ហាង​កាត់​ស្បែក​ជើង​នៅ​ភ្នំពេញ ​ទទួល​បាន​ការ​ពេញ​និយម ​ពី​ក្រុម​ជន​បរទេស

ភ្នំពេញៈ វា​មាន​ការ​ពិបាក​ដែរ ចំពោះ​ជន​បរទេស​មក​ពី​បស្ចិម​ប្រទេស ដែល​ចង់​ស្វែងរក​ស្បែក​ជើង​សម្រាប់​តម្រូវ​ជើង​ពួក​គេ​ពាក់ ព្រោះ​ថា​ ភាគ​ច្រើន​វា​មាន​ទំហំ​តូច​ជាង​ជើង​ពួក​គេ​។

Monday, 27 August 2012
ភ្នំពេញ ប៉ុស្ដិ៍

ហាង​លក់​ និង​កាត់​ស្បែកជើង ស៊ី​ផល​ ដែល​ជា​អាជីព​​ប្រចាំ​ត្រកូល​នោះ កំពុង​ទទួលបានការពេញនិយម​ពី​បរទេស​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

ហាង​លក់​ និង​កាត់​ស្បែកជើង ស៊ី​ផល​ ដែល​ជា​អាជីព​​ប្រចាំ​ត្រកូល​នោះ កំពុង​ទទួលបានការពេញនិយម​ពី​បរទេស​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

តែ​ឈប់​បារម្ភ​ទៅ​ពួក​គេ​អាច​ស្វែង​រក​កន្លែង​ហាង​កាត់​ស្បែក​ជើង​មួយ​បាន នៅ​ឯ​រាជធានី​ភ្នំពេញ​សម្រាប់​កាត់​ស្បែក​ជើង​។

ហាង​កាត់​ស្បែក​ជើង​នោះ​មាន​យីហោ​ថា «ស៊ីផល ឬ Beautiful Sy Phal» ដែល​មាន​អតិថិជន​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ទី​នោះ។

ហាង​នេះ​មាន​បើក​ជូន​នូវ​សេវាកម្ម​លក់​ស្បែក​ជើង​បុរស​និង​ស្រ្តី​ទៀត​ផង។ ហាង​ ស៊ី​ផល​ មាន​ជាង​កាត់​ស្បែក​ជើង​និង​ដេរ​ស្បែក​ជើង​នេះ​ចំនួន​ប្រហែល​ជា​២០​នាក់។

សមាជិក​ក្រុម​គ្រួសារ​នេះ​បាន​បើក​រក​ស៊ី​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ ហើយ បន្ទាប់​ពី​បាន​ឆ្លង​ផុត​ពី​របប​ខ្មែរ​ក្រហម​មក។ ពួក​គេ​មាន​ជំនាញ​ខាង​ស្បែក​ជើង​នេះ ​ដោយ​បាន​យក​ស្បែក​គោ ចៀម ក្រពើ​ និង​ជួន​កាល​ស្បែក​ពស់​ថ្លាន់​មក​ធ្វើ​ជា​វត្ថុ​ធាតុ​ដើម​សម្រាប់​កាត់​ជា​ ស្បែក​ជើង តម្រូវ​តាម​ទំហំ ម៉ូដ និង​ចំណង់​ចំណូល​ចិត្ត​របស់​ភ្ញៀវ។ ចំពោះ​ភ្ញៀវ​ដែល​មាន​បញ្ហា​ជើង​មិន​ស្មើ ឬ​ប្រអប់​ជើង​ធំ​តូច​ជាង​គ្នា​បន្តិច​នោះ ក៏​ស្វែង​រក​សេវា​នេះ​ដែរ។

លោក អាយ ស៊ីសុភាព ជា​ម្ចាស់​ហាង​បាន​និយាយ​ថា៖ «ហាង​យើង​មាន​បើក​បម្រើ​តាំង​ពី​មុន​ឆ្នាំ​១៩៧០​មក​ម្ល៉េះ។ តែ​យើង​បាន​ខក​ខាន​រកស៊ី​នៅ​ក្នុង​សម័យ​កាល​ខ្មែរ​ក្រហម។ លុះ​មក​ដល់​ឆ្នាំ​១៩៨០ យើង​បាន​ចាប់​ផ្តើម​បើក​អាជីវកម្ម​នេះ​ម្តង​ទៀត។ យើង​ក៏​មិន​ចង់​ផ្អាក​ការងារ​រក​ស៊ី​ទេ ព្រោះ​វាជា​មុខ​របរ​ត​ពី​ដូន​តា​មក»។

គួរ​បញ្ជាក់​ថា​ ហាង​នេះ ទើប​តែ​ទទួល​បាន​នូវ​ប្រជាប្រិយ​ភាព​ពី​សំណាក់​ភ្ញៀវ​បរទេស​នៅ​ឆ្នាំ​១៩៩៧ ប៉ុណ្ណោះ នេះ​បើ​យោង​តាម​លោក អាយ ស៊ីសុភាព។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ហាង​កាត់​ស្បែក​ជើង​នេះ​មាន​ទីផ្សារ​ក្នុង​ស្រុក ចង្អៀត​នៅ​ឡើយ​ ដោយ​គេ​ពុំ​ទាន់​អាច​បំពេញ​គ្រប់​តម្រូវ​ការ​បាន។

ហាង ស៊ីផល មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ ២៧៣ ហើយ​បើ​យោង​តាម​លោក ស៊ីសុភាព អាជីវកម្ម​នៅ​ហាង​មាន​ការ​មមាញឹក​ច្រើន​ជា​ពិសេស​នៅ​ចុង​សប្តាហ៍។ គេ​សង្កេត​ឃើញ​ភ្ញៀវ​មក​ជាវ​នៅ​ទី​នេះ​មាន​ទាំង​ខ្មែរ​ និង​បរទេស។

ម្ចាស់​ហាង​បន្ត​ថា៖ «ភ្ញៀវ​របស់​យើង​ភាគ​ច្រើនគឺ​ជា​ជន​បរទេស គឺ​មាន​ប្រហែល​ជា​៧០​ភាគ​រយ​ឯណោះ»។

លោក​បន្ត​ថា៖ «តែ​អតិថិជន​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ដែរ​នា​ពេល​ថ្មីៗ​នេះ ដោយ​យើង​បាន​កត់​សម្គាល់​ឃើញ​ថា ប្រជាជន​កម្ពុជា​ដែល​និយម​ទិញ​ស្បែក​ជើង​នៅ​ផ្សារ​នោះ​បាន​ផ្លាស់​ប្តូរ​ ឥរិយាបថ​ជា​បណ្តើរៗ​ហើយ​ដែរ ដោយ​ពួក​គេ​ចាប់​ផ្តើម​មាន​ទំនោរ​ដូច​ជន​បរទេស​ដែរ»។

ស្បែក​ជើង​ធ្វើ​ពី​ស្បែក​សត្វ​ក្តី​ និង​ជ័រ​ក្តី​ ភាគ​ច្រើន​យក​មក​ពី​ប្រទេស​ថៃ​ ដែល​អាច​ជ្រើស​ពណ៌​ជា​ច្រើន​ផង​ដែរ​។

ម្យ៉ាង​ទៀត​អតិថិជន​តែង​តែ​នាំ​យក​ស្បែក​ជើង​ចាស់​របស់​ពួក​គាត់​មក​ធ្វើ​ ជា​គំរូ​សម្រាប់​ការ​មក​កាត់​នៅ​ហាង​របស់​យើង។ តែ​ពេល​ខ្លះ​ក៏​យើង​ត្រូវ​ធ្វើ​ម៉ូដ​ដោយ​ខ្លួន​ឯង​ដែរ។ ចំពោះ​ការ​កាត់​ស្បែក​ជើង​នេះ​អាច​ចំណាយ​ពេល​ពី៣ ទៅ ៥ថ្ងៃ​ទើប​បាន។

ស្បែក​ជើង​បុរស​អាច​កាត់​ក្នុង​តម្លៃ ៣០​ដុល្លារ ខណៈ​ស្បែក​ជើង​នារី​អាច​ជាវ​បាន​ក្នុង​តម្លៃ​ចាប់​ពី ១៧ ដុល្លារ ដល់​២២​ដុល្លារ។

លោក ស៊ី សុភាព បាន​បង្ហើប​ប្រាប់​ថា៖ «ប្រសិន​បើ​ពួក​គេ​ចង់​បាន​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ពស់​ថ្លាន់ ឬ​ស្បែក​ក្រពើ​វិញ​នោះ តម្លៃ​ក៏​កើន​លើស​ពី​ស្បែក​គោ​ធម្មតា​ដែរ គឺ​ចាប់​ពី​បី ទៅ បួន​ដង​ព្រោះ​វា​ជា​ស្បែក​សត្វ​ពិបាក​រក។ តែ​ខ្ញុំ​គិត​ថា​វា​មាន​គុណភាព​ល្អ​ដូច​គ្នា»៕ PR

What Next?

Recent Articles