ភ្នំពេញៈ ភ្លើងស្នេហ៍ជាមួយកូនប្រុសមន្ត្រីពាក់ផ្កាយលើស្មាមិនទាន់រលត់ ដាច់ផ្សែងផង អតីតកញ្ញាឯក ប្រ៊ីសស្ដុនខាងថតរូបស្អាតឆ្នាំ២០០៧ នាង នៅ សុនីតា រកបានសំណព្វស្នេហ៍ថ្មី ជាកូនអ្នកជំនួញក្នុងស្រុកទ្រព្យស្តុក ហើយមុននេះពួកគេ បានបង្ហោះរូបថតកៀកកិតយ៉ាងរ៉ូមែនទិកនៅក្នុងហ្វេសប៊ុកទៀតផង។
Friday, 14 September 2012
Reuters
ភ្នំពេញ ប៉ុស្តិ៍
យោង តាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កាលពីមុននេះពីរ បីថ្ងៃនៅក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុករបស់នាង នៅ សុនីតា នាងបានបង្ហោះរូបថត ដែលនាងថតកៀកកិតជាមួយនឹងបុរសរូបសង្ហាម្នាក់ ហើយបុរសរូបនោះ ត្រូវបានគេស្គាល់ថា ជាកូនអ្នកជំនួញក្នុងស្រុកដែលមានទ្រព្យស្តុកម្នាក់ គេមានឈ្មោះ ជេមស៍ ហើយពេលនេះនាង នៅ សុនីតា និងលោកជេមស៍នេះជាគូស្នេហ៍កំពុងស្វែងយល់ចិត្តគ្នា។
ស្រប ជាមួយរូបថតកៀកកិតរបស់ នាង នៅ សុនីតា និង បុរសរូប សង្ហាដែលគេស្គាល់ឈ្មោះ ជេមស៍ ផុសនៅក្នុងហ្វេសប៊ុកនោះ ក៏មានមិត្តភកិ្តរបស់នាងមួយចំនួន បង្ហើបឲ្យដឹងថា នាង នៅ សុនីតា បានភ្ជាប់ចំណងស្នេហ៍ជាមួយកូនអ្នកជំនួញឈ្មោះ ជេមស៍ម្នាក់ មានរយៈពេលច្រើនខែមកហើយ បន្ទាប់ពីនាងបានបែកបាក់ជាមួយកូនប្រុសឧត្ដមសេនីយ៍។
ផ្ទុយពី ការបង្ហើបឲ្យដឹងពីបណ្តាមិត្តភក្តិរបស់នាង នៅ សុនីតា នៅក្នុងហ្វេសប៊ុក តារាដែលទទួលបានឱកាសបញ្ចេញសម្រស់នៅក្នុងសិល្បៈ ក្រោមងារថតរូបស្អាតវ័យ២២ឆ្នាំនាង នៅ សូនីតា បានបកស្រាយថា លោក ជេមស៍ មិនមែនជាសង្សាររបស់នាងទេ គឺជាអ្នកគាំទ្រនាងតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយនាង នៅ សុនីតា ក៏បានទទួលស្គាល់ថា នាង និងលោក ជែមស៍ ពិតជាបានស្គាល់គ្នាយូរហើយមែន ហើយពិតជាធ្លាប់បានថតរូបជាមួយគ្នា ដោយនាងប្រាប់ថា លោក ជេមស៍ ជាមិត្តភក្តិម្នាក់ក្នុងចំណោមមិត្តភក្តិជាច្រើនដែលរាប់អាន នាងនៅក្នុងហ្វេសប៊ុក។
តួឯករឿងដែកសំលៀងចិត្ត នាង នៅ សុនីតា បានបញ្ជាក់ខ្លីថា នាងនិង លោក ជេមស៍នេះ ពួកគេក្រៅពីរាប់អានគ្នាជាមិត្តភក្តិនោះ គឺគ្មានទំនោរចិត្តណា អូសទាញអារម្មណ៍ឲ្យឆ្ពោះទៅបង្កាត់ភ្លើងស្នេហានឹងគ្នាឡើយ។
ចាប់ តាំងពីបែកធ្លាយរូបថតនេះមកលោក ជែមស៍ និងស្រីស្រស់ សុនីតា មិនសូវទាក់ទងរាប់អានគ្នាដូចពេលមុនឡើយ ប្រហែលជាលោកមានអារម្មណ៍ខ្មាសអៀនចំពោះរឿងនេះ។
យ៉ាងណាមិញ ស្រីស្រស់ថ្ពាល់ខួច កញ្ញា នៅ សូនីតា បានសម្តែងការខកចិត្តផងដែរ ខណៈដែលរូបថតដែលនាងថតកៀកកិតជាមួយ លោក ជេមស៍ នេះក្លាយជាប្រធានបទដែលមហាជនគិតថាជាគូស្នេហ៍នឹងគ្នានោះ។ នាងបានចាត់ទុកថា ការធ្លាយរូបភាពនេះ គឺជាការថ្លោះធ្លោយមួយដែលនាងគិតមិនដល់ ហើយនាងមិននឹកស្មានថា រូបភាពនេះធ្វើឲ្យមានការចាប់អារម្មណ៍បែបនេះឡើយ៕
សង្ខេបអត្ថបទដោយ ស៊ូ វុទ្ធី