ភ្នំពេញ: ម្តាយគ្រប់រូបតែងតែមានក្តីបារម្ភចំពោះកូនៗ ជាពិសេសកូនស្រីតែម្តង ដែលងាយនឹងរងការប៉ះពាល់ដល់សុខភាពបន្តពូជ។ រីឯម្តាយខ្លះបានពន្យល់ណែនាំកូន ហើយមា្តយខ្លះទៀត មិនបានពន្យល់ប្រាប់កូនអំពីការថែរក្សាសុខភាព ក៏ដូចជាការថែទាំសុខភាពបន្តពូជនោះទេ។ ដោយហេតុថា អ្នកម្តាយមួយចំនួនបានយល់ឃើញថា នៅតាមសាលា ឬតាមការអានសៀវភៅ និងទស្សនាវដ្តីនានា បានពន្យល់ប្រាប់ពីរឿងនេះដែរ។
ថ្ងៃទី 20 សីហា 2012
ដោយ: រឿន សាវុធ
CEN
ក៏ប៉ុន្តែ មានម្តាយភាគច្រើន ក៏ពុំមានការយល់ដឹងច្រើន ព្រមទាំងមានការអៀនខ្មាសខ្លាំងពេក ទើបធ្វើឲ្យមានបញ្ហាទាំងនេះកើតមានឡើងច្រើន ក្នុងសង្គមសព្វថ្ងៃនេះ។
មានស្ត្រីភាគច្រើនដែលពុំបានយល់ដឹងច្បាស់ ពីបញ្ហាសុខភាពបន្តពូជ និងការបន្តពូជនេះ ធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពជាខ្លាំង ដែលនាំឲ្យកើតមាននូវរោគរបស់ស្ត្រីមួយចំនួន មានដូចជា រលាកស្បូន មហារីកមាត់ស្បូន ការធា្លក់ស រដូវមិនទៀងទាត់ ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ នៅមានម្តាយមួយចំនួនខ្លះទៀត បានពន្យល់បន្ថែមពីរឿងនេះ ដល់កូនស្រីឲ្យបានកាន់តែច្បាស់មួយកម្រិតទៀត ទៅតាមអ្វីដែលគាត់ធ្លាប់បានឆ្លងកាត់។
អ្នកស្រី ណុប សុភណា អាយុ ៤២ឆ្នាំ ជាកសិករមួយរូបនៅខេត្តបាត់ដំបង បានប្រាប់ពី របៀបថែទាំសុខភាពបន្តពូជ និងការបន្តពូជដល់កូនស្រីរបស់អ្នកស្រី ដោយក្តីបារម្ភថា កូនស្រីភាគច្រើនជាមនុស្សអៀនខ្មាស ក្រែងកូនមិនបានយល់ពីបញ្ហានេះច្បាស់ អាចមានបញ្ហាទៅថ្ងៃមុខ សំខាន់គឺខ្លាចកើតមានរោគស្ត្រី។
អ្នកស្រីបានប្រាប់ថា “តាំងពីកូនស្រីខ្ញុំពេញរូបរាងមក គឺខ្ញុំបានពន្យល់ណែនាំដល់កូនស្រី ពីការថែទាំខ្លួនប្រាណឲ្យមានអនាម័យ និងប្រើប្រាស់សម្លៀកបំពាក់ខាងក្នុងឲ្យបានសមរម្យ”។
អ្នកស្រី ណុប សុភណា បន្តទៀតថា “ ចំពោះកូនស្រី បន្ទាប់ពីអនាម័យខ្លួនប្រាណហើយ គឺការថែទាំសម្អាតប្រដាប់ភេទឲ្យបានត្រឹមត្រូវ ជៀសវាងមានក្លិនមិនល្អ និងមានរោគា ទៅថ្ងៃក្រោយ”។
ចំណែកស្ត្រីអាជីវករលក់ថ្នាំពេទ្យ ឈ្មោះ ឈុន សាយណ្ណ័ អាយុ ៤២ឆ្នាំ បាននិយាយថា “វាជាការសំខាន់ណាស់ ដែលម្តាយគ្រប់រូបគួរគប្បីប្រាប់កូនស្រី ឲ្យបានដឹងពីការថែទាំសុខភាពផ្លូវភេទ និងការបន្តពូជនេះ ដល់កូនឲ្យបានដឹង”។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ ការសន្ទនាដោយបើកចំហរវាងម្តាយ និងកូនស្រី នៅកម្ពុជានៅមានកម្រិតនៅឡើយ។ វេជ្ជបណ្ឌិត ងួន សេរ័ត្ន នាយកគ្រប់គ្រង គេហទំព័រសុខភាព www.health.com.kh បាននិយាយថា ឪពុកម្តាយពិតជាមានតួនាទីដ៏សំខាន់ នៅក្នុងការជួយអប់រំកូនៗ អំពីបញ្ហាសុខភាពនេះ ជាពិសេសនៅក្នុងអំឡុងពេលដែលពួកគេឈានដល់អាយុពេញវ័យ។ លោកនិយាយថា “ជាមួយនឹងចំណេះដឹង យុវតីរបស់យើងនឹងអាចបង្ការការចម្លងមេរោគមួយចំនួន ក៏ដូចជាចៀសវាងបាន នូវការមានកូនដោយចៃដន្យផងដែរ”។
យុវតីជាច្រើនបាននិយាយអំពីកង្វះខាត នៅក្នុងទំនាក់ទំនង និងការសន្ទនា រវាងម្តាយ និងកូន អំពីប្រធានបទដ៏រសើបមួយនេះ។ ប៉ុន្តែពួកគេបានទទួលស្គាល់ថា ការជួយអប់រំពីឪពុកម្តាយ ពិតជាមានសារៈសំខាន់សម្រាប់ពួកគេ។
កញ្ញា ឆាយ សាវ័ន្ត អាយុ ១៦ឆ្នាំ ជាសិស្សអនុវិទ្យាល័យបានទទួលការអប់រំពីម្តាយ អំពីសុខ ភាពផ្លូវ និងការថែទាំសុខភាពរាងកាយបានយ៉ាងល្អប្រសើរ។
នាងបាននិយាយថា “ម្តាយរបស់ខ្ញុំ បានពន្យល់ប្រាប់ខ្ញុំពីការថែទាំសុខភាពផ្លូវភេទ របៀបអនាម័យខ្លួនប្រាណ និងការសម្អាតប្រដាប់បន្តពូជនៅពេលមករដូវ ដល់នាងខ្ញុំ ដើម្បីជៀសវាងមានរោគស្ត្រីផ្សេងៗ”។
ឆាយ សាវ័ន្ត បានបន្តថា “ខ្ញុំបានយល់ពីបញ្ហាច្បាស់លាស់ ធ្វើឲ្យខ្ញុំមានសុខភាពល្អ លើសពីនេះទៅទៀត ខ្ញុំបានពន្យល់ប្រាប់រឿងនេះខ្លះៗ ដល់មិត្តភក្តិខ្ញុំទៀតផង។ តែជាលើកដំបូង ខ្ញុំក៏មានការអៀនខ្មាសបន្តិបន្តួចដែរ”។
ដោយឡែក សួន គីមលី ជានិស្សិតស្រីម្នាក់ ក៏បានយល់ច្បោលៗ ពីបញ្ហាសុខភាពបន្តពូជ និងការថែរក្សាសុខភាពផ្លូវភេទនេះ តាមរយៈការអានសៀវភៅ ទស្សនាវដ្តី និងមើលទូរទស្សន៍ ដែលបានផ្សព្វផ្សាយអប់រំអំពីរឿងនេះ។ រីឯម្តាយរបស់កញ្ញា ក៏ពុំបានប្រាប់អំពីរឿងនេះ ដល់កញ្ញាឲ្យបានច្បាស់លាស់នោះដែរ។
កញ្ញា សួន គីមលី បាននិយាយថា “ខ្ញុំនៅមានការស្រពេចស្រពិលចំពោះរឿងនេះដែរ ព្រោះម្តាយរបស់ខ្ញុំក៏ពុំសូវបានប្រាប់អំពីរឿងនេះដល់ខ្ញុំឡើយ ទោះបីជាម្តាយបានប្រាប់ខ្ញុំ ក៏ពុំស៊ីជម្រៅអ្វីដែរ គ្រាន់តែបានដឹងពីការមករដូវ និងរបៀបអនាម័យតិចតួចតែប៉ុណ្ណោះ”។
យុវតី ឬកូនស្រីភាគច្រើន ពុំបានយល់ច្បាស់នៅកន្លែងមួយចំនួន ដូចជាការបង្កកំណើត ឬការបន្តពូជ ដែលនាំឲ្យមានកូនដោយចៃដន្យជាដើម ។ យ៉ាងដូច្នេះហើយ ទើបម្តាយមានតួនាទីសំខាន់ណាស់ ក្នុងការផ្តល់ប្រឹក្សាដំបូងដល់កូនស្រី អំពីការបន្តពូជ ក៏ដូចជាការថែទាំសុខភាពផ្លូវភេទ៕ SK
