មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្ដីពីកំណែទម្រង់ដីធ្លី នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយ វិជ័យ អានន្ទ
2012-09-17
វិទ្យុអាស៊ីសេរី

១៧-កញ្ញា-២០១២៖ កិច្ចពិភាក្សាអំពីកំណែទម្រង់ដីធ្លី ដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ RFA/Chor Pisethvicheyanandh
ទិសដៅនៃវេទិកានេះ ប្រាថ្នារកឲ្យឃើញនូវមូលហេតុដែលនាំឲ្យកើតជំលោះដីធ្លីនៅទូទាំងប្រទេស និងដំណោះស្រាយមួយចំនួន ដើម្បីដាក់ជូនគណបក្សនយោបាយទាំងអស់យកទៅដាក់ក្នុងកម្មវិធីនយោបាយខ្លួនសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ក្នុងឱកាសបើកវេទិកានៅថ្ងៃទី១៧ កញ្ញា ថា ថ្វីត្បិតរដ្ឋាភិបាលព្យាយាមរកមធ្យោបាយជាច្រើនដើម្បីដោះស្រាយបញ្ហាជំលោះដីធ្លីយ៉ាងណាក៏ដោយ ក៏បញ្ហាដីធ្លីនៅមិនទាន់ត្រូវគេដោះស្រាយឲ្យបានត្រឹមត្រូវនៅឡើយ។ ជាក់ស្ដែងក្រុមនិស្សិតស្ម័គ្រចិត្តដែលរដ្ឋាភិបាលបង្កើតឡើងដើម្បីចុះវាស់វែងដីធ្លីជូនពលរដ្ឋហាក់មិនទទួលលទ្ធផលល្អដូចការរំពឹងទុកនោះទេ។
លោក អ៊ូ វីរៈ បន្តថា ហេតុនេះលោកគិតថា វេទិកាដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សរៀបចំ និងទទួលគាំទ្រគម្រោងដោយសហភាពអឺរ៉ុបនេះ នឹងជួយរកឲ្យឃើញឫសគល់មួយចំនួនដែលនាំឲ្យកើតជំលោះដីធ្លី ហើយឈានដល់រកដំណោះស្រាយជូនពលរដ្ឋដោយជោគជ័យ។
លើសពីនេះ លោក អ៊ូ វីរៈ អះអាងថា ក្រោយវេទិកានេះរៀបចំចប់សព្វគ្រប់នៅតាមខេត្តផ្សេងៗនោះ មជ្ឈមណ្ឌលរបស់លោកនឹងយកលទ្ធផលដែលរកឃើញនោះចងក្រងជាឯកសារដាក់ជូនគណបក្សនយោបាយទាំងអស់ឲ្យបញ្ចូលបញ្ហាដំណោះស្រាយដីធ្លីទៅក្នុងកម្មវិធីនយោបាយរបស់ពួកគេ។
ទាក់ទងនឹងកិច្ចពិភាក្សានេះ តំណាងវេទិកានៃអង្គមិនមែនរដ្ឋាភិបាល (NGO FORUM) លោក ថាន់ ស៊ីថាន លើកឡើងពីភាពវិជ្ជមាននៃច្បាប់ភូមិបាលថា ជាច្បាប់មួយមានភាពចន្លោះប្រហោងតិចតួចបំផុត ដែលគេអាចយកអនុវត្តប្រកបដោយតម្លាភាព ព្រោះរដ្ឋាភិបាលបានចេញអនុក្រឹត្យជាច្រើនបន្តបន្ទាប់ ដើម្បីបំពេញភាពចន្លោះប្រហោងនៃច្បាប់នេះ។ ម្យ៉ាងទៀតលោកបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវ ខ្លឹមសារនៃច្បាប់ភូមិបាល ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលដែលដាក់ចេញគោលនយោបាយមួយចំនួនកាលពីឆ្នាំ២០០៩ ក្នុងគោលបំណងបែងចែកដីធ្លីប្រកបដោយសមធម៌។
ប្រហាក់ប្រហែលគ្នានេះ ប្រធានកម្មវិធីធនធានដីធ្លី និងធនធានធម្មជាតិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ជុំ ណារិន មានប្រសាសន៍ថា រដ្ឋាភិបាលបានបង្កើតច្បាប់ និងយន្តការផ្សេងៗជាច្រើនក្នុងការដោះស្រាយបញ្ហាដីធ្លីនេះ ហើយយន្តការ និងច្បាប់ទាំងនោះ មានខ្លឹមសារ និងអត្ថន័យល្អដែលគេអាចទទួលបាន។ ប៉ុន្តែអ្វីដែលធ្វើឲ្យកើតជំលោះដីធ្លីនោះ គឺដោយសារមន្ត្រីរដ្ឋាភិបាលមួយចំនួនមិនបានយកច្បាប់នេះទៅអនុវត្តឲ្យមានប្រសិទ្ធភាព។ មួយវិញទៀត លោកអះអាងថា ការមិនបានសិក្សាឲ្យបានស៊ីជម្រៅទៅលើការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ ក៏ជាកត្តាមួយដែលនាំឲ្យកើតមានជម្លោះដីធ្លីនេះដែរ។
ភ្ជាប់នឹងការលើកឡើងរបស់លោក ជុំ ណារិន នេះ អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍រងគ្រោះមកពីតំបន់បឹងកក់ ថ្លែងថា បើមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោមព្យាយាមដោះស្រាយបញ្ហាជំលោះដីធ្លីជូនពលរដ្ឋទៅតាមគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញនោះ ម្ល៉េះសមអ្នកបឹងកក់មិនទទួលរងខ្លោចផ្សារដូចបច្ចុប្បន្ននេះឡើយ។
ទោះយ៉ាងណា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ពលរដ្ឋគួរចាត់ទុកបញ្ហាទាំងអស់ដែលកំពុងកើតឡើងជាបញ្ហារួម ហើយនាំគ្នាជំរុញមន្ត្រីទាំងនោះឲ្យអនុវត្តច្បាប់ជាជាងសម្ងំស្ងៀមយករួចខ្លួន។ ម្យ៉ាងទៀត លោកបញ្ជាក់ថា វិបត្តិដីធ្លីបានក្លាយជាបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយពលរដ្ឋដែលរងគ្រោះពីជំលោះដីធ្លីនេះ មិនមែនមានតែអ្នកក្រីក្រនោះទេ ពលរដ្ឋខ្លះមានលុយកាក់ទៅទិញដីធ្លីក៏ត្រូវរងគ្រោះដោយសារគេរំលោភយកដីដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។