ប្រជាពលរដ្ឋមកពីខេត្តកណ្ដាល ប្រមាណ ២០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាខាក្រុមហ៊ុនស៊ី.ធី (CT) មានទីតាំងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពកិច្ចសន្យា និងសងប្រាក់កក់ជូនពួកគេវិញ។
ដោយ ដែន អយុធ្យា
2012-10-03
វិទ្យុអាស៊ីសេរី

ពលការិនីមកចូលរួមតវ៉ាឲ្យក្រុមហ៊ុនស៊ី.ធី (CT) ផ្តល់ប្រាក់កក់ឲ្យពួកគាត់វិញ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២។ RFA/Den Ayuthea
បុរសឈ្មោះ មួក សេង តំណាងពលរដ្ឋស្រុកលើកដែក ខេត្តកណ្ដាល បានឲ្យដឹងនៅថ្ងៃទី៣ ខែតុលា ថា ក្រុមហ៊ុនស៊ី.ធី បានបោកយកប្រាក់ពីពួកគាត់ក្នុងម្នាក់ចំនួន ១៤០ដុល្លារ ដោយសន្យានាំទៅធ្វើការនៅប្រទេសថៃ។ ប៉ុន្តែលោកថា បានអូសបន្លាយពេល ៩ខែហើយ ដែលតំណាងក្រុមហ៊ុនមិនអនុវត្តតាមកិច្ចសន្យារបស់ខ្លួនទេ។
តំណាងពលរដ្ឋរូបនេះ បានទាមទារឲ្យក្រុមហ៊ុនស៊ី.ធី ផ្តល់ប្រាក់កក់ ឬប្រាក់ចំណាយផ្សេងៗ ជូនពួកគាត់វិញ។
អ្នកស្រី សេង សារ៉ន មានកូនចំនួន ៦នាក់ បានដាក់ពាក្យរកការងារធ្វើនៅក្រុមហ៊ុនស៊ី.ធី ដែរ ក៏បានស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌ និងជំរុញឲ្យក្រុមហ៊ុនបង្វិលលុយចំនួន ១៤០ដុល្លារ ក្នុងម្នាក់ៗជូនពួកគាត់វិញ។
ស្ត្រីវ័យក្មេងច្រើននាក់ទៀត ដែលបានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនស៊ី.ធី ព្រឹកថ្ងៃទី៣ ខែតុលា ក៏បានស្នើឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។
ពលរដ្ឋបញ្ជាក់ថា ពួកគាត់បានដាក់ពាក្យរកការងារធ្វើនៅក្រុមហ៊ុនស៊ី.ធី នាដើមខែមករា ឆ្នាំ២០១២ ដោយក្រុមហ៊ុនសន្យាថានឹងនាំទៅធ្វើការតាមរោងចក្រក្នុងប្រទេសថៃ ប៉ុន្តែមកដល់ខែតុលា នេះ ក្រុមហ៊ុនមិនបានគោរពសន្យាទេ។
ប្រធានរដ្ឋបាលក្រុមហ៊ុនស៊ី.ធី លោក ឡាច ចិត្រា បានគេចមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។ ប៉ុន្តែ បុគ្គលិកមិនបង្ហាញអត្តសញ្ញាណម្នាក់ បានឲ្យដឹងថា ក្រុមហ៊ុនស៊ី.ធី ជាក្រុមហ៊ុនផ្គត់ផ្គង់ការងារស្របច្បាប់នៅក្រៅប្រទេស។ លោកទទួលស្គាល់ភាពយឺតយ៉ាវក្នុងការនាំពលករចេញទៅធ្វើការនៅក្រៅប្រទេស ប៉ុន្តែក្រុមហ៊ុនមិនបានបោកប្រាស់ពលរដ្ឋដូចការចោទប្រកាន់ទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺជុំវិញកង្វល់ពលរដ្ឋជាមួយក្រុមហ៊ុនស៊ី.ធី បានទេ នៅថ្ងៃទី៣ ខែតុលា។ ប៉ុន្តែកន្លងមក លោកមានប្រសាសន៍ថា បើមានបណ្ដឹងពីប្រជាពលរដ្ឋមកក្រសួងតាមរយៈប៉ូលិសមូលដ្ឋាន ក្រសួងមហាផ្ទៃនឹងបើកការស៊ើបអង្កេត។
ទាក់ទិនបញ្ហានេះ លោក យ៉ាណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា (CARAM) បានថ្លែងថា បើមានបណ្ដឹងពីពលរដ្ឋ អង្គការនេះនឹងជួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋ បើពិតជាក្រុមហ៊ុនស៊ី.ធី មានបំណងបោកពលរដ្ឋដូចការចោទមែននោះ។
លោកបានឲ្យដឹងថា ពលករចេញទៅរកការងារធ្វើនៅក្រៅប្រទេស ទោះតាមក្រុមហ៊ុនស្របច្បាប់ ឬខុសច្បាប់ក្តី នៅបន្តជួបបញ្ហាការរំលោភសិទ្ធិមនុស្សទាំងផ្លូវកាយ និងចិត្ត ពីសំណាក់ក្រុមហ៊ុន ឬម្ចាស់ផ្ទះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។