ភ្នំពេញៈ នៅទីបំផុតប្រិយមិត្តនឹងបានឃើញមុខបេក្ខជនជម្រុះវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ៥០នាក់ ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍រៀបចំដោយ Hiruscar និង Cambodia Fashion Week។

បេក្ខជន បេក្ខនារីជាតិ និងអន្តរជាតិក្នុងចំណោម៥០នាក់ ដែលចូលរួមក្នុងវគ្គប្រកួតដើរម៉ូដពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Thursday, 23 August 2012
ឈឹម ស្រីនាង
ភ្នំពេញ ប៉ុស្តិ៍
បេក្ខជន បេក្ខនារីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះត្រូវបានជ្រើសរើសដោយ គណៈកម្មការរួមមានអ្នកអង្គម្ចាស់ សោមា នរោត្តម តារាចម្រៀង ណុប បាយ៉ារិទ្ធិ និងតារាចម្រៀង ឈិត សុវណ្ណបញ្ញា ជាដើម។
ម្ចាស់ជ័យលាភីពីការប្រកួតនឹងទទួលបានប្រាក់រង្វាន់១០០០ដុល្លារពី Hiruscar និងផលិតផលថែរក្សាសម្ផស្ស បំបាត់សម្្លាក និងកោសិកាខូចជាច្រើនមុខដែលមានប្រភពពីប្រទេសស្វ៊ីស។
ផលិតផល Hiruscar និង Cambodia Fashion Week ដែលជាអ្នករៀបចំកម្មវិធីនេះ បានពាំនាំនូវវត្តមានតារាម៉ូដែលជាតិ និងអន្តរជាតិ ក្នុងគោលបំណងផ្សារភ្ជាប់វិស័យម៉ូដសម្លៀកបំពាក់ និងវិស័យសម្ផស្ស ក៏ដូចជាបើកទំព័រប្រវត្តិសាស្ត្រថ្មីជាមួយនឹងទស្សនៈថា «តារាម៉ូដែលដែលស្រស់ស្អាតក៏អាចមានស្នាមសម្លាកបានដែរ»។ ការជ្រើសរើសតារាម៉ូដែលលើកនេះមិនរឹតបន្តឹងទៅលើការមានសម្លាក ឬក៏អត់នោះទេ សំខាន់ឲ្យតែពួកគេមានសមត្ថភាព។ បេក្ខជន បេក្ខនារីជម្រុះវគ្គផ្ដាច់ព្រ័ត្រ១០នាក់នឹងមានឱកាសគ្រងនូវ សម្លៀកបំពាក់ស្នាដៃពីអ្នករចនាម៉ូដល្បីៗ និងបានដើរលើឆាកបង្ហាញម៉ូដ Cambodia Fashion Week នៅខែធ្នូខាងមុខនេះ។ ទន្ទឹមនឹងនោះ អ្នកឈ្នះវគ្គផ្ដាច់ព្រ័ត្រនឹងក្លាយជាតារាម៉ូដែលប្រចាំផលិតផល Hiruscar។
នៅថ្ងៃទី២៥ ខែសីហាខាងមុខនេះ ប្រិយមិត្តអាចចូលរួមទស្សនា និងថតរូបជាមួយតារាម៉ូដែលសំណព្វរបស់ខ្លួន នៅរោងកុនលេជិន ស៊ីណេម៉ា។ ក្រៅពីការដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រណីតៗ នាថ្ងៃនោះផងដែរ ក៏មានកម្មវិធីបង្ហាញក្បាច់រាំដ៏អស្ចារ្យផងដែរ។
សម្រាប់សំបុត្រចូលទស្សនាគឺមានលក់នៅបណ្ដាឱសថស្ថាន និងស្ដង់តំណាងលក់ផលិតផល Hiruscar។ ប្រិយមិត្តក៏អាចជាវជាកញ្ចប់តម្លៃ ១៥,៩៥ដុល្លារ ជាមួយនឹងសំបុត្រចូលទស្សនា Cambodia Fashion Week ដែលជម្រើសនេះផ្ដល់ជូនតែនៅហាងអ៊ុតសក់ Dollhouse និង Keokjay ប៊ូទិកប៉ុណ្ណោះ៕