ប្រជាពលរដ្ឋចោទប្រកាន់មន្ត្រីជំនាញព្រំដែនទឹក គយ និងជំនាញសេដ្ឋកិច្ចខេត្តកែប ថាបើកដៃឲ្យឈ្មួញរតពន្ធសាំងដោយខុសច្បាប់ពីប្រទេសវៀតណាម ចូលក្នុងទឹកដីកម្ពុជា។
ដោយ ម៉ម មុនីរតន៍
2012-08-19
វិទ្យុអាស៊ីសេរី

ស្ត្រីអ្នកលក់ចាក់សាំងបំពេញម៉ូតូឲ្យអតិថិជន នៅតាមដងផ្លូវមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ១១ មេសា ២០០៧។
AFP Photo
ពលរដ្ឋរស់នៅខេត្តកែប ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ថា ការរតពន្ធខុសច្បាប់នេះក្នុងមួយៗថ្ងៃឈ្មួញដឹកសាំងចេញពីកោះឫស្សី និងកោះអាចម៍សេះ បន្តពីប្រទេសវៀតណាម ពី ៥០០ ទៅ ៦០០ប៊ីដុង ដោយមន្ត្រីជំនាញពុំមានការទប់ស្កាតនោះទេ។
ពលរដ្ឋបន្តថា មធ្យោបាយបែបនេះគឺផលចំណេញបានទៅលើមន្ត្រីគយ សេដ្ឋកិច្ច និងជំនាញព្រំដែនទឹក និងមន្ត្រីទាំងនេះ គឺស្ថិតនៅពីក្រោយក្នុងការរតពន្ធនេះ៖ «ខ្ញុំអត់ដឹងថា ក្នុងមួយលីត្រហ្នឹងបង់ចូលរដ្ឋប៉ុន្មានទេ ប៉ុន្តែខ្ញុំគិតថា ឥឡូវយើងគិតថា មួយថ្ងៃទូកចូល២ចុះ ព្រោះយើង ៧ទូកក្នុងមួយសប្ដាហ៍ ទូកមួយៗចូលពី ២ ទៅ ៣ដង។ អ៊ីចឹងយើងគិតថា មួយថ្ងៃទូក២ ជាមធ្យមទូកពីរហ្នឹងយើងវៃអាចពី ៥០០-៦០០ប៊ីដុង»។
នៅថ្ងៃទី១៨ ខែសីហា វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការបំភ្លឺពីលោក ពេជ្រ ថារ័ត្ន ស្នងការរងទទួលបន្ទុកសេដ្ឋកិច្ចប្រចាំខេត្តកែប បានទេជុំវិញការចោទប្រកាន់នេះ ។ ក៏ប៉ុន្តែមេបញ្ជាការវរព្រំដែនទឹក ៤៣០ លោក ពេញ ភារ៉ោ បដិសេធថា ការចោទប្រកាន់នេះគឺពុំមែនជាការពិតនោះទេ៖ «ទេ! ដូចជាមិនមានទេបងបាទ!»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកចាត់ទុកថា នេះជាចំណុចខ្សោយក្នុងគ្រប់គ្រងរបស់មន្ត្រីជំនាញ ជាពិសេសរដ្ឋាភិបាលដែលបន្តទុកឲ្យអំពើពុករលួយញ៉ាំញីក្នុងសង្គមកម្ពុជា។
លោក វន់ ពៅ រកឃើញថា ការបើកចំហការរត់ពន្ធសាំងច្បាប់នេះធ្វើឲ្យសាំងបន្តឡើងថ្លៃ៖ «មន្ត្រីព្រំដែន ជាពិសេសមន្ត្រីគយ មន្ត្រីកាំកុងត្រូល ប៉ូលិសច្រកទ្វារព្រំដែនហ្នឹង អានេះគឺជាចំណុចទាក់ទងនឹងកត្តាអំពើពុករលួយដែលធ្វើឲ្យឈ្មួញខិលខូចទាំងអស់ហ្នឹងរតពន្ធរបស់ដែលមិនបានបង់ពន្ធថវិកាចូលរដ្ឋអានេះជាចំណុចទីមួយ។ ចំណុចទី២ ហេតុដែលនាំឲ្យសាំងរត់ពន្ធនាំចូលក្នុងប្រទេសកម្ពុជា ជាខ្វះយន្តការរបស់រដ្ឋាភិបាល ជាពិសេសគឺខ្វះយន្តការរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ»។
ទាក់ទិនការបន្តអូសបន្លាយដែលនាំឲ្យសាំងគេចពន្ធនៅតែកើតឡើងពីប្រទេសវៀតណាមនេះ ពលរដ្ឋដែលរស់នៅខេត្តកែប បានស្ដីបន្ទោសមន្ត្រីអាជ្ញាធរខេត្តថា គឺជាអ្នកដែលនៅពីក្រោយនៃការនាំសាំងចូលដោយមិនបានបង់ពន្ធចូលរដ្ឋ។ ក៏ប៉ុន្តែអភិបាលរងខេត្តកែប គឺអ្នកស្រី ព្រំ ចំរើន បដិសេធថា ច្រកកែប ពុំមែនជាទីដែលត្រូវដឹកសាំងគេចពន្ធចេញនោះទេ។
អ្នកស្រីអះអាងថា នេះទំនងជាការព្យាយាមរតគេច និងឆ្លងកាត់ពីការប្រមាញ់របស់មន្ត្រីជំនាញពីតំបន់ផ្សេងប៉ុណ្ណោះ។
បើទោះជាបែបណាពលរដ្ឋបញ្ជាក់ថា នេះពុំមែនជាការឆ្លងកាត់ដោយចៃដន្យនោះទេ តែថាជាការព្រឹត្តិការណ៍កើតឡើងដោយក្រុមមន្ត្រីជំនាញក្នុងតំបន់ ខណៈបទល្មើសនេះពលរដ្ឋអះអាងថា មានការកើនឡើងទ្វេដងក្នុងរយៈពេល ១ខែចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។