ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលលិខិតណាមួយ ពីប៉ូលិសក្រោមឱវាទរបស់លោក ដើម្បីស៊ីញេសម្រេចបណ្ដេញចេញពីកម្ពុជា នូវយុវជនជនជាតិស៊ុយអែតម្នាក់ ដែលជាប់ទោសក្នុងរឿងគេហទំព័រ នៅប្រទេសស៊ុយអែត នៅឡើយទេ។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ លើកទី៧ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
ថ្ងៃទី 6 កញ្ញា 2012
ដោយ: រតនា
CEN
នៅក្រៅកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប. នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍ទៅកាន់អ្នកកាសែតថា “ឯកសារមិនទាន់បានមកដល់ដៃរបស់ខ្ញុំទេ ប៉ុន្តែធ្វើតាមច្បាប់។ អាហ្នឹងវាអត់ប្រព្រឹត្តបទល្មើសនៅយើងទេ។ ប្រព្រឹត្តបទល្មើសនៅស៊ុយអែតឯណោះ”។
សូមរម្លឹកថា ប៉ូលិសកម្ពុជាបានចាប់ខ្លួនជនជាតិស៊ុយអែតម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១២ តាមសំណើរបស់រដ្ឋាភិបាលស៊ុយអែត។ រដ្ឋាភិបាលកម្ពុជា បានសម្រេចថា នឹងបញ្ជូនជនជាតិស៊ុយអែតឈ្មោះ Gottfrid Svartholm Warg អាយុ ២៧ឆ្នាំ ចេញពីកម្ពុជា។
ជនជាតិស៊ុយអែតនោះ ជាសហស្ថាបនិកគេហទំព័រ The Pirate Bay ដែលត្រូវបានតុលាការស៊ុយអែតកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ក្រោមបទចោទ រំលោភកម្មសិទ្ធិបញ្ញា កាលពីឆ្នាំ២០០៩។
គេហទំព័រ The Pirate Bay បង្កើតឡើងនៅឆ្នាំ២០០៣ មានសមាជិករហូតដល់ ៣០ លាននាក់។ គេហទំព័រនេះ អនុញ្ញាតឲ្យសមាជិក អាចទាញយកឯកសារ បទចម្រៀង និងកម្មវិធីហ្គេមនានា ដោយមិនគោរពកម្មសិទ្ធិបញ្ញាឡើយ។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង នៅព្រឹកមិញ ក៏បានថ្លែងទៅកាន់អ្នកកាសែតថា មកដល់ថ្ងៃទី៦កញ្ញានេះ ជនជាតិចិនតៃវ៉ាន់ចំនួន ១១នាក់ គឺប៉ូលិសកម្ពុជា មិនទាន់បញ្ជូនចេញនៅឡើយទេ។ ជនជាតិចិនតៃវ៉ាន់ទាំងនោះ ស្ថិតក្នុងចំណោមជនជាតិចិនដែលប៉ូលិសកម្ពុជាចាប់ខ្លួន នៅទីរួមខេត្តកំពង់ស្ពឺ ចំនួន ១៥នាក់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២។
ជនជាតិចិនទាំង ១៥នាក់ ជាប់ចោទក្នុងរឿងឧក្រិដ្ឋកម្ម ជំរិតទារប្រាក់ឆ្លងដែន ដោយប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។ ជនជាតិចិនដីគោក ៤នាក់ ក្នុងចំណោម ១៥នាក់ ត្រូវបានប៉ូលិសកម្ពុជាបញ្ជូនចេញ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសជាតិ៕ S.