ភ្នំពេញ: លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានថ្លែងនៅក្នុងសន្និសីទ ស្តីពី “ទស្សនៈចម្រុះ ស្តីពីកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” ដែលធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១២ នៅសណ្ឋាគារ Raffles Hotel Le Royal ថា អ.វ.ត.ក. បានចាប់ផ្តើមដំណើរការរបស់ខ្លួន នៅដើមឆ្នាំ២០០៦ ហើយនៅក្នុងឆ្នាំដំបូងនេះ អ.វ.ត.ក. បានផ្តោតសំខាន់ទៅលើបញ្ហានានា ទាក់ទងនឹងប្រតិបត្តិការ និងនីតិវិធី មុនពេលចាប់ផ្តើមសវនាការសំណុំរឿងទី១ នៅពាក់កណ្តាលឆ្នាំ២០០៧។
ថ្ងៃទី 14 កញ្ញា 2012
ដោយ: ចៅចិត្រ
CEN
លោក ក្រាញ់ តូនី បន្តថា បេសកកម្មរបស់ អ.វ.ត.ក. មិនមែនត្រឹមតែស្វែងរកការពិត និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយផ្តល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះ និងការបិទទំព័រខ្មៅងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា ដើម្បីឈានដល់ការអភិវឌ្ឍសង្គមកម្ពុជាទាំងមូល។
លោកបានរំឭកឡើងវិញថា បញ្ហាកេរដំណែល និងបញ្ហាសេសសល់ផ្សេងៗទៀត គឺជាការងារស្នូល ដែលភ្ជាប់ទៅនឹងអាណត្តិចម្បងៗទាំងបី របស់ អ.វ.ត.ក. ដែលរួមមាន៖ ទី១-ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលបានទន្ទឹងរង់ចាំអស់រយៈពេលជិត ៤០ឆ្នាំ។ ទី២-រក្សា និងពង្រឹងសន្តិភាព និងការផ្សះផ្សារជាតិ និងទី៣-ពង្រឹង និងលើកកម្ពស់ការកែទម្រង់តុលាការជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាព និងការផ្ទេរចំណេះធ្វើ ពី អ.វ.ត.ក. ដែលជាតុលាការគំរូ ទៅឲ្យតុលាការជាតិ។
លោក ក្រាញ់ តូនី បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ អង្គជំនុំជម្រះសាលាដំបូង នៃ អ.វ.ត.ក. បានប្រកាសសាលក្រម ក្នុងសំណុំរឿង ០០១ ដោយផ្តន្ទាទោស កាំង ហ្កេកអ៊ាវ ហៅឌុច ដែលជាអតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ហើយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ អង្គជំនុំជម្រះតុលាការកំពូលនៃ អ.វ.ត.ក. បានតម្កល់ការផ្តន្ទាទោស ឌុច ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ នៃការធ្វៃទុក្ខបុកម្នេញ និងការបញ្ចូលការផ្តន្ទាទោសបន្ថែម ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៃការសម្លាប់រង្គាល ការធ្វើឲ្យទៅជា ទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ព្រមទាំងអំពើអមនុស្សធម៌ផ្សេងទៀត។ នៅក្នុងសាលក្រមស្ថាពររបស់ខ្លួន អង្គជំនុំជម្រះតុលការកំពូល បានផ្តន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ដូចនេះការជំនុំជម្រះក្នុងសំណុំរឿង០០១ របស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ជាស្ថាពរ។
លោក ក្រាញ់ តូនី បានមានប្រសាសន៍បន្តទៀតថា ការបន្សល់ទុកកេរដំណែលវិជ្ជមាន គឺជាទិសដៅមួយក្នុងចំណោមទិសដៅដ៏ចម្បងៗ ដែល អ.វ.ត.ក. នឹងសម្រេចឲ្យបាន។ នេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការខិតខំប្រឹងប្រែង ដើម្បីផ្ទេរចំណេះធ្វើពីប្រព័ន្ធ អ.វ.ត.ក. ទៅប្រព័ន្ធតុលាការជាតិ ការពិភាក្សាអំពីទស្សនាទាន និងការប្រៀបធៀបច្បាប់អន្តរជាតិ ស្តីអំពីយុទ្ធសាស្ត្ររបស់ អ.វ.ត.ក. ក៏ដូចជាការពិចារណាអំពីបទពិសោធន៍ ដែលទទួលបានពីកិច្ចដំណើរការនីតិវិធីរបស់ អ.វ.ត.ក. សម្រាប់សាលាក្តីអន្តរជាតិដទៃទៀត។
លោកបានបន្ថែមឲ្យដឹងទៀតថា ដូចដែលលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានក្រុមការងារតុលាការខ្មែរក្រហម ធ្លាប់បានមានប្រសាសន៍ថា “បទពិសោធន៍ក្នុងតុលាការដទៃទៀត នៅលើពិភពលោក ទាក់ទងនឹងបទឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ដែលមានចរិតលក្ខណៈបែបនេះ និងដែលមានការចូលរួមរបស់សហគមន៍អន្តរជាតិ បង្ហាញថា តុលាការទាំងនេះពិតជាមិនដែលបញ្ចប់ទៅ ដោយគ្មានការផ្ទេរចំណេះដឹង និងជំនាញនោះទេ”។
លោក ក្រាញ់ តូនី សន្យាថា នឹងជំរុញឲ្យមានការពិភាក្សាយ៉ាងផុលផុសអំពីកេរដំណែល និងគម្រោងនានាទាក់ទងនឹងកេរដំណែល ដែលនឹងជួយជំរុញឲ្យមន្ត្រីមកពី អ.វ.ត.ក. ស្ថានប័នរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ សាលាក្តីអន្តរជាតិ អ្នកតាក់តែងគោលនយោបាយ អ្នកប្រកបវិជ្ជាជីវៈ សង្គមស៊ីវិល និងសាធារណជនទូទៅ អាចពិនិត្យពិចារណាអំពីកេរដំណែលរបស់ អ.វ.ត.ក. ក្នុងបរិបទជាតិ តំបន់ និងអន្តរជាតិ៕ S