ជនជាតិចាម ឬខ្មែរអ៊ីស្លាមជាង ៣០គ្រួសារ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ តវ៉ាចំពោះតំណាងក្រុមហ៊ុនសំណាងអង្គរ ខណៈដែលក្រុមហ៊ុននេះបានយកត្រាក់ទ័រមកឈូសឆាយដីចំការអ្នកភូមិ។
ដោយ ទេព សុរ៉ាវី
2012-08-22
វិទ្យុអាស៊ីសេរី
ជនជាតិចាម ឬខ្មែរអ៊ីស្លាម អ្នកស្រី រួន ឡាម៉ាស់ រស់នៅក្នុងឃុំ២ធ្នូ ឲ្យដឹងនៅថ្ងៃទី២១ ខែសីហា ថា តំណាងក្រុមហ៊ុនសំណាងអង្គរ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល បានឈូសឆាយលើដីចំការអ្នកភូមិទំហំ ២ហិកតារ និងបានដាំកូនកៅស៊ូភ្លាមៗ ដើម្បីលុបបំបាត់ភស្តុតាង និងថាដីទាំងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។
អ្នកស្រីបន្តថា ក្រុមហ៊ុនបានយកត្រាក់ទ័រចំនួន ២គ្រឿង ទៅឈូសបំផ្លាញចំការដំឡូងមីរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែសីហា និងបានដាំកូនកៅស៊ូទាំងយប់។ លុះព្រឹកឡើងថ្ងៃទី២១ ខែសីហា ក្រុមហ៊ុនបានយកត្រាក់ទ័រមួយគ្រឿង និងកម្មករជាជនជាតិវៀតណាម ២០ ទៅ ៣០នាក់ ទៅបន្តដាំកូនកៅស៊ូដែលនៅសេសសល់កាលពីយប់៖ «គេភ្ជួរភ្លាមហើយគេខួងភ្លាមហើយគេដាក់អាចម៍គោ ដាក់អាចម៍គោហើយគេដាក់ដាំទាំងយប់តែម្ដង។ គេមកប្លន់តែម្ដង»។
អ្នកស្រីបន្តថា អ្នកភូមិជាច្រើននាក់បានរារាំងក្រុមហ៊ុន កាលពីថ្ងៃទី២១ ខែសីហា មិនឲ្យដាំកូនកៅស៊ូលើដីអ្នកភូមិទេ ហើយស្នើសុំឲ្យក្រុមហ៊ុនរង់ចាំក្រុមនិស្សិតចុះមកវាស់វែងដីធ្លីតាមបទបញ្ជា ០០១ របស់រដ្ឋាភិបាលសិន។
ជនជាតិចាមម្នាក់ទៀត លោក ម៉ាត់ សៀក ឲ្យដឹងថា អ្នកភូមិជនជាតិចាម និងខ្មែរជាង ៣០គ្រួសារ ដែលក្នុងមួយគ្រួសារមានដី ២ ទៅ ៣ហិកតារ កំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសំណាងអង្គរ។
អ្នកភូមិបារម្ភខ្លាចក្រុមហ៊ុន បន្តឈូសបំផ្លាញដំណាំដំឡូងរបស់ពួកគាត់ ដូចដែលក្រុមហ៊ុនបានធ្វើទៅលើដីចំការរបស់អ្នកស្រី រួន ឡាម៉ាស់ ទើបពួកគាត់រួមគ្នាជួយទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុន។ តែការរារាំងរបស់អ្នកភូមិមិនបានជោគជ័យនោះទេ ហើយក្រុមហ៊ុននៅតែបន្តដាំកូនកៅស៊ូលើដីចំការអ្នកភូមិដដែល។
លោក ម៉ាត់ សៀក៖ «ប្រជាពលរដ្ឋយើងបានទៅជួយទប់ស្កាត់ខាងគេឈូសឆាយ ប៉ុន្តែពេលប្រជាពលរដ្ឋចេញផុត គេនៅដាំដដែល។ និយាយឲ្យចំខាងអាជ្ញាធរគេ គេត្រូវរ៉ូវតែខាងក្រុមហ៊ុន ហើយប្រជាពលរដ្ឋមិនសូវជួយជ្រោមជ្រែងផង»។
មេឃុំ២ធ្នូ លោក ប៉ឹង វិន ឲ្យដឹងថា ក្រុមហ៊ុនសំណាងអង្គរ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជិត ១ម៉ឺនហិកតារ។ លោកបដិសេធថា មិនបានដឹងពីការឈូសឆាយដីចំការរបស់អ្នកភូមិនៅថ្ងៃទី២១ ខែសីហា នេះឡើយ តែលោកនឹងធ្វើការស៊ើបអង្កេតនៅថ្ងៃស្អែក ព្រោះថ្ងៃនេះលោកជាប់រវល់។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្ដើមឈូសឆាយដីអ្នកភូមិកាលពីឆ្នាំមុនរហូតមានទំនាស់ចាប់តំណាងអ្នកភូមិ និងគំរាមអ្នកភូមិទៀត ប្រសិនបើនៅតែតវ៉ាប្រឆាំងជាមួយក្រុមហ៊ុន។ ដោយខ្លាចការគំរាម អ្នកភូមិនិងក្រុមហ៊ុនបានព្រមព្រៀងគ្នាផ្ទេរដីដោយមានលិខិតស្នាមត្រឹមត្រូវ។ក្រុមហ៊ុនបានផ្លាស់ប្ដូរឲ្យអ្នកភូមិមករស់នៅដីខាងមុខជាប់នឹងផ្លូវជាតិ ដោយប្ដូរយកដីអ្នកភូមិនៅប៉ែកខាងក្រោយទំហំ ២ ទៅ ៣ហិកតារក្នុងមួយគ្រួសារ យកទៅដាំកៅស៊ូដែលគ្រប់គ្រងដោយក្រុមហ៊ុនវិញ។ ប៉ុន្តែការផ្ទេរដីថ្មីមិនទាន់បាន ៣ខែផង ស្រាប់តែក្រុមហ៊ុនបន្តមកឈូសឆាយដីប៉ែកខាងមុខជាប់ផ្លូវជាតិដែលបានផ្ទេរឲ្យអ្នកភូមិ ដោយថា ដីនោះជាកម្មសិទ្ធិក្រុមហ៊ុន។ អ្នកភូមិចោទថា អាជ្ញាធរមិនបានជួយរកដំណោះស្រាយ ឬផ្អាកសកម្មភាពឈូសបំផ្លាញដីចំការពីសំណាក់ក្រុមហ៊ុននោះឡើយ។
ប្រធានសហគមន៍២ធ្នូ លោក ម៉ម ហៃ ឲ្យដឹងថា ក្រុមហ៊ុនពិតជាបានទៅឈូសបំពានដីអ្នកភូមិចំនួន ៣គ្រួសារ លើផ្ទៃដីជិត ២ហិកតារដោយខុសច្បាប់។ លោកស្នើសុំឲ្យក្រុមហ៊ុនបញ្ឈប់រាល់ការបំពានលើដីអ្នកភូមិ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនសំណាងអង្គរទេ នៅថ្ងៃទី២១ ខែសីហា។
អ្នកស៊ើបអង្កេតអង្គការអាដហុក (Adhoc) ប្រចាំខេត្តក្រចេះ លោក សំរិទ្ធ វណ្ណា ឲ្យដឹងថា លោកមិនច្បាស់ថា ដីដែលក្រុមហ៊ុនឈូសឆាយនោះជាដីក្រុមហ៊ុន ឬដីអ្នកភូមិនោះទេ។ តែថា ការដោះដូរដីរវាងអ្នកភូមិ និងក្រុមហ៊ុន មិនមានឯកសារច្បាស់លាស់នៅឡើយ៖ «ក្នុងការដោះដូរនោះគ្មានលិខិតឯកសារ ឬអ្វីៗមួយយកមកសរសេរសំអាងទេ គ្រាន់តែនិយាយផ្ទាល់មាត់»។
តាមឯកសាររបស់អង្គការអាដហុក អ្នកភូមិរាប់រយគ្រួសារនៅភូមិចំនួន ៧ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចំនួន ៩ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។