ភ្នំពេញ: រឿងល្ខោន “ស្រុកខ្មែរ នេះហើយខ្ញុំ” គឺជាការដឹកនាំសម្ដែងដោយលោក ភូ ហ្សង់បាទីស្ដ៍ ដែលធ្លាប់បានសម្ដែងនៅប្រទេសបារាំង កាលពីឆ្នាំ២០១១ នៅពេលនេះ បានលើកយកនូវទស្សនីយភាពដដែលនេះ មកបង្ហាញនៅកម្ពុជា ដោយក្រុមអ្នកសិល្បៈចំនួន ៦នាក់ តម្រូវឲ្យនិយាយភាសាបារាំង ហើយក៏មិនមែនជាអ្នក ដែលមានអាជីពសម្ដែងល្ខោនផងដែរ។
ថ្ងៃទី 3 កញ្ញា 2012
ដោយ: លីនណា + សាវុធ
CEN
នៅក្នុងសន្និសីទសារព័ត៌ស្ដីពីមហោស្របល្ខោនលើកទី៦ នៅវិទ្យាស្ថានភាសាបារាំង អ្នកស្រី ឌី សាវ៉េត ដែលជាអង្គមួយក្នុងរឿង “ស្រុកខ្មែរ នេះហើយខ្ញុំ” បាននិយាយថា អ្នកស្រីត្រូវបានអ្នកដឹកនាំតម្រូវឲ្យដើរតួនាទី ជាស្ដ្រីឋិតក្នុងពូជពង្សរាជវង្ស ឈ្មោះនាង មេត្តា ឋិតនៅក្នុងវ័យប្រហែល ៥០ឆ្នាំ ហើយនិងមានចំណេះចេះដឹងខ្ពស់។
អ្នកស្រី ឌីសាវ៉េត បានបញ្ជាក់ថា “យើងត្រូវដាក់ចិត្តដាក់កាយ ដាក់ទឹកមុខឲ្យសមនឹងតួអង្គហ្នឹង ហើយនិងមានចរិកមួយ គឺថា មិនសូវជាចូលហ្វូងជាមួយគេបានទេ ពីព្រោះយើងមានការអប់រំខ្ពស់ ចំណេះវិជ្ជាខ្ពង់ខ្ពស់ជាងគេ ដូច្នេះយើងមិនសូវឡូកឡំជាមួយគេទេ គឺត្រូវដាក់ចរិកហ្នឹងអ៊ីចឹង”។
អ្នកស្រី ឌី សាវ៉េត បានបញ្ជាក់បន្តថា នេះ គឺជាលើកទី១ ហើយ ដែលអ្នកស្រីសម្ដែងជាអង្គល្ខោន ហើយអ្នកស្រីបានជួបនូវការលំបាកជាងគេនោះ គឺការប្រើប្រាស់ពាក្យពេចន៍និយាយ ត្រូវចំណាយពេល ១មួយកន្លះនៅលើឆាករហូត ដែលនេះជាអ្វីដែលប្លែកសម្រាប់អ្នក គឺត្រូវអានពាក្យពេចន៍ឲ្យបានច្បាស់លាស់ និងត្រូវបានប្រើពេលហាត់រៀន រយៈពេលជិត ២ខែ។
អ្នកស្រីបានឲ្យដឹងថា ក្នុងសាច់រឿង ស្រុកខ្មែរ នេះហើយខ្ញុំ គឺឆ្លុះបញ្ចាំងពីសង្គមខ្មែរពីសម័យមុនសង្គ្រាម បន្ទាប់មកមានសង្គ្រាម ចប់សង្គ្រាម និងបន្ទាប់មកទៀត គឺទៅរស់នៅស្រុកគេ។
អ្នកស្រី ឌី សាវ៉េត បានបន្ថែមថា “នៅក្នុងឈុតឆាក នៃរឿងល្ខោននេះ នឹងមានឈុតប្រទូសសារាយ ជជែកវែកញែក និយាយរកឈ្នះរៀងៗខ្លួន បន្ទាប់ពីតួអង្គបានជួបគ្នានិយាយពីរឿងរ៉ាវ ដែលមានការប្រឆាំងគ្នាក្នុងរឿងហ្នឹង ដោយសារតែមានអ្នកខ្លះទើបមកដល់ស្រុកបារាំង អ្នកខ្លះកើតនៅបារាំង អ្នកខ្លះទៀតរស់នៅបារាំងពីក្មេង ដូច្នេះការជួបគ្នាម្ដងៗមានការជជែកវែកញែក ប៉ុន្តែនៅទីបញ្ចប់នៃសាច់រឿង អ្នកទាំងអស់គ្នា បានយល់ស្របគ្នាថា នេះគឺជីវិតរបស់មនុស្សដែលយើងជួបប្រទះនឹងសង្គ្រាម”។
អ្នកស្រី ឌី សាវ៉េត បានបញ្ជាក់ទៀតថា “រឿងនេះ មានការអប់រំដល់ប្រជាជនទូទាំងពិភពលោក ធ្វើម៉េចចៀសវាងពីសង្គ្រាម កាលណាមានសង្គ្រាមតែងតែបាត់បង់អាយុជីវិត តែងតែមានការព្រៀតប្រាស់ តែងតែមានការប្រទូសសារាយគ្នា រវាងអ្នកយកត្រូវយកខុសរៀងៗខ្លួន”។
ជាមួយគ្នានេះ លោក ភូ ហ្សង់បាទីស្ដ៍ បាននិយាយ រឿងល្ខោន “ស្រុកខ្មែរ នេះហើយខ្ញុំ” ជាល្ខោននិយាយបែបសម័យ គឺអ្នកនិពន្ធចង់ឲ្យតួអង្គមួយៗតំណាងឲ្យទស្សនៈខុសៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ហើយទៅរស់នៅស្រុកបារាំងបានន័យថា ទស្សនៈគាត់ទាំងបួននាក់ យល់យ៉ាងម៉េចដែលជនខ្មែរទៅរស់នៅស្រុកបារាំង។ ប្រសិនបើយើងគិតទៅ អ្នកខ្លះគិតថាវាមិនប្រយោជន៍អីទេចំពោះស្រុកខ្មែរ ព្រោះថានិយាយតែពីប្រជាជនខ្មែរ ដែលចេញទៅនៅស្រុកគេតាំងពីយូរមកហើយ។យើងចង់ឲ្យប្រជាជនខ្មែរទាំងអស់ទៅទស្សនាល្ខោនហ្នឹងដើម្បីឲ្យបានឃើញនូវជីវិតពិតភាពពិត ពីព្រោះមានអ្នកខ្លះគេអត់ដែលស្គាល់ផង។
លោកបានឲ្យដឹងថា ក្នុងចំណោមតួអង្គទាំងនោះ តួអង្គមួយៗតំណាងឲ្យជំនាន់មួយៗ ហើយតំណាងឲ្យចរឹកខុសគ្នា ហើយនៅក្នុងរឿងហ្នឹងមានបារូលច្រើនណាស់ មិនមែនតែកាយវិការទេទ្រឹស្តីក៏មានច្រើន ដើម្បីឲ្យទស្សនិកជនយល់កាន់តែច្បាស់ តាមរយៈកាយវិការបូកផ្សំនឹងសម្តីរបស់តួអង្គ។
លោក ភូ ហ្សង់បាទីស្ដ៍ បានលើកឡើងថា “គេ(ទស្សនិកជននៅបារាំង) មាននិយាយជម្រាបថា ដឹងទេនៅស្រុកខ្មែរ ល្ខោនមានតែទម្រង់បែបកំប្លែង ហើយនិងរបៀបប្រពៃណីពីដើមនាំរឿងអ៊ីចឹងទៅលេង ឯងសង្ស័យថាអត់មានគេមើលទេ តែខ្ញុំគិតថាខ្ញុំអត់ជឿ ខ្ញុំមកសាកល្បងដោយខ្លួនឯងតាមចរឹកខ្ញុំ”។
លោកបានបញ្ជាក់ថា “ខ្ញុំចង់ទទួលទោះបីជាថា អ្វីដែលខ្ញុំទទួលបានពីទស្សនិកជន ទោះបីទស្សនិកជនចោទទៅលើល្ខោនខ្ញុំថា ខ្ញុំមិនចង់មើលទេ ព្រោះល្ខោនខ្ញុំអត់ល្អមើលសោះ ក៏ខ្ញុំអត់មានតូចចិត្តដែរ ខ្ញុំចង់សាកល្បងនូវគំនិតខ្ញុំជាអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធ។ ខ្ញុំគិតថា បើធ្វើជារឿងកំប្លែងមួយវាជារឿងងាយស្រួលណាស់ខ្ញុំអាចធ្វើបាន ខ្ញុំធ្វើអ្វីមួយដែលប្លែកហើយថ្មី ដើម្បីឲ្យទស្សនិកជនខ្មែរទាំងអស់ក៏អាចទទួលបាន ហើយចេះបើកជើងមេឃ យល់ឲ្យបានឆ្ងាយជាងហ្នឹងទៅទៀត ក្រៅពីរឿងកំប្លែងនឹងអ្វីដែលយើងធ្លាប់ឃើញកន្លងមក”។
លោកបានលើកឡើងទៀតថា “អ្វីដែលនៅក្នុងនេះ ជាទម្រង់ល្ខោនខ្ញុំ បានបញ្ចូលជារបាំបែបប្រពៃណីបែបក្លាសិកទៅជារបៀបសម័យ ដើម្បីឲ្យគេមើលមកនេះជាបុរាណតែកាឡៃមកជាសម័យ ដើម្បីឲ្យអ្នកមើលនូវអ្វីដែលថ្មី”។
សូមជម្រាបថា ឆ្នាំ២០១១ រឿង “ស្រុកខ្មែរ នេះហើយខ្ញុំ” បានដើរសម្ដែងក្នុងឆ្នាំនេះ ទៅតាមទីក្រុងជាច្រើន នៃប្រទេសបារាំង ហើយអ្នកទស្សនាមានការរំភើបចិត្ត និងសោមនស្សជាខ្លាំង។ ក្នុងពេលស្នាក់នៅរយៈពេល ២ខែមកនេះ លោក ភូហ្សង់បាទីស្ត៍ ជាមួយក្រុមសិល្បករ ខ្សែ បានកែសម្រួល រឿងល្ខោននេះ ជាលើកទី១ ជាមួយនឹងសិល្បករខ្មែរ។ ការសម្ដែងនៅកម្ពុជា នាពេលខាងមុខនេះ មាន អ្នកស្រី ឌី សាវ៉េត, ពុំធារ៉ា ចិន្តា, កូវ លីយ៉ាន, សែម កុសល និង អ៊ឹង សាកុណា៕