មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា បានជួបប្រជុំគ្នានៅឯក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការចាំបាច់មួយចំនួនប្រឆាំងការជួញដូរមនុស្ស និងការពារពលករចំណាកស្រុកទៅប្រទេសថៃ និងប្រទេសមួយចំនួនទៀត។
ដោយ សុខ សេរី
2012-09-26
វិទ្យុអាស៊ីសេរី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅក្នុងពិធីប្រកាសបង្កើតក្រុមការងារប្រឆាំងការជួញដូរមនុស្ស នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២។ RFA/Sok Serey
វិធានការនោះគឺនៅគ្រាដែលការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ពលករខ្មែរបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ និងប្រទេសដទៃទៀត បានកើនឡើងឥតឈប់ឈរ ដើម្បីរកកម្រៃសំរាប់ជីវភាពគ្រួសារ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា បានប្រកាសបង្កើតក្រុមការងារមួយ ដើម្បីគ្រប់គ្រងលំហូរនៃពលករចំណាកស្រុក និងទប់ស្កាត់ការជួញដូរមនុស្សទៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសដទៃទៀតនៅក្នុងតំបន់។
ក្រុមការងារនេះ គឺដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ជាប្រធាន។ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សេង សក្កដា ជាអនុប្រធាន។ អគ្គនាយកអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី អ្នកស្រី ខៀវ សិរីវុឌ្ឍា ជាអនុប្រធាន។ អគ្គស្នងការរងនគរបាលជាតិ អ្នកស្រី យក់ សុខា ជាអនុប្រធានអចិន្ត្រៃយ៍ និងអគ្គនាយកបច្ចេកទេសក្រសួងយុត្តិធម៌ លោក ប៉ែន ពេជ្យសាលី ជាអនុប្រធាន។
ក្រៅពីនេះ នៅមានអនុប្រធាន និងសមាជិកនានាសរុបចំនួន ៣៤នាក់ នៃក្រុមការងារនេះ ក្រោមការគ្រប់គ្រងរបស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងការជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រឈមមុខបញ្ហាទេសន្តរប្រវេសន៍ ឬពលករចំណាកស្រុក ដើម្បីស្រូបយកផលប្រយោជន៍ទាំងស្របច្បាប់ និងមិនស្របច្បាប់ទៅប្រទេសថៃ និងប្រទេសដទៃទៀត។
លោកបានបន្តថា ការប្រឆាំងការជួញដូរមនុស្ស និងកំលាំងពលកម្មកន្លងមក មិនត្រូវបានចូលរួមសហការពីក្រសួង ឬស្ថាប័នមួយចំនួនឡើយ ដោយសារតែគេមើលស្រាលបញ្ហាជាតិ ឬខ្លាចប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន៖ «ហើយយើងខិតខំរួមគ្នាដើម្បីទប់ស្កាត់អំពើអសកម្មទាំងឡាយ ដែលប៉ះពាល់ទៅលើប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុក ឬក៏ទេសន្តរប្រវេសន៍ទាំងទៅស្របច្បាប់ ទាំងទៅមិនស្របច្បាប់។ …មិនបានសេចក្ដីថា ទៅស្របច្បាប់ល្អទាំងអស់ទេ»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង និងជាប្រធានក្រុមការងារប្រឆាំងការជួញដូរមនុស្សដែលទើបបង្កើតថ្មីនេះ បានមានប្រសាសន៍ថា មានវិធានការជាច្រើនដើម្បីអប់រំប្រជាពលរដ្ឋជៀសវាងការជួញដូរមនុស្ស និងកំលាំងពលកម្មកន្លងមក គឺតាមរយៈកាសែត ទូរទស្សន៍ ឆាកកំប្លែង និងរូបគំនូរជាដើម ប៉ុន្តែមិនអាចកាត់បន្ថយពលករចំណាកស្រុកបានទេ ដោយសារតែបញ្ហាជីវភាព។
អ្នកស្រី ជូ ប៊ុនអេង៖ «ទោះបីជាយ៉ាងនេះក្ដី ក៏ជនល្មើសបានរកវិធីសាស្ត្រថ្មីៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ចំណែកឯពលករជាជនរងគ្រោះតែងចាត់ទុកមេខ្យល់ជាអ្នកជួយពួកគេគេចផុតពីសំណាញ់ច្បាប់ និងនាំពួកគេទៅរកការងារធ្វើតាមបំណងប្រាថ្នា។ …ឯការបិទក្រុមហ៊ុនក៏មានផលពិបាកមួយចំនួនពាក់ព័ន្ធនឹងការទទួលខុសត្រូវ និងសុវត្ថិភាពពលករដែលជ្រើសរើសរួចហើយនោះ»។
ទាក់ទងនឹងការជួញដូរមនុស្សនេះដែរ នាយកនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកស្រ្តីនៅប្រទេសកម្ពុជា អ្នកស្រី វិនី កូស៊ូម៉ា (Wenny Kusuma) បានមានប្រសាសន៍ថា ពលករចំណាកស្រុកទាំងអស់គឺមិនមែនជាការជួញដូរមនុស្សទេ ប៉ុន្តែឧក្រិដ្ឋជនបានកេងប្រវ័ញ្ចកំលាំងពលកម្ម និងជួញដូរមនុស្សទាំងនោះទៅវិញ។
អ្នកស្រីបន្តដូច្នេះ៖ «ការទទួលផលប្រយោជន៍សង្គមស្មើភាពគ្នា និងការការពារសិទ្ធិមនុស្ស គឺជាការការពារមួយដល់ការធ្វើចំណាកស្រុកដល់ពលករទាំងនោះ។ កម្ពុជាបានប្ដេជ្ញាការពារសិទ្ធិមនុស្ស និងការការពារពលករចំណាកស្រុក ប៉ុន្តែការធ្វើចំណាកស្រុក គឺជាបញ្ហាសាកលនៅសម័យទំនើប ដូច្នេះហើយបញ្ហានេះមិនអាចត្រូវបានដោះស្រាយតែស្ថាប័នណាមួយតែម្នាក់ឯងបានឡើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចេញសារាចរមួយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ ដើម្បីបិទក្រុមហ៊ុនឈ្មោះ ធី អែន ភី (T&P) និងទប់ស្កាត់ការជួញដូរពលករទៅប្រទេសម៉ាឡេស៊ី ក្រោយពីផ្ទុះរឿងអាស្រូវបង្ខាំងមនុស្សខុសច្បាប់ និងជួញដូរមនុស្ស។
ដោយឡែករបាយការណ៍របស់មន្ត្រីជំនាញប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា មានពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ សរុបចំនួនជាង ៤០ម៉ឺននាក់។ ពលករខ្មែរមួយចំនួនទៀតត្រូវបានគេជួញដូរកំលាំងពលកម្មទៅប្រទេសដទៃទៀត ដើម្បីធ្វើការងារនេសាទជាទាសករ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយសំរាប់ឆ្នាំ២០១២ ដោយបានដាក់ឈ្មោះប្រទេសកម្ពុជា ក្នុងលំដាប់លេខ២ ដែលមានន័យថា សមត្ថកិច្ចនគរបាលកម្ពុជា បានប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សល្អប្រសើរ ប៉ុន្តែមិនទាន់ឈានដល់កម្រិតខ្ពស់បំផុតនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។