ក្រសួង​ទេសចរណ៍​និង World Vision បន្ត​គម្រោង​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ នៃ​ប្រទេស​កម្ពុជា និង​ប្រធាន​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ ដើម្បី​បន្ត​គម្រោង​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ រយៈពេល​៤ឆ្នាំ។

ដោយ សុខ សេរី
2012-08-22
​វិទ្យុ​អាស៊ីសេរី

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ហោ សារ៉ុន (ស្ដាំ) ចុះ​ហត្ថលេខា​លើ​អនុសារណៈ​ជាមួយ​នាយក​នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) លោក ជេស៊ិន អ៊ីវ៉ាន់ (Jason Evans) (ឆ្វេង) ដើម្បី​ប្រឆាំង​ការ​កេងប្រវ័ញ្ច​លើ​កុមារ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ហោ សារ៉ុន (ស្ដាំ) ចុះ​ហត្ថលេខា​លើ​អនុសារណៈ​ជាមួយ​នាយក​នៃ​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) លោក ជេស៊ិន អ៊ីវ៉ាន់ (Jason Evans) (ឆ្វេង) ដើម្បី​ប្រឆាំង​ការ​កេងប្រវ័ញ្ច​លើ​កុមារ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

គម្រោង​សំខាន់​នេះ គឺ​ដើម្បី​ធានា​ថា កុមារ​កម្ពុជា​មាន​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​គ្រា​ភ្ញៀវ​ទេសចរ​បរទេស បាន​មក​ទស្សនា​កម្ពុជា ជា​ពិសេស ប្រាសាទ​អង្គរវត្ត បាន​កើន​ដល់​ចំនួន​ជាង​២លាន​៨សែន​នាក់ នៅ​ឆ្នាំ​២០១១ កន្លង​មក​នេះ។

គម្រោង​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ​នោះ គឺ​មាន​តម្លៃ​សរុប​៧លាន​៥សែន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៤ឆ្នាំ សម្រាប់​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ថៃ នៅ​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ។ ថវិកា​នេះ បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​អូស្ត្រាលី សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ អូសអេដ (Aus-Aid)។

រដ្ឋលេខាធិការ​នៃ​ក្រសួង​ទេសចរណ៍ លោក ហោ សារ៉ុន និង​ជា​ប្រធាន​គណៈកម្មការ​ដើម្បី​សុវត្ថិភាព​កុមារ នៅ​ក្នុង​វិស័យ​ទេសចរណ៍ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ ថា ប្រទេស​កម្ពុជា បាន​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​នេះ នៅ​ខែ​តុលា ឆ្នាំ​២០១១ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៤៖ «បាទ! នៅ​ក្នុង​នេះ គម្រោង​យើង​ហៅ​គម្រោង​កុមារ​ភាព ផ្នែក​បង្ការ។ ផ្នែក​បង្ការ​យើង​ធ្វើ​ការ​ចំពោះ​បង្ការ ដោយ​យើង​មាន​គណៈកម្មការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​យើង​ប្រកាន់​យក​វិធានការ​ពីរ​ជា​ចម្បង គឺ​វិធានការ​អប់រំ និង​រដ្ឋបាល»

ក្រសួង​ទេសចរណ៍​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ តាំង​ពី​ឆ្នាំ​២០០១ កន្លង​មក ដោយ​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ដើម្បី​សុវត្ថិភាព​កុមារ នៅ​ក្នុង​វិស័យ​ទេសចរណ៍។

វិធានការ​ក្នុង​ការ​បង្ការ និង​បង្ក្រាប​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​នោះ មាន​ដូច​ជា ការ​ប្រមូល​ព័ត៌មាន ការ​តាម​ដាន​ស៊ើប​អង្កេត​ជន​សង្ស័យ និង​ការ​ផ្តល់​ព័ត៌មាន​ជា​បន្ទាន់​មក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ខេត្ត​ព្រះសីហនុ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​ហៅ​មក​ទូរស័ព្ទ​លេខ​ពិសេស ១២៨០ ពី​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ។

ប្រធាន​អង្គការ​ទស្សនៈ​ពិភពលោក លោក ជេស៊ិន អ៊ីវ៉ាន់ (Jason Evans) បាន​មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​ខាង​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​នាំ​មក​នូវ​ប្រាក់​ចំណូល និង​កំណើន​សេដ្ឋកិច្ច សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ប៉ុន្តែ​យើង​មាន​ភារកិច្ច​បង្ការ ដើម្បី​ធានា​ថា កុមារ​កម្ពុជា មាន​សុវត្ថិភាព​ពី​ការ​ជួញដូរ​ផ្លូវ​ភេទ៖ «យើង​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ការពារ​កុមារ។ នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង នៅ​តាម​លំដាប់ ដូច​ជា សហគមន៍ មូលដ្ឋាន ថ្នាក់​រដ្ឋាភិបាល និង​កម្រិត​អន្តរជាតិ ជាដើម»

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ ចេញ​ផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ដោយ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​ឲ្យ​ដឹង​ថា ក្រុម​នគរបាល​បាន​ល្បាត និង​ឃ្លាំ​មើល​សកម្មភាព​សញ្ចរកម្ម​ចំនួន​៤៥៧​គោលដៅ និង​ចាប់​ខ្លួន​ជន​សង្ស័យ​ជាច្រើន​នាក់។

ទាក់​ទង​នឹង​ការ​បង្ក្រាប​អំពើ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​នេះ​ដែរ នគរបាល​ជាតិ​កម្ពុជា បាន​ចាប់​ខ្លួន និង​បណ្ដេញ​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ អាឡិចសាន់ដ៏ ត្រូហ្វីមូហ្វ (Alexander Trofimov) ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ក្រោម​បទ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​កម្ពុជា។

ជនជាតិ​រុស្ស៊ី​នោះ ធ្លាប់​ត្រូវ​បាន​តុលាការ​កម្ពុជា បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​១៧ឆ្នាំ ក្រោម​បទ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ​អាយុ​រវាង​១១ឆ្នាំ​ទៅ​១២ឆ្នាំ កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles