រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច តម្រូវឲ្យ​ក្រុមហ៊ុន តៃយ៉ាង ទទួលយក​កម្មករ ឲ្យចូល​ធ្វើការ​ក្នុង​រោងចក្រ​ឡើងវិញ​

ភ្នំពេញ: លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​ជា​ប្រធាន​គណៈ​កម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់​មុខសញ្ញា បាន​សរសេរ​លិខិត​ជម្រាប​ជូន​លោក​នាយក​ក្រុមហ៊ុន តៃយ៉ាង អ៊ី​ន​ធើ​ប្រាយ ក្នុង​កម្មវត្ថុ ស្តីពីការទទួលយក​កម្មករ កម្មការិនី ឲ្យបាន​ចូល​បម្រើ​ការងារក្នុង​រោងចក្រ​ឡើងវិញ​។​

ថ្ងៃទី 21 សីហា 2012
ដោយ: សុខ ភក្តី
CEN

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​លើក​ឡើង​​ថា “​ខ្ញុំ​សូម​ជម្រាបជូន​លោក​នាយក​ក្រុមហ៊ុន​រោងចក្រ តៃ យ៉ាង អ៊ី​ន​ធើ​ប្រាយ ជ្រាបថា បាតុកម្ម​របស់​កម្មក​រ ដែល​បាន​កើតឡើងនៅ​រោងចក្រ​របស់​លោក ស្ថិតនៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ចាប់ពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១២ បានអូសបន្លាយ​មាន​រយៈពេល​ជាង​ពីរ​ខែ​មក​ហើយ​។ មកដល់ពេលនេះ យើង​ឃើញថា កម្មករ​ជា​ច្រើន​បាន​ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ​វិញ​ហើយ នៅសល់​កម្មករ កម្មការិនី ចំនួន ៣៧ នាក់ បន្ត​ធ្វើ​កូដកម្មនៅ​មុខ​រោងចក្រ​បន្តទៀត និង​មាន​ចំនួន ប្រមាណ ២០០ នាក់មិនទាន់​វិល​មក​វិញ​”​។​

​លិខិត​ដដែល បាន​លើកឡើង​ថា “នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ កន្លងមកនេះ កម្មករ​ទាំងនោះបាន​មក​ប្រមូលផ្តុំ​គ្នានៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​​ម្តងទៀត ដោយ​មាន​បំណង​ស្នើ​ឲ្យ​ក្រសួង​ជួយ​ស្នើសុំ​ការសម្រួល​ឲ្យ​រោងចក្រ ទទួល​ពួកគាត់ចូលធ្វើការ​វិញ​។ ដើម្បី​រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ហើយ​​បញ្ចប់​នូវ​ភាព​រ៉ាំរ៉ៃ នៃ​ការធ្វើ​កូដកម្ម បាតុកម្មនេះ​តទៅទៀត ខ្ញុំ​សូម​ស្នើ​ឲ្យ​លោក​នាយក​ក្រុមហ៊ុន តៃយ៉ាង អ៊ី​ន​ធើ​ប្រាយ ទទួលយក​កម្មក​ររ​បស់​លោក ឲ្យបាន​ចូលធ្វើការ​វិញ​គ្រប់ៗ​គ្នា​”​។​

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ក៏​បង្ហាញ​ក្តីសង្ឃឹម​ជឿជាក់ថា ក្រុមហ៊ុន តៃយ៉ាង នឹង​យោគយល់​នូវ​បញ្ហាដែល​កើត​មាន​រវាង​កម្មករ និង​រោងចក្រកន្លងមក​។​

​លិខិត​របស់​លោក​រដ្ឋ​មន្ត្រី អ៊ិត សំហេង ខាងលើនេះ ត្រូវបាន​សហជីព​កម្ម​ករ​របស់លោក រ៉ុង ឈុន ផ្សព្វផ្សាយដល់​អ្នកកាសែត នា​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១២​។ សហជីព​របស់លោក រ៉ុង ឈុន បាន​ដឹកនាំ​កម្មករ នៅ​រោងចក្រ តៃយ៉ាង ធ្វើការ​តវ៉ា និង​ដាក់​ញត្តិទៅកាន់​ស្ថានទូត​អាមេរិក ក្នុង​រយៈពេល​កន្លងមក​៕​ S

What Next?

Recent Articles