ស្វាយរៀង: ថៅកែរោងចក្រ យ៉កស៍ ( Yorks Cambodia ) ធ្វើស្រោមដៃ នៅខេត្តស្វាយរៀង បានអនុញ្ញាតឲ្យកម្មករដែលដួលសន្លប់ទាំង៧៦នាក់ បន្តឈប់សម្រាប់មួយថ្ងៃទៀត គឺនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២។ ដោយឡែកកម្មករដទៃទៀត គឺត្រូវចូលធ្វើការធម្មតាវិញ។
ថ្ងៃទី 22 កញ្ញា 2012
ដោយ: ចន្រ្ទា
CEN
លោកអភិបាលស្តីទីក្រុងបាវិត បានអៈអាងថា កម្មករដែលពុលទាំងនេះ មិនមែនមកពីពុល ថ្នាំគីមីកសិកម្មនោះទេ។ ហើយក្នុងនោះ ក៏មានការអៈអាង ពីមន្ត្រីកសិកម្មក្រុងបាវិតដែរថា មិនការពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋទេ ហើយប្រជាពលរដ្ឋក៏បានបដិសេដផងដែរ។ ការសនិដ្ឋាននោះ គឺផ្តោតទៅលើខាងរោងចក្រ នាំចូលក្រណាត់ថ្មីៗ ដែលអាចភាយសារធាតុគីមីរបស់ក្រណាត់។ ចំពោះកម្មករដែលពុលទាំងអស់ ត្រូវបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកជីភូ។ រហូតដល់ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ កម្មករទាំងនោះ បានធូរស្រាល នឹងត្រឡប់ទៅកាន់ផ្ទះវិញអស់ហើយ។
គួរបញ្ជាក់ផងដែរថា ៖ កម្មកររោងចក្រនោះ ទាំងអស់ ៥៩៨ នាក់ បានចូលធ្វើការបានប្រហែលជាមួយម៉ោង ក៏បានដួលសន្លប់ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
លោក អ៊ូ សុខខឿន មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង បានឲ្យដឹងថា កម្មករបានដួលសន្លប់នៅវេលាម៉ោង ៨ និង ២០ នាទីព្រឹកថ្ងៃនេះ ដោយសារពុលចំហាយថ្នាំ ដែលគេបាញ់ស្រូវ នៅក្បែររោងចក្រ ហើយនៅមុនពេលចូលធ្វើការ ខាងរោងចក្របានបើកកង្ហារ ដើម្បីបូមខ្យល់ចេញ-ចូល ឲ្យមានចរន្តខ្យល់ ក្នុងរោងចក្រ ដូចសព្វដង ប៉ុន្តែបានប្រហែលជាកន្លះម៉ោង ក៏មានកម្មការិនីម្នាក់ បានដួលសន្លប់ ហើយបានបន្តិចក្រោយមក ក៏មានអ្នកដួលសន្លប់បន្តបន្ទាប់ ដោយមានអ្នកសន្លប់ច្រើនដូច្នេះ ខាងរោងចក្រក៏បានឲ្យក្រុមកម្មករទាំងអស់ ឈប់សម្រាករយៈពេលមួយថ្ងៃ ដោយពុំកាត់ប្រាក់ខែ។
លោកបន្តថា អ្នករងគ្រោះ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ ចំនួន ៦៦ នាក់ ( ធ្ងន់ ២០នាក់ ) និងសម្រាកព្យាបាលនៅគ្លីនិកឯកជនក្រុងបាវិតចំនួន ១០នាក់ ( ធ្ងន់ ៤នាក់ ក្នុងអាការៈថប់ដង្ហើម )។
ដោយឡែកមន្ត្រីកសិកម្មក្រុងបាវិត បានអះអាងថា លោកបានចុះមកត្រួតពិនិត្យកន្លែងរោងចក្រកើតហេតុនេះ រួចហើយ គឺមានក្លិនពុល មិនល្អចេញពីក្នុងរោងចក្រ ដែលជាកន្លែងកម្មករធ្វើការ ពោលគឺពុំមានក្លិនថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋនៅក្បែរខាងនោះទេ។
លោកបានបញ្ជាក់ថា ពុំមានអ្នកបាញ់ថ្នាំស្រូវ ដែលបណ្តាលឲ្យពុលក្រុមកម្មករនោះឡើយ។ ម្យ៉ាងទៀតលោកបានកោះហៅប្រជាពលរដ្ឋទាំង ៦ គ្រួសារ ដែលធ្វើស្រែនៅក្បែររោងចក្រមកសាកសួរ ហើយពុំមានអ្នកណាបាញ់ថ្នាំពុលទេ បើបាញ់មែននោះ ច្បាស់ជាអ្នកបាញ់ថ្នាំរងគ្រោះ រហូតដល់ស្លាប់ជាក់ជាពុំខានឡើយ៕