កំពង់ចាម+ព្រៃវែង: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំពិធីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ គឺកាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ សម្រាប់អ្នកសារព័ត៌មាន ទៅកាន់ខេត្តកំពង់ចាម និងខេត្តព្រៃវែង ដើម្បីពិនិត្យមើលសកម្មភាពស្ថាបនាឡើងវិញ នៃគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាបន្ទាន់ ក្រោយការខូចខាតដោយគ្រោះទឹកជំនន់ ឆ្នាំ២០១២ ដែលមានទឹកប្រាក់ចំនួន ៦៧,១៨ លានដុល្លារ។

លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពេលផ្ដល់បទសម្ភាសន៍
ថ្ងៃទី 6 កញ្ញា 2012
ដោយ: លីនណា
CEN
ទឹកប្រាក់សម្រាប់គម្រោងស្ដារឡើងវិញនេះ គឺក្រោមហិរញ្ញប្បទានរួមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កម្ចី ៥៥លានដុល្លារ, រដ្ឋាភិបាលអូស្ដ្រាលី ក្រោមជំនួយឥតសំណង ៥,២៥លានដុល្លារ, និងរាជរដ្ឋាភិបាលកម្ពុជា ៦,៩៣លានដុល្លារ។ ការស្ថាបនាឡើងវិញនេះ នឹងជួយស្ដារឡើងវិញ នូវជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនផលិតភាពកសិកម្ម និងបង្កើនលទ្ធភាពទទួលបានទីផ្សារ និងសេវាសង្គមផ្សេងៗ។ គម្រោងនេះ មានរយៈពេល ៣ឆ្នាំ ដែលនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០១៥។
នៅក្នុងដំណើរទស្សនកិច្ច អ្នកសារព័ត៌មាន បានទៅដល់ការដ្ឋានកសាងផ្លូវ KC1A និងស្ពាន KC1B ហើយត្រូវបានលោក ចាន់ ដារ៉ុង អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យដឹងថា ផ្លូវ KC1A មានប្រវែង ២៧គីឡូម៉ែត្រ និងទទឹង ៦ម៉ែត្រ ភ្ជាប់ទំនាក់ទំនងរវាងស្រុកស្រីសន្ធរ ទៅស្រុកកោះសូទិន បានកសាងឡើងនៅក្នុងឆ្នាំ២០០៣ ហើយបានទទួលរងការខូចខាតដោយសារទឹកជំនន់ ឆ្នាំ២០១១។
លោកបានបន្តថា ការស្ថាបនាផ្លូវ និងស្ពានទាំងនេះ ឡើងវិញ ជួយដល់ប្រជាពលរដ្ឋ ៧៥.០០០នាក់ នៅក្នុងឃុំចំនួន៨ ក្នុងការធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ចាន់ ដារ៉ុង បានបញ្ជាក់ឲ្យដឹងថា ស្ពាន KC1B នេះ កាលពីមុនជាស្ពានឈើ ហើយជាអកុសល ទឹកជំនន់កាលពីឆ្នាំ២០១១ បានអូសយកស្ពានឈើនេះ ទៅបាត់។ អ៊ីចឹង វាគឺជាការលំបាកមួយរបស់បងប្អូនប្រជាពលរដ្ឋ ទើបរាជរដ្ឋាភិបាលមើលឃើញពីការលំបាក និងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះទើបស្នើសុំថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីយកមកកសាងស្ពានថ្មី ជាស្ពានបេតុង ហើយស្ពាននេះ មានប្រវែង ៤៥ម៉ែត្រ និងទទឹង ៩ម៉ែត្រ”។
លោក ចាន់ ដារ៉ុង បានឲ្យដឹងថា ស្ពាន KC1B ត្រូវចំណាយថវិកាប្រមាណ ៥៧ម៉ឺនដុល្លារ ដោយចាប់ផ្ដើមសាងសង់ពីខែកក្កដា ឆ្នាំ២០១២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ។
លោក បានបញ្ជាក់បន្ថែមថា “បើសិនជាមានទឹកជំនន់នៅខែក្រោយ ឬខែក្រោយមួយទៀត ស្ពាននេះ យើងគិតថា វាអត់ហើយ១០០%ទេ ក៏ប៉ុន្តែលទ្ធភាព និងរយៈពេល នៃការខិតខំប្រឹងប្រែងរបស់យើងអាចរៀបចំឲ្យបងប្អូនលើប្រើប្រាស់បាន”។
បន្ទាប់ពីបញ្ចប់ពីការពិនិត្យសកម្មភាពស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៅខេត្តកំពង់ ADB បានដឹកនាំក្រុមអ្នកសារព័ត៌មានបន្តដំណើរទៅកាន់ខេត្តព្រៃវែង ពិនិត្យមើលផ្លូវរៀងប្រវែង ២គីឡូម៉ែត្រ នៅក្រុងព្រៃវែង ភ្ជាប់កំណាត់ផ្លូវចំនួនពីរ គឺផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៨។ ផ្លូវនេះ គឺជាទំនប់ដើម្បីការពារទីក្រុងពីទឹកជំនន់នៅក្នុងរដូវវស្សា ហើយកាលពីឆ្នាំ២០១១ ផ្លូវមួយនេះ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោក ណាយ ចំណង់ អនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ប្រសិនបើទំនប់នេះ បាក់ដោយសារទឹកជំនន់នោះ ប្រជាពលរដ្ឋប្រមាណ ៣ម៉ឺនគ្រួសារ នៅក្នុងទីក្រុងព្រៃវែង នឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់ ហើយគ្រប់មុខងាររដ្ឋបាលទាំងអស់ នឹងឈប់ដំណើរការ។ ទំនប់នេះ កំពុងត្រូវបានស្ថាបនាឡើងវិញ ដោយមានក្រាលថ្មនៅតាមច្រាំង ប្ដូរលូមួយចំនួននៅក្រោមច្រាំង និងដាំស្មៅនៅលើជម្រាល ផ្ទៃខាងលើទំនប់ត្រូវបានលើកកម្ពស់បន្ថែម ០,៣ម៉ែត្រ នឹងពង្រីកទទឹងដល់ទៅ ១១ម៉ែត្រ ដោយមានចាក់កៅស៊ូ។
លោកបានឲ្យដឹងទៀតថា រីឯស្ពានធ្វើពីដែក និងឈើចំនួនពីរ ដែលមានឈ្មោះស្ពានក្រុងព្រៃវែង (CW1) និងស្ពានមួយទៀតឈ្មោះស្ពានបារ៉ាយខាងលិច (CW2) នៅតាមដងផ្លូវជាតិលេខ១១ ហើយនៅក្បែរទំនប់ក្នុងខេត្តព្រៃវែងដែរ កំពុងត្រូវបានស្ថាបនាឡើងវិញ ដោយប្រើបង្គោលគ្រឹះសំណង់បេតុង ជើងតាងកាត់ខ្វែង នៅក្បាលស្ពាន និងជន្ទល់ទប់តួនស្ពាន។ ស្ពានទាំងពីរនេះ នឹងសម្រួលចរាចរណ៍សម្រាប់រថយន្ដបានទាំងទៅទាំងមក ក្នុងពេលតែមួយ ព្រោះផ្លូវមានទទឹងដល់ទៅ ១៣ម៉ែត្រ និងប្រវែង ៦៧,៨ម៉ែត្រ។
នៅក្នុងខេត្តព្រៃវែងនេះដែរ ប្រឡាយទួលស្គា មានទីតាំងនៅភាគខាងកើតក្រុងព្រៃវែង ហើយកាត់ឃុំចំនួនពីរ គឺសង្កាត់តាគរ និងសង្កាត់មេបុណ្យ។ ប្រឡាយនេះ ត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៧៧ ក្នុងរបបប៉ុលពត ដោយកែនកម្លាំងពលកម្មមកជីក ដោយប្រឡាយនេះយកទឹកពីប្រភពអាងកំពង់ស្នេហ៍។
មន្ត្រីសាធារណការដដែលបានឲ្យដឹងថា ទំបន់ទួលស្គា គឺជាទំបន់ការពារសុវត្ថិភាពពីទឹកជំនន់ ដល់ប្រជាជននៅក្រុងព្រៃវែង។ ទំបន់នេះ មានខ្នងលើទទឹង ១០ម៉ែត្រ ដែលទំបន់មានខ្នងលើទទឹងតែ ៤ម៉ែត្រប៉ុណ្ណោះ ដោយមានស្រទាប់ការពារ ដើម្បីការចម្រស់ផ្សេងៗ ហើយមានលើកកម្ពស់បន្ថែម ពី ២ ទៅ ៣ម៉ែត្រ និងបាតក្រោមពង្រីជើងទេរ មានខ្នាតមួយ ១/១,៥ បានប្រវែងជិត១៥ ទៅ ២០ម៉ែត្រ ទៅតាមកន្លែងខ្ពស់ និងទាប និងមានបណ្ដោយជិត ២គីឡូម៉ែត្រ នឹងត្រូវក្រាលកៅស៊ូប្រភេទDBST ទទឹង៧ម៉ែត្រ ។
លោកបានបញ្ជាក់ថា “នៅពេលនេះ យើងពង្រីកបាន ៥ម៉ែត្រហើយ ព្រោះយើងចាប់ផ្ដើមនៅក្នុងខែ៥ (ឧសភា) គឺបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ ហើយមកដល់ថ្ងៃនេះ យើងសម្រេចបានប្រហាក់ប្រហែលនឹង ៣០% ហើយ គឺយើងបានធ្វើទំនប់មួយចំហៀងនេះ ផ្នែកខាងក្រៅនេះ ដែលយើងកំពុងឈរនេះ គឺដែលមានកម្រាស់និងកម្ពស់ អាចខ្ពស់ជាងទឹកជំនន់ឆ្នាំទៅ។ នៅពេលគម្រោងនេះបញ្ចប់ នឹងមានកម្ពស់ខ្ពស់ជាងពី ៧តឹក(០,៧ម៉ែត្រ) ទៅ ១ម៉ែត្រ ហើយទំបន់នេះ មានកំពស់ពី ២,៨ម៉ែត្រ ទៅ ៣ម៉ែត្រ”។
ជាមួយគ្នានេះដែរ លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ទំបន់ និងផ្លូវខាងលើ ដោយមានគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ពិសេសនៅឆ្នាំ២០១១ អភិបាលខេត្ត និងក្រសួងជំនាន់បានស្នើទៅរាជរដ្ឋាភិបាល ហើយក្នុងនាមលោកជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានលើកសំណើនេះ ទៅកាន់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិនិត្យពីផលប៉ះពាល់ទឹកជំនន់ ដោយខេត្តមួយនេះ ទទួលរងផលប៉ះពាល់ច្រើនជាងគេ។
លោក ញឹម វណ្ណដា បានបន្ថែមថា ក្រោយពីបានពិនិត្យ និងធ្វើការសិក្សារួចមក ADB បានសម្រេចផ្ដល់នូវកម្ចីឥណទាន និងជួយស្វែងរកជំនួយបន្ថែមទៀត ដើម្បីកសាងផ្លូវ និងទំនប់នេះ។
លោកក៏បានលើកឡើងផងដែរថា ADB បានដើរតួរយ៉ាងសំខាន់ក្នុងការស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ នៃខេត្តចំនួន៦ ដែលរងគ្រោះធ្ងន់ធ្ងរ ក្រោយរងគ្រោះគ្រោះទឹកជំនន់ឆ្នាំ២០១១ កន្លងមក និងដោយមានការសម្រសម្រួលពីបណ្ដាលក្រសួងជំនាញ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា គម្រោងស្ដារឡើងវិញជាបន្ទាន់ ក្រោយការខូចខាតដោយគ្រោះទឹកជំនន់ ដែលមានទឹកប្រាក់ចំនួន ៦៧,១៨ លានដុល្លារនេះ នឹងស្ថាបនាឡើងវិញ ឬជួសជុល ផ្លូវប្រវែង ៥២៤ គីឡូម៉ែត្រ ស្ពានចំនួន ៦ និងប្រព័ន្ធធារាសាស្ដ្រចំនួន ២៦ កន្លែង នៅក្នុងខេត្ដដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាអាទិ៍៖ ខេត្ដបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ ព្រៃវែង និងសៀមរាប៕

