ក្លឹបអ្នកកាសែតកម្ពុជាបានរៀបចំតុមូលមួយនៅថ្ងៃពុធនេះ ស្តីពីដំណើរឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។ ជាតុមូលដែលត្រូវបានរៀបចំឡើងដើម្បីជំរុញការយល់ដឹងរបស់អ្នកកាសែតក្នុងនាមជាអ្នកផ្សព្វផ្សាយ និងការអប់រំ។ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើអោយអ្នកសារព័ត៌មានបង្កើតសមត្ថភាពរបស់ខ្លួន ដើម្បីដើរតួនាទីអោយរឹតតែសំខាន់នៅពេលដែលអាស៊ានបើកចំហព្រំដែនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៥។
ថ្ងៃ ពុធ 22 សីហា 2012
ដោយ លាង ដឺលុច
RFI
បញ្ហាជាច្រើននឹងលេចឡើងបន្ទាប់ពីព្រំដែនសេដ្ឋកិច្ចអាស៊ាន ឬសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងចាប់ផ្តើមនៅឆ្នាំ២០១៥។ នៅពេលនោះហើយដែលអ្នកកាសែតកម្ពុជាត្រូវមានសមត្ថភាព និងភាពចាស់ទុំគ្រប់គ្រាន់ដើម្បីដើរតួនាទីក្នុងការពន្យល់ពលរដ្ឋកម្ពុជាអំពីបញ្ហានីមួយៗនោះ។ នេះជាប្រសាសន៍របស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងកិច្ចប្រជុំតុមូលមួយស្តីពីឱកាស និងភាពប្រឈមរបស់កម្ពុជានៅសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។
នៅក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ តំណាងមូលនិធិខុនរ៉ាដដែលជាអ្នកឧបត្ថម្ភកិច្ចប្រជុំតុមូលនេះក៏បានលើកឡើងអំពីបញ្ហានានាដែលធ្លាប់ និងកំពុងកើតមាននៅក្នុងសហភាពអឺរ៉ុបផងដែរ។ បញ្ហាលំហូរកំលាំងពលកម្ម បញ្ហាជាតិនិយម និងភាពខុសគ្នានៃកម្រិតអប់រំ ទាំងនេះគឺជាអ្វីដែលសហភាពអឺរ៉ុបបាន និងកំពុងជួបប្រទះ។
សម្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បញ្ហាទាំងនេះនឹងអាចកើតមានដូចគ្នាដែរចាប់ពីឆ្នាំ២០១៥នៅក្នុងអាស៊ាន។ ជាពិសេសគឺលំហូរនៃកំលាំងពលកម្មដែលជំរុញអោយមានបញ្ហាជាតិនិយម និងបញ្ហាអន្តោប្រវេសន៍ដែលនឹងក្លាយទៅជាប្រធានបទរបស់អ្នកនយោបាយ។ បញ្ហាទាំងអស់នេះហើយ ចំពោះលោកខៀវ កាញារីទ្ធ ដែលត្រូវអោយអ្នកកាសែតមានសមត្ថភាពខ្ពស់ដើម្បីអាចស្វែងយល់អំពីបញ្ហា និងអាចពន្យល់បកស្រាយបញ្ហាទាំងនេះបាន។
លោកខៀវ កាញ្ញារីទ្ធបានលើកឧទាហរណ៍ជាក់ស្តែងបច្ចុប្បន្នទាក់ទងនឹងការមិនអាចចេញសេចក្តីប្រកាសរួមនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា។ រដ្ឋមន្ត្រីព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ថា នៅពេលដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ដោយសារតែកម្ពុជាមិនព្រមដាក់បញ្ចូលជម្លោះសមុទ្រចិនខាងត្បូង ចូលទៅក្នុងសេចក្តីថ្លែងការណ៍នោះ សារព័ត៌មានហ្វីលីពីនបានវាយប្រហាររដ្ឋាភិបាលកម្ពុជា និងចោទកម្ពុជាថា រណបនឹងចិនទៅវិញ។ ហើយថា លោកមិនបានឃើញសារព័ត៌មានរបស់កម្ពុជានិយាយច្រើនអំពីបញ្ហានេះ ហើយដែលតាមការពិត ការមិនដាក់បញ្ចូលចំនុចណាមួយចូលទៅក្នុងសេចក្តីថ្លែងការណ៍ ដោយសារគ្មានការព្រមព្រៀងគ្នានោះ គឺជាគោលការណ៍របស់អាស៊ាន។
ជាចុងក្រោយ ការពង្រឹងសមត្ថភាពភាសាអង់គ្លេស និងការធ្វើសហប្រតិបត្តិការជាមួយអ្នកកាសែតនៃប្រទេសក្នុងតំបន់ ត្រូវបានលើកទឹកចិត្តនិងជំរុញដោយលោកខៀវ កាញារីទ្ធ៕
—————————————-


