នឹង វល្លិថ្នឹងនៅលើទួលអង្គមួយ ទៀតដែលស្ថិតនៅ ខាងត្បូង គ្នាចម្ងាយមួយ គីឡូម៉ែត្រ ទុកមួយយប់ស្រាប់តែ ព្រឹកឡើងពួកគេ នាំគ្នាទៅមើល ពុំឃើញគ្រាប់ពេជ្រ នោះឡើយ លុះមកមើលកន្លែង ដើមទួលអង្គសសរវិហារឃើញគ្រាប់ពេជ្រនៅទីនោះ យ៉ាង ចម្លែក ប៉ុន្តែក្រោយមកទើបតែ ១០ ឆ្នាំមុននេះ ទេ គ្រាប់ពេជ្រនោះ បាត់ខ្លួន រហូត មកដល់សព្វថ្ងៃ ហើយត្រូវគេជឿថា អ្នកតា សុខ ឬ ខ្មោច អាគ្រក់ លាក់ទុក ។
លោកតា ញ៉ ជាចាស់ទុំ ព្រឹទ្ធាចារ្យម្នាក់ ប្រចាំ ភូមិបានឱ្យដឹង ដែរថា អ្នកតាទួល អង្គសសរវិហារ នេះពូកែ ស័ក្តិសិទ៉្ធិ ខ្លាំងណាស់ បើមេឃក្តៅ ពុំមានភ្លៀង គ្រាន់តែធ្វើ ស្លាធម៌ដូង មួយគូ យកទៅថ្វាយ រួច និយាយបន់សុំ ទឹកភ្លៀង យ៉ាងយូរ បីម៉ោង ក្រោយ មក នឹងមានភ្លៀង ធ្លាក់ មិន ខាន ។ ទោះបី បែបហ្នឹងក៏យើង ត្រូវតែធ្វើ បុណ្យប្រចាំឆ្នាំ ដែរ ព្រោះជាទំនៀម ទម្លាប់តរៀងមក ។ ចំពោះអ្នកដែល ធ្វើស្រូវក្នុងស្រែ ជម្រៅ ដែលនៅព័ទ្ធ ជុំវិញទួលអង្គ កាលពីមុន ធ្វើមិន សូវបាន ផលទេ ចេះតែមាន ក្តាមកាត់ អស់រលីង ឬ ដល់ស្រូវទុំ ចេះ តែ មានភ្លើង ឆាបឆេះ ស្រូវដោយគ្មាន មូលហេតុ មិនដឹងជា មានជនខិលខូច លួចដុត ឬ យ៉ាង ណានោះឡើយ ។ ក្រោយមកម្ចាស់ ស្រែមានជំនឿ ថា មកពីពួកគាត់ មិនសុំអនុញ្ញាត ម្ចាស់ទឹកដី ទីនេះជា មុន ដូច្នេះហើយ បន្ទាប់ពីអុជ ធូប ទៀន មានថ្វាយគ្រឿង សំណែន ផ្សេងៗ មកឃើញ លែងមាន កើតបញ្ហាដូច ការរៀបរាប់ខាងលើ ។ ជាងនេះទៅទៀត ស្រែ ស្រូវរបស់គាត់ បែរជា លូតលាស់ល្អ ទទួលទិន្នផល ខ្ពស់ជាងមុនៗ ហើយលែងមាន រីងទឹកងាប់សន្ទូង សំណាបដែរ ដោយគេជឿ ថា បារមី តា សុខ យាយ សម ជួយផ្តល់ប្រភព ទឹក ។ តា សុខ និង យាយ សម ទាំងពីរនាក់ ប្រពន្ធប្តីនេះ គឺជាអ្នកតាខ្លាំងពូកែ មាន ប្រព័ន្ធធារាសាស្ត្រ គ្រប់គ្រាន់ ប្រោះព្រំជីវិតមនុស្ស និង ធម្មជាតិ នៅតំបន់ឃុំគុស មិនឱ្យ ជួប បញ្ហារាំងស្ងួត ឡើយ ព្រោះតែ អាស្រ័យ ទៅលើអ្នកភូមិ ស្រុកនៅទី នោះមានការ ជឿជាក់ដែរ តាមរយៈការធ្វើបុណ្យ បួងសួងសុំ ទឹកភ្លៀង ឬ តែងមានគ្រឿង តង្វាយថ្វាយ ជាដើម ។
ទួលអង្គសសរវិហារ គឺជាដែនដី ស័ក្តិសិទ្ធិ មួយប្រចាំតំបន់នោះ ពុំអាចនរណា ប៉ះពាល់ បានឡើយ មិនថាតែកំណប់ កប់ទុកក្រោមដីទេ សូម្បីតែដើមឈើ លើទួលក៏គ្មាន នរណាម្នាក់ ហ៊ានកាប់ឡើយ បើមិន ដូច្នេះទេ អ្នកដែលកំពុង កាប់នោះ ច្បាស់ជា មាន សត្វពស់ និង មេរង ធំៗ ដេញចឹក ឬ ខាំមិនខាន ។ ដោយ ឡែកត្រីគ្រប់ប្រភេទរស់នៅក្នុងទឹកស្រែជម្រៅជុំវិញ ទួលអង្គ បើនរណាហ៊ាន ទៅចងសន្ទូច មិនបានអុជ ធូបសុំ អនុញ្ញាតពីតា សុខ យាយ សម ទេ ច្បាស់ ជាខ្មោចដេញលង ។ តួយ៉ាងដូច ជា បុរស ម្នាក់ឈ្មោះ ប្រុស បាន និយាយប្រាប់ តែមិនឱ្យថតរូបថា ពេល មួយប្រហែលម៉ោង ៨ យប់ គេបានទៅចង សន្ទូចក្នុង ស្រែជម្រៅនោះ រួចហើយបានទៅ អង្គុយលេងលើ ទួលអង្គតែម្នាក់ឯង ។ មួយសន្ទុះក្រោយមកមាន ស្រមោលកូនក្មេង មួយ ដើរតេះតះ សំដៅមករកគេ ។ ពេលដើរសំដៅ មក នោះ មួយជំហាន ចេះ តែរីកមាឌ ធំឡើងៗរហូតកម្ពស់ ប្រហែល ៥ ម៉ែត្រ ខ្មៅព្រីកបោះ ជំហានវែងៗ ដេញជាន់រូបគេ ប៉ុន្តែដោយសារ តែគេ រត់ទាន់ កុំអីស្លាប់ ក្រោមបាតជើង ខ្មោចអាគ្រក់នោះ ហើយ មើល៍ទៅ ។
មិនត្រឹមតែ ស័ក្តិសិទ្ធិតែសុំ ទឹកភ្លៀង មួយប៉ុណ្ណោះ ទេ អ្នកតា សុខ និង យាយ សម ទួលអង្គសសរ វិហារនេះ ត្រូវបានពួក អ្នកស្រុកភូមិតែង មកអុជធូប បន់សុំកន្ទុយលេខ ទៀតផង ។ អ្នកខ្លះបាន ដេកយល់ សប្តិឃើញ ម្ចាស់ទឹកដី ទួលអង្គ សសរវិហារ នេះ ប្រាប់ កន្ទុយ លេខ ចាក់ទៅត្រូវ គ្រប់ៗគ្នា ៕
