កម្មករ​រោងចក្រ​អ៊ឹម.វ៉េ​ នៅ​កំពង់ឆ្នាំង​​​ ដួល​សន្លប់​​លើក​ទី​៣

កម្មការិនី​ប្រមាណ​ ៣០​នាក់ នៃ​រោងចក្រ ​អ៊ឹម.វ៉េ នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា បាន​សន្លប់​បន្ត​បន្ទាប់​ជា​លើក​ទី៣ ក្នុង​ខែ​សីហា ឆ្នាំ​២០១២ នេះ។

ដោយ មណ្ឌល កែវ
2012-08-21
​វិទ្យុ​អាស៊ីសេរី

កម្មករ​រោងចក្រ អ៊ឹម.វ៉េ ដែល​ដួល​សន្លប់ ត្រូវ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១២។

កម្មករ​រោងចក្រ អ៊ឹម.វ៉េ ដែល​ដួល​សន្លប់ ត្រូវ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១២។
RFA/Mondulkeo

កម្មការិនី​ឈ្មោះ មុំ សុថេន ធ្វើ​ការ​នៅ​អគារ​អ៊ិល (L) ផ្នែក​ប៉ះ​មុខ​អាវ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ហិត​ក្លិន​ក្រណាត់ ដែល​ខាង​រោងចក្រ​បាន​យក​មក​ឲ្យ​ខាង​ផ្នែក​ប៉ះ​មុខ​ធ្វើ​ការ​កាត់​ព្រុយ​ចេញ នាង​ទទួល​អារម្មណ៍​វិល​មុខ ធីងធោង និង​ណែន​ទ្រូង តែ​នាង​នៅ​អាច​ទ្រាំ​បាន។ ប៉ុន្តែ បន្ទាប់​ពី​នាង​ឃើញ​មិត្តភក្ដិ​រួម​ការងារ​ក្នុង​បន្ទប់ ចាប់​ផ្ដើម​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ ស្រាប់​តែ​នាង​ចាប់​ផ្ដើម​ងងឹត​មុខ ហើយ​សន្លប់​តែ​ម្ដង៖ «គេ​យក​អាវ​ហ្នឹង​មក​ប៉ះ​មុខ​អ៊ីចឹង ពេល​ខ្ញុំ​យក​មក​ធ្វើ ក្លិន​អាវ​ហ្នឹង​ក៏​ចេញ​មក ខ្ញុំ​ក៏​ពុល​ក្លិន​អាវ​ហ្នឹង។ ណា​មួយ ខ្ញុំ​ថប់​ដង្ហើម​ផង ព្រោះ​ខ្ញុំ​ឃើញ​គេ​សន្លប់​ច្រើន​ពេក»

ប្រភព​ពី​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា មាន​កម្មការិនី​២៣​នាក់ ត្រូវ​បាន​ខាង​រោងចក្រ​អ៊ឹម.វ៉េ ដឹក​មក​កាន់​មន្ទីរ​ពេទ្យ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ សីហា ក៏​មាន​កម្មការិនី​៥​នាក់ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ។

ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង វេជ្ជ​បណ្ឌិត សូរិន្ទី រ៉ាវុឌ្ឍី មាន​ប្រសាសន៍​ថា តាម​ការ​ពិនិត្យ ពុំ​មាន​កម្មការិនី​ណា​ម្នាក់​មាន​អាការ​ធ្ងន់ធ្ងរ​ទេ។ លោក​ថា បន្ទាប់​ពី​បញ្ចូល​សេរ៉ូម និង​សម្រាក​ប្រមាណ​៣​ទៅ​៤​ម៉ោង​ក្រោយ កម្មការិនី​ទាំង​នោះ​ក៏​បាន​ធូរ​ស្រាល ហើយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​អស់​ហើយ៖ «ខ្ញុំ​ព្យាយាម​ស្វែង​រក​អ្នក​ដែល​នាំ​ហេតុ​គេ​នោះ​ដែរ តែ​រក​មិន​ឃើញ ដើម្បី​យើង​ចង់​ដឹង​ពី​មូលហេតុ​ថា តើ​មក​ពី​អ្វី ទើប​គាត់​សន្លប់ តែ​រក​មិន​ឃើញ។ តែ​តាម​ដែល​ខ្ញុំ​ពិនិត្យ​កម្មការិនី​ទាំង​អស់​នោះ​ទៅ ពុំ​ឃើញ​ថា​មាន​នរណា​ម្នាក់​មាន​អាការ​ធ្ងន់ធ្ងរ​ទេ»

ប៉ុន្តែ​ប្រភព​ពី​កម្មករ កម្មការិនី បាន​ឲ្យ​ដឹង​ថា មាន​កម្មការិនី​ប្រមាណ​៣០​នាក់ បាន​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា នេះ។ តែ​ដោយ​កម្មការិនី​ខ្លះ​មាន​លក្ខណៈ​ស្រាល ត្រូវ​បាន​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គេហដ្ឋាន។

ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ស៊ីថា មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​ពុំ​ទាន់​រក​ឃើញ​ហេតុផល​ដែល​នាំ​ឲ្យ​កម្មការិនី​សន្លប់​នោះ​ទេ។ លោក​ថា មន្ទីរ​ការងារ​បាន​ហាម​ភាគី​រោងចក្រ​មិន​ឲ្យ​បង្ខំ​កម្មការិនី​ធ្វើ​ការ​បន្ថែម​ម៉ោង​នោះ​ទេ។

យ៉ាង​នេះ​ក្ដី ប្រធាន​សហជីព​កម្មករ​ប្រចាំ​រោងចក្រ​អ៊ឹម.វ៉េ អ្នកស្រី ជួប សំអុល បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​នាំ​ឲ្យ​កម្មការិនី​សន្លប់​នេះ គឺ​មក​ពី​រោងចក្រ​បង្ខំ​ឲ្យ​កម្មការិនី​ធ្វើ​ការ​បន្ថែម​ម៉ោង​ច្រើន​ពេក៖ «បន្ថែម​ម៉ោង​ពេក ខ្លះ​ត្រូវ​ទៅ​ដល់​ផ្ទះ​ម៉ោង​១​អធ្រាត្រ ទម្រាំ​បាន​ងូត​ទឹក ចូល​គេង​បាន​តែ​២​ឬ​៣​ម៉ោង គាត់​ត្រូវ​ក្រោក​ឡើង​ដាំ​បាយ ដើម្បី​មក​ធ្វើ​ការ​ព្រឹក​វិញ។ ហើយ​នៅ​ថ្ងៃ​សៅរ៍ គាត់​ត្រូវ​ធ្វើ​ការ​មួយ​យប់​ទល់​ភ្លឺ។ ហើយ​របៀប​នេះ​ជាប់​គ្នា​៣​សប្ដាហ៍ នេះ​ហើយ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​សន្លប់»

រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​អ៊ឹម.វ៉េ ខេត្ត​កំពង់ឆ្នាំង ជា​រោងចក្រ​ដែល​មាន​ប្រវត្តិ​នៃ​ការ​ដួល​សន្លប់​កម្មការិនី​ញឹកញាប់​ជាង​គេ ក្នុង​ចំណោម​រោងចក្រ​កាត់​ដេរ​នានា ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១២ កម្មការិនី​ចំនួន​៣៥​នាក់ បាន​ដួល​សន្លប់​ម្ដង​រួច​ហើយ។ កាល​ពី​ឆ្នាំ​២០១១ កម្មការិនី​រោងចក្រ​នេះ ក៏​ធ្លាប់​បាន​ដួល​សន្លប់​ចំនួន​៤​លើក​ដែរ។ ទាំង​៤​លើក​នេះ មាន​កម្មការិនី​ប្រមាណ​៥០០​នាក់ បាន​ដួល​សន្លប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles