ម្ដាយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​រក​ដំណឹង​កូន​ស្រី ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី

ប្រជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះវិហារ នៅ​តែ​កើត​មាន​បញ្ហា​បាត់​ដំណឹង​កូន ដែល​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស តាម​ការ​រើស​របស់​ក្រុមហ៊ុន​នានា។

ដោយ កែវ និមល
2012-08-19
​វិទ្យុ​អាស៊ីសេរី

ពល​ការិនី​ឈ្មោះ ជា នៅ ដែល​ទៅ​ធ្វើ​ការ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន យូមែន ផាវវើ (Human Power) ហើយ​បាត់​ដំណឹង។

ពល​ការិនី​ឈ្មោះ ជា នៅ ដែល​ទៅ​ធ្វើ​ការ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន យូមែន ផាវវើ (Human Power) ហើយ​បាត់​ដំណឹង។
Provided photo

ការ​បាត់​ដំណឹង​កូន​ទៅ​ធ្វើ​ការ​នៅ​បរទេស​នេះ ដោយសារ​ក្រុមហ៊ុន​ដែល​ជ្រើសរើស​ពលករ មិន​សូវ​ខ្នះខ្នែង​ជួយ​ស៊ើប​ដំណឹង​ឲ្យ​គ្រួសារ នៅ​ពេល​គ្រួសារ​ទាក់ទង​រក​ព័ត៌មាន​កូន​របស់​ខ្លួន ទាល់តែ​គ្រួសារ​ពលករ​ទាក់ទង​អង្គការ​សិទ្ធិមនុស្ស ទើប​ក្រុមហ៊ុន​មាន​ការ​ប្រឹងប្រែង​រក​ឲ្យ។

ម្ដាយ​ពល​ការិនី​មួយ​រូប ឈ្មោះ ជ័រ ស៊ើន អាយុ ៤៤ឆ្នាំ នៅ​ថ្ងៃ​ទី ១៧ ខែ​សីហា បាន​មក​សុំ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ អាដហុក នៅ​ខេត្ត​ព្រះវិហារ ជួយ​ស៊ើប​រក​ដំណឹង​កូន​ស្រី​របស់​គាត់ ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​បាន​ដឹង​សុខទុក្ខ​ផង ពីព្រោះ​គាត់​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​កូន​ស្រី​គាត់ ២ ឆ្នាំ​មក​ហើយ។

អ្នកស្រី ជ័រ ស៊ើន រស់​នៅ​ភូមិ​តា​សែង​ជើង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ បាន​រៀបរាប់​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ជា នៅ អាយុ ១៩​ឆ្នាំ បាន​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើ​ការ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយ​ឈ្មោះ យូមែន ផាវវើ (Human Power)។ ប៉ុន្តែ អស់​រយៈ​ពេល ២ ឆ្នាំ មក​ហើយ អ្នកស្រី​មិន​ដែល​បាន​ទទួល​ដំណឹង​អំពី​សុខទុក្ខ​កូន​ស្រី​គាត់​ឡើយ។

អ្នកស្រី ជ័រ ស៊ើន៖ «ខ្ញុំ​អង្គុយ​បារម្ភ​ព្រោះ​មិន​ដឹង។ ក្រែង​ស្លាប់​ក្រែង​អី មិន​ដឹង​អី​ផង។ បើ​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​មិន​ដឹង​អី​ណា។ ខ្ញុំ​ថា បើ​រស់​ក៏​ឲ្យ​ដឹង បើ​ស្លាប់​ក៏​ឲ្យ​ដឹង​ផង។ តាំង​ពី​ទៅ ២ ឆ្នាំ មក​ហើយ។ មិន​ដែល​ដឹង​អី​សោះ។ សួរ​អ្នក​ទៅ​ជាមួយ​មួយ​សា​គ្នា​វា​នោះ គេ​ថា អត់​ដឹង​ទេ ពី​ព្រោះ​អត់​នៅ​ជាមួយ​គ្នា​ផង»។

អ្នកស្រី ជ័រ ស៊ើន បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​កូន​ស្រី​នោះ អ្នកស្រី​បាន​ទៅ​ទាក់ទង​សួរ​ដំណឹង​កូន​ស្រី ពី​ក្រុមហ៊ុន​ដែរ កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១២។ ប៉ុន្តែ មិន​បាន​ទទួល​ដំណឹង​កូន​ស្រី​ពី​ក្រុមហ៊ុន​នោះ​ឡើយ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

អ្នកស្រី ជ័រ ស៊ើន៖ «ខ្ញុំ​ទៅ (ក្រុមហ៊ុន) គេ​ឲ្យ​ធ្វើ​សំបុត្រ។ ឲ្យ​ផ្ដិត​មេដៃ ដាក់​ឈ្មោះ ម៉ែ ឳ ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត។ ផ្តិត​មេដៃ​គេ​ថា ផ្ញើ​លិខិត​នោះ​ឲ្យ​កូន​នៅ​ប្រទេស​ក្រៅ។ ធ្វើ​លិខិត​នោះ​ហើយ ខ្ញុំ​សួរ​គេ​ថា ប៉ុន្មាន​ថ្ងៃ បាន​ខ្ញុំ​ទទួល​ដំណឹង​ពី​កូន? គេ​ថា ២ អាទិត្យ​ទៀត​បាន​ដឹង​ហើយ។ តែ​នៅ​តែ​មិន​ដឹង។ ដល់​តេ​សួរ​ទៅ​ទៀត គេ​ថា ១ អាទិត្យ​ទៀត។ តែ​នៅ​តែ​មិន​ដឹង។ ដល់​ក្រោយ​មក​ថា ២ អាទិត្យ​ទៀត។ ខ្ញុំ​ចេះ​តែ​ចាំៗ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន យូមែន ផាវវើ ដើម្បី​សាកសួរ​អំពី​ការ​ដោះស្រាយ​ចំពោះ​បំណង​របស់​ក្រុម​គ្រួសារ សុំ​ឲ្យ​ជួយ​រក​ដំណឹង​កូន​ស្រី​របស់​ខ្លួន ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​បាន​ឡើយ។ ប៉ុន្តែ ប្រភព​អង្គការ អាដហុក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​សន្យា​ថា នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ។

លោក ឡោ ចាន់ តំណាង​អង្គការ​ការពារ​សិទ្ធិមនុស្ស អាដហុក នៅ​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ទទួល​ពាក្យ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ របស់​គ្រួសារ​ពល​ការិនី ដែល​បាត់​ដំណឹង​នេះ អង្គការ អាដហុក នឹង​ទាក់ទង​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា ឲ្យ​ជួយ​ស្វែងរក​ដំណឹង ពល​ការិនី ដែល​បាត់​ដំណឹង​នេះ។

លោក ឡោ ចាន់៖ «សុំ​ស្នើ​ទៅ​ក្រសួង​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​នាំ​កូន​ស្រី​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ ដើម្បី​បាន​ជួប​ជុំ​ជាមួយ​គ្រួសារ​គាត់​វិញ»។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​ថា គេ​អាច​រក​ដំណឹង​ពី​ពល​ការិនី ដែល​ទៅ​ធ្វើ​ការ​នៅ​បរទេស​បាន បើ​សិន​ជា​គេ​ដឹង​អំពី​អត្តលេខ​ក្រុមហ៊ុន​របស់​ពល​ការិនី និង​ថ្ងៃ​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​បរទេស។ ពីព្រោះ​រាល់​ការ​ដឹក​ជញ្ជូន​ពលករ និង​ពល​ការិនី ទៅ​ធ្វើការ​នៅ​បរទេស ក្រុមហ៊ុន​នានា តែងតែ​យក​ឈ្មោះ និង​អត្តលេខ ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ ក្រសួង​ការ​បរទេស និង​សមាគម​គ្រប់គ្រង​ពលករ។

កាល​ពី​ថ្ងៃ​ទី ១៣ សីហា​កន្លង​មក មាន​ម្ដាយ​ពល​ការិនី​មួយ​រូប បាន​មក​សុំ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ អាដហុក នៅ​ខេត្ត​ព្រះវិហារ ជួយ​ស៊ើប​រក​ដំណឹង​កូន ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ជិត ២ ឆ្នាំ ហើយ​មិន​ដែល​ដឹង​សុខ​ទុក្ខ​សោះ។ ពល​ការិនី​នោះ ទៅ​ធ្វើការ​នៅ​បរទេស​តាម​រយៈ​ក្រុមហ៊ុន ហ្វីលីម៉រ (Philimore)។ ក្រោយ​ការ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បាត់​ដំណឹង​កូន​នេះ ចំនួន ៣ ថ្ងៃ​ក្រោយ​មក ក្រុមហ៊ុន​បាន​ជួយ​ឲ្យ​ម្ដាយ និង​កូន​បាន​ជួប​ទាក់ទង​សន្ទនា​គ្នា ដឹង​សុខទុក្ខ​ឡើង​វិញ តាម​ទូរស័ព្ទ ដែល​ធ្វើ​ឲ្យ​គ្រួសារ​សប្បាយ​រីករាយ​ជា​ខ្លាំង។

ប្រភព​អង្គការ អាដហុក នៅ​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ខែ​មករា មក​ទល់​ខែ​កក្កដា ឆ្នាំ​២០១២ នេះ មាន​ប្រជាពលរដ្ឋ​មក​ប្ដឹង​អំពី​ការ​បាត់​ដំណឹង​កូន​ទៅ​ធ្វើ​ការ​នៅ​បរទេស និង​ការ​ជួញ​ដូរ​នានា ចំនួន ១៣ ករណី​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles