ភ្នំពេញ: បន្ទាប់ពីធ្វើដំណើរតាមយន្ដហោះ១២ម៉ោង និង ១៥នាទីនោះកីឡាការិនី ធិន សេងហុន បានទៅដល់ទីក្រុង ឡុងដ៍ប្រទេសអង់គ្លេសដែលជាកន្លែងប្រកួតកីឡា Paralympic ។
ថ្ងៃទី 27 សីហា 2012
ដោយ: រស្មី
CEN
កីឡាការិនីរូបនេះបាននិយាយថាតាំងពីទៅដល់ទីក្រុងឡុងនាងមិនទាន់បានចាប់ផ្ដើមហ្វឹកហាត់នៅឡើយទេ ដោយសារអាកាសធាតុប្រែប្រួលរហូតហើយជាញឹកញាប់ភ្លៀងធ្លាក់ដែលជាហេតុរំខានដល់ការហ្វឹកហាត់ ។នាង និយាយថារៀងរាល់ថ្ងៃនាងតែងតែរង់ចាំភ្លៀងរាំងដើម្បីហ្វឹកហាត់តែភ្លៀងរំខាននាងជានិច្ច ។
ធិន សេងហុន និយាយទៀតថាអាកាសធាតុប្រែប្រួលញឹកញាប់បែបនេះហើយទើបធ្វើឲ្យនាងមានសុខភាព មិនសូវល្អ ហើយសម្រាកមិនសូវបានដោយសារត្រូវប្ដូរពេលវេលាដេក និង ពេលវេលាហូបចុក ។ ម្យ៉ាងទៀត អាហារអឺរុបលំបាកហូបចុកណាស់ ។
ប្រទេសចំនួនជាង១៤០បានបញ្ជូនកីឡាពិការខ្លួនទៅចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ ។ កីឡាការិនីធិន សេងហុនជាអត្តពលិកតែពិការរបស់កម្ពុជាតែមួយរូបគត់ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍Paralympic នេះ ។សេងហុនដែលពិការក្រោមជង្គង់(ប្រភេទT44)នោះនាងនឹងលេង ២ វិញ្ញាសាគឺរត់ល្បឿនលើផ្ទៃរាប ១០០ម៉ែត្រ និង ២០០ម៉ែត្រ ។
សេងហុន និយាយពីក្រុងឡុងដ៍ថានៅថ្ងៃទី ១ កញ្ញានាងនឹងប្រកួតរត់ ១០០ម៉ែត្រ ដែលនាងមិនទាន់ដឹងថា មានកីឡាការិនីប៉ុន្មាននាក់ ចូលរួមប្រកួតនោះឡើយ ។ កីឡាការិនីរូបនេះហាក់ដូចជា មិនសូវជាមានសង្ឃឹមក្នុងការ ដណ្ដើមមេដាយនោះឡើយ ព្រោះនេះជាការ ប្រកួតកម្រិត ពិភពលោក ។
គួរបញ្ជាក់ថាកីឡាការិនីរូបនេះកាលពីព្រឹត្តិការណ៍ SEA Paragames នៅប្រទេសឥណ្ឌូនេស៊ីនាង ដណ្ដើមបានមេដាយមាសមួយគ្រឿង និង មេដាយសំរិទ្ធ ២ គ្រឿង ។