ភ្នំពេញ: លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលិខិតមួយច្បាប់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ជូនលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំលោករដ្ឋមន្ត្រី មេត្តាចាប់វិធានការលើករណីកម្មករ កម្មការិនី បម្រើការងារ នៅរោងចក្រ អឹម វ៉េ អន្តរជាតិ (M &V International) ខេត្តកំពង់ឆ្នាំង ទទួលរងការដួលសន្លប់ ជាបន្តបន្ទាប់ ពេលកំពុងបំពេញការងារ។
ថ្ងៃទី 27 សីហា 2012
ដោយ: សុខ ភក្តី
CEN
ក្នុងលិខិត លោក ជាមុនី បានជម្រាបជូនលោករដ្ឋមន្ត្រីថា កម្មករកម្មការិនី ប្រមាណ ៦៩ នាក់ បម្រើការងារនៅរោងចក្រ អឹម វ៉េ អន្តរជាតិ ខេត្តកំពង់ឆ្នាំង បានទទួលរងការដួលសន្លប់ជាបន្តបន្ទាប់ ពេលកំពុងបំពេញការងារ នាខែសីហា ឆ្នាំ២០១២ ជាអាទិ៍៖ លើកទី១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ ចំនួន ៥ នាក់, លើកទី២ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ចំនួន ៣៤ នាក់, លើកទី៣ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ចំនួន ៧ នាក់ និងលើកទី៤ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ចំនួន ២៣ នាក់។ លើសពីនេះទៀត កាលពីអំឡុងឆ្នាំ២០១១ កន្លងមក កម្មករកម្មការិនី បម្រើការងារនៅរោងចក្រ អឹមវ៉េ អន្តរជាតិ ខេត្តកំពង់ឆ្នាំង ក៏ធ្លាប់ទទួលរងការដួលសន្លប់ ពេលកំពុងបំពេញការងារ ក្នុងចំនួនច្រើនរយនាក់ផងដែរ។
ក្នុងលិខិតដដែល លោកជាមុនី បានលើកឡើងថា តាមការកត់សម្គាល់របស់សហជីព កត្តាចម្បងដែលបណ្តាលឲ្យកម្មករកម្មការិនី បម្រើការងារនៅរោងចក្រ អឹមវ៉េ អន្តរជាតិ ខេត្តកំពង់ឆ្នាំង ទទួលរងការដួលសន្លប់ ពេលកំពុងបំពេញការងារជាបន្តបន្ទាប់មកនេះ គឺដោយសារថៅកែ ( និយោជក ) រោងចក្របង្កើតកិច្ចសន្យាការងារគាបសង្កត់ បង្គាប់ឲ្យកម្មករ កម្មការិនី ធ្វើការថែមម៉ោងលើសលប់ និងតម្រូវឲ្យកម្មករ កម្មការិនី បម្រើការងារទាំងថ្ងៃឈប់សម្រាកខុសពីគោលការណ៍ស្ម័គ្រចិត្តថែមទៀត។
នៅចុងបញ្ចប់ លោកជាមុនី បានគោរពសំណូមពរជូនដល់លោករដ្ឋមន្ត្រីក្រសួងការងារ មេត្តាធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ លើករណីកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ អឹម វ៉េ អន្តរជាតិ ខេត្តកំពង់ឆ្នាំង ទទួលរងការដួលសន្លប់ ពេលបំពេញការងារ ព្រោះថៅកែរោងចក្របង្កើតកិច្ចសន្យាការងារ មិនស្របនឹងស្មារតីនៃច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យគិតគូដល់សុខភាពរបស់កម្មករកម្មការិនី ដោយអនុគ្រោះ។
មិនទាន់មានប្រតិកម្មបែបណាពីលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញលិខិតរបស់លោក ជាមុនី ខាងលើនៅឡើយទេ៕