យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃព្រហស្បតិ៏នេះឲ្យដឹងថា អ្នកស្ម័គ្រចិត្តក្រុមទី៦របស់ភ្នាក់ងារ Peace Corps ដែលមានគ្នា៥៨នាក់នឹងប្រារព្ធធ្វើពិធីសច្ចាប្រណិធាននៅថ្ងៃសុក្រទី៧កញ្ញាស្អែកនេះ ឯមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរបស់ខេត្ត តាកែវ មុននឹងចុះជួយសហគមន៏ជនបទ លើការបណ្ដុះបណ្ដាលភាសាអង់គ្លេស បរិស្ថាន និង ផ្នែកសុខភាពសាធារណៈ ។
ដោយ៖ប្ញទ្ធិពល
Thursday 06 September 2012
សារព័ត៌មានសេរី
ពិធីនេះនឹងមានការចូលរួមពីចៅហ្វាយខេត្តតាកែវលោក ស្រី បេន និងលោកស្រី Penny Fields នាយកទីភ្នាក់ងារ Peace Corps ប្រចាំប្រទេសកម្ពុជា ។ បើតាមសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា ក្រុមអ្នកស្ម័គ្រចិត្តទាំងនោះ ក៏នឹងធ្វើការជាមួយសមភាគីកម្ពុជារបស់ពួកគេផងដែរ ក្នុងគំរោងនានាក្នុងសហគមន៍ ទាក់ទងនឹងការអប់រំបរិស្ថាន ការការពារហិង្សាក្នុងគ្រួសារ ការអភិវឌ្ឍមុខជំនួញខ្នាតតូច និងកសាងជំនាញស្តីពីភាពជាអ្នកដឹកនាំសម្រាប់កុមារី។
គួរបញ្ជាក់ថា ភ្នាក់ងារ Peace Corpsត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក John F. Kennedy កាលឆ្នាំ១៩៦១ ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាល និងការអប់រំដល់បុរស-ស្រ្តី នៅតាមបណ្តាប្រទេសដែលមានការចាប់អារម្មណ៏ និងដើម្បីលើកកម្ពស់ការយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ចាប់តាំងពីឆ្នាំ១៩៦១មក មានអ្នកស្ម័គ្រចិត្តចំនួនជាង ២០ម៉ឺននាក់ បានបំរើការក្នុងទីភ្នាក់ងារនេះនៅតាមប្រទេសចំនួន ១៣៩ ក្នុងពិភពលោក។ ដោយឡែកសំរាប់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក មានអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារនេះសរុបចំនួន ២៨៥នាក់ កំពុងរស់នៅតាមខេត្តចំនួន ១៥៕
