ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានប្រកាសថា រយៈពេល ១ ខែ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ គ.ជ.ប. បានចុះឈ្មោះអ្នកបោះឆ្នោតជិត ៦សែននាក់ ដែលស្មើនឹងជាង ៩៤% នៃផែនការ ដែលមានចំនួនប៉ាន់ស្មាន អ្នកត្រូវចុះឈ្មោះ ចំនួន ៦១៩.៦៣០ នាក់។
ថ្ងៃទី 2 តុលា 2012
ដោយ: លី សិលា
CEN
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីសភាពការណ៍ទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ គ.ជ.ប. បានប្រកាសថា រយៈពេល ១ខែ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មានអ្នកមកចុះឈ្មោះបោះឆ្នោតចំនួន ៥៨៦.៧៧២ នាក់ ស្មើនឹង ៩៤,៧០ ភាគរយ នៃចំនួនប៉ាន់ស្មានអ្នកត្រូវចុះឈ្មោះ ៦១៩.៦៣០ នាក់។ ក្នុងនោះ គ.ជ.ប. បានលុបឈ្មោះអ្នកបោះឆ្នោត ចេញពីបញ្ជីបោះឆ្នោត បានចំនួន ២០៣.៦៨៤ នាក់ និងកែតម្រូវទិន្នន័យអ្នកបោះឆ្នោត បានចំនួន ៥៦.៦៧៦ នាក់។
ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានប្រកាសថា លោកស្រីបណ្ឌិត ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប. បានមានប្រសាសន៍ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ បានប្រព្រឹត្តទៅជាធម្មតា តាមប្រតិទិន ដែលបានគ្រោងទុក ហើយក្រុមប្រឹក្សាឃុំសង្កាត់ និងស្មៀនឃុំសង្កាត់ ដែលជាមន្ត្រីចុះឈ្មោះបោះឆ្នោត បានអនុវត្តតាមនីតិវិធី និងតាមសេចក្តីណែនាំរួមរបស់ គ.ជ.ប. និងក្រសួងមហាផ្ទៃយ៉ាងត្រឹមត្រូវ។
សេចក្តីប្រកាស បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរវាងគ.ជ.ប. ជាមួយតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកមិញ លោកស្រីអនុប្រធាន គ.ជ.ប. ក៏បានស្រាយបំភ្លឺអំពិអនុសាសន៍ ដែលលើកឡើងដោយអង្គការខុមហ្វ្រែល ហើយ គ.ជ.ប. ក៏បានធ្វើលិខិតឆ្លើយបំភ្លឺទៅខុមហ្វ្រែលវិញហើយ ចំពោះករណី ដែលបានលើកឡើងនោះ។
ជាទូទៅ គ.ជ.ប. បានប្រកាសថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត រហូតមកដល់ពេលនេះ ពុំទាន់មានបណ្តឹងណាមួយ ត្រូវបានដាក់ប្តឹងទៅក្រុមប្រឹក្សាឃុំសង្កាត់ឡើយ។
ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ បានចាប់ផ្តើម តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។ បញ្ជីឈ្មោះបោះឆ្នោតនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕