លោក អ៊ិត សំហេង បង្គាប់​ឲ្យ​ថៅកែ​រោងចក្រ​តៃណាន ទទួល​កម្មករ​ចូល​ធ្វើ​ការ

ក្រោយ​ពេល​កម្មករ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយៀន (Tai Yean) ទី១ ទី២ និង​ខេមវែល (Camwell) បាន​ធ្វើ​កូដកម្ម​អូស​បន្លាយ​ពេល​ជាង​២ខែ​មក​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច បាន​ស្នើ​ទៅ​ថៅកែ​រោងចក្រ​តៃណាន ឬ​តៃយៀន ឲ្យ​ទទួល​យក​កម្មករ​របស់​ខ្លួន​ជាង​២០០​នាក់ ចូល​ធ្វើ​ការ​វិញ។

ដោយ ដែន អយុធ្យា
2012-08-21
​វិទ្យុ​អាស៊ីសេរី

ក្រុម​សមត្ថកិច្ច​ឈរ​ត្រៀម​បង្ក្រាប​ការ​តវ៉ា​បិទ​ផ្លូវ​របស់​កម្មករ​រោងចក្រ​តៃណាន នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១២។

ក្រុម​សមត្ថកិច្ច​ឈរ​ត្រៀម​បង្ក្រាប​ការ​តវ៉ា​បិទ​ផ្លូវ​របស់​កម្មករ​រោងចក្រ​តៃណាន នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១២។
RFA/Morm Moniroth

សេចក្តី​បង្គាប់​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២ ហើយ​ទើប​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា។

ទាក់​ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​តៃណាន បាន​មក​ប្រមូល​ផ្តុំ​គ្នា នៅ​ក្រសួង​សង្គម​កិច្ច ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ទទួល​យក​ពួក​គេ​ចូល​រួម​ធ្វើ​ការ និង​ស្នើ​ដក​ពាក្យ​បណ្ដឹង​កម្មករ​ជិត​៤០​នាក់ ពី​តុលាការ ដែល​ថៅកែ​បាន​ប្ដឹង​ក្នុង​អំឡុង​ពេល​ចូល​រួម​ធ្វើ​កូដកម្ម។

លោក អ៊ិត សំហេង បាន​សង្កត់​ធ្ងន់​ក្នុង​លិខិត​ថា ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​បញ្ចប់​ការ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម របស់​កម្មករ​រោងចក្រ​តៃណាន ត​ទៅ​ទៀត លោក​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​បាន​ចូល​ធ្វើ​ឲ្យ​បាន​គ្រប់​គ្នា​វិញ។

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក​បាន​ចាត់​ទុក​ការ​ចេញ​លិខិត​បង្គាប់​របស់​លោក អ៊ិត សំហេង ថា មិន​ទាន់​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​របស់​ក្រុម​កម្មករ​ទេ។

លោក​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ជួយ​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​តៃណាន ត្រូវ​តែ​ដោះស្រាយ​សំណង​ឲ្យ​ស្រប​តាម​ច្បាប់​ស្ដីពី​ការងារ​ជូន​កម្មករ ក្នុង​ករណី​ថៅកែ​ក្រុមហ៊ុន​បាន​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន ហើយ​គេច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​កម្មករ។

លោក រ៉ុង ឈុន៖ «យើង​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួង​ការងារ ក្រសួង​សង្គម​កិច្ច ក៏​ដូច​ជា​អ្នក​កុម្ម៉ង់​ទិញ ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ ហើយ​ជំរុញ​ធ្វើ​យ៉ាង​ណា ដើម្បី​ផ្តល់​ដំណោះ​ស្រាយ​ជូន​បង​ប្អូន​កម្មករ​កម្មការិនី ទៅ​តាម​ផ្លូវ​ច្បាប់​ជូន​ពួក​គាត់។ ពីព្រោះ​រោងចក្រ​នេះ បើ​យើង​ពិនិត្យ​រាល់​ឯកសារ ឃើញ​ថា រោងចក្រ​នេះ​បាន​ប្ដូរ​ឈ្មោះ ហើយ​មិន​បាន​ជូន​ដំណឹង​ដល់​កម្មករ។ ត្រង់​ចំណុច​នេះ​ហើយ ដែល​ជា​កំហុស​របស់​និយោជក និយោជក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

កម្មករ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយៀន ទី១ ទី២ និង​ខេមវែល មាន​ទីតាំង​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ធ្វើ​កូដកម្ម​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ មក​ម្ល៉េះ។ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា មិន​ទាន់​មាន​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ទេ។

ទោះ​យ៉ាង​ណា លោក អ៊ូ ម៉េងហ៊ួរ អគ្គនាយក​ក្រុមហ៊ុន​តៃណាន ឬ​តៃយៀន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​បាន​អនុវត្ត​តាម​លិខិត​បង្គាប់​ការ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ហើយ។ លោក​អះអាង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ មាន​កម្មករ​តិច​តួច​ទេ ក្នុង​ចំណោម​កម្មករ​ជាង​៤ពាន់​នាក់ បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​លោក បាន​ព្រម​ទទួល​យក​សំណង​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ចំនួន​៧០​ដុល្លារ សម្រាប់​កម្មករ​ម្នាក់​ក្នុង​១​ឆ្នាំ។

លោក​បន្ត​ថា ដោយ​សារ​តែ​កម្មករ​បាន​ធ្វើ​កូដកម្ម ក្រុមហ៊ុន​លោក​ត្រូវ​ប្រកាស​បិទ​ទ្វារ​ចាប់​ពី​ខែ​សីហា នេះ​ត​ទៅ ព្រោះ​គ្មាន​អ្នក​កុម្ម៉ង់​ទិញ​ផលិត​ផល​សម្លៀកបំពាក់​ពី​ក្រុមហ៊ុន​លោក​ទៀត​ទេ ហើយ​កម្មករ​ជាង​៤ពាន់​នាក់ ក៏​ត្រូវ​បាត់​បង់​ការងារ​ធ្វើ៖ «យើង​យក​លុយ​បាន​៩៨% សម្រាប់​កម្មករ​សរុប​៤.៥០០​នាក់ នៅ​សល់​តែ​២%​ទៀត​ទេ ដែល​មិន​ទាន់​យក គឺ​ស្មើ​កម្មករ​ចំនួន​៩០​នាក់។ ក្នុង​ចំណោម​៩០​នាក់​ហ្នឹង មាន​កម្មករ​ខ្លះ​គេ​ទៅ​ធ្វើ​ស្រែ​អស់​ហើយ មាន​ខ្លះ​ទៅ​ធ្វើ​ការ​រោងចក្រ​ផ្សេង ដែល​ពួក​គេ​ឈប់​អត់​មាន​ដំណឹង»

កម្មករ​កម្មការិនី​រោងចក្រ​តៃណាន ឬ​តៃយៀន ទី១ ទី២ និង​ខេមវែល បាន​ធ្វើ​កូដកម្ម​ទារ​ឲ្យ​ភាគី​និយោជក ឬ​ថៅកែ​ក្រុមហ៊ុន ផ្តល់​ប្រាក់​អត្ថប្រយោជន៍​តាម​ច្បាប់​ស្ដីពី​ការងារ​លើ​៥​ចំណុច ឬ​ស្នើ​១៧០​ដុល្លារ​អាមេរិក ក្នុង​១ឆ្នាំ សម្រាប់​កម្មករ​ម្នាក់ និង​សុំ​ឲ្យ​និយោជក​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​យ៉ាង​តិច ចំនួន​១៣៥​ដុល្លារ ក្នុង​១ឆ្នាំ សម្រាប់​កម្មករ​ម្នាក់។

កូដកម្ម​នេះ ក្រុម​កម្មករ​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូលៗ នៃ​រាជ​រដ្ឋាភិបាល មាន​ក្រសួង​ការងារ ក្រសួង​សង្គម​កិច្ច ខុទ្ទកាល័យ​ប្រមុខ​ដឹកនាំ ស្ថានទូត​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប មាន​សហរដ្ឋអាមេរិក​ជាដើម ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពួក​គេ ប៉ុន្តែ​ពួក​គេ​អះអាង​ថា ខាង​ភាគី​ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ​ជូន​កម្មករ​ទេ ទើប​កម្មករ​បន្ត​ធ្វើ​កូដកម្ម​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles