ភ្នំពេញ : ស្ថិតក្នុងវ័យ៤២ឆ្នាំ អ្នកស្រី និន វី គឺជានារីម្នាក់ដែលមានមុខរបរដ៏ចម្លែកមួយ។ ជារៀងរាល់ថ្ងៃ អ្នកស្រីតែងតែជិះម៉ូតូពីភូមិកំណើតនៅខេត្តកណ្ដាល ជូនកូនៗមកសាលា មុននឹងបន្តអាជីពប្រចាំថ្ងៃជាអ្នករត់ម៉ូតូឌុបនៅភ្នំពេញ។
Monday, 08 October 2012
Julius Thiemann
ភ្នំពេញ ប៉ុស្តិ៍

អ្នកស្រី និន វី ដែលបានប្រកបមុខរបរជានារីរត់ម៉ូតូឌុប ដើម្បីផ្គត់ផ្គង់កូនស្រី២នាក់ឲ្យរៀនសូត្របានខ្ពស់ខ្ពស់។ រូបថត សហការី
តើអ្នកស្រីយល់ថាខ្លួនជាអ្នករត់ម៉ូតូឌុបម្នាក់ដ៏ល្អដែរឬទេ?
ចាស ព្រោះខ្ញុំស្គាល់ផ្លូវគ្រប់ច្រកល្ហកនៅភ្នំពេញតាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ។ អ្នករត់ម៉ូតូឌុបខ្លះគាត់មិនសូវជាស្គាល់ផ្លូវអ្វីទេ ហើយពួកគេចេះតែសួរគ្នារកផ្លូវ។ ក្រៅពីស្គាល់ផ្លូវច្បាស់ ខ្ញុំក៏ចេះជួសជុលម៉ូតូដោយខ្លួនឯងដែរ ដូចជា ប្ដូរប្រេងម៉ាស៊ីន និងធ្វើម៉ូតូពេលបញ្ឆេះមិនឆេះ។
តើជាអ្នករត់ម៉ូតូឌុប អ្នកស្រីតែងមានការប្រុងប្រយ័ត្នខ្ពស់ដូចម្ដេចដែរ?
ខ្ញុំត្រូវតែប្រយ័ត្នប្រយែង ជាពិសេសគឺអ្នកជិះជាបុរសដែលស្រវឹងស្រាតែម្ដង។ដូច្នេះហើយទើបខ្ញុំរត់ម៉ូតូឌុបតែពីម៉ោង៨ព្រឹកដល់ម៉ោង៧យប់ប៉ុណ្ណោះ។ អ្នកស្រវឹងស្រានិយាយពិបាកស្ដាប់គ្នាណាស់។ ពួកគេមិនដឹងថាចង់ឲ្យខ្ញុំដឹកទៅដាក់កន្លែងណា ហើយពេលខ្លះមិនព្រមបង់លុយឲ្យខ្ញុំទៀត។ ខ្ញុំសុខចិត្តដឹកភ្ញៀវស្រីៗ បើទោះជាពួកគេតថ្លៃច្រើន ហើយដឹកមួយជើងៗបានតែ២-៣ពាន់រៀលក្ដី។
តើអ្នកស្រីមានធ្លាប់សាកល្បងស្វែងរកការងារអ្វីផ្សេងពីនេះទេ?
ខ្ញុំ ក៏ធ្លាប់ធ្វើការងារច្រើនមុខណាស់។ការងារអ្វីក៏ខ្ញុំធ្វើដែរឲ្យ តែបានលុយ លើកលែងតែសម្លាប់មនុស្ស។ ឥឡូវខ្ញុំបម្រើការឲ្យគ្រួសារមកពីប្រទេសស៊ីមបាវ៉េ។ ខ្ញុំធ្វើជាចុងភៅ បោកគក់ បោសសម្អាត និងជួយជូនកូនៗរបស់ពួកគេទៅសាលារៀន។ មួយអាទិត្យខ្ញុំធ្វើការតែ៤ថ្ងៃទេ តែខ្ញុំអាចរកបាន៦០ដុល្លារ។ តែដោយសារវាមិនគ្រប់គ្រាន់នឹងចិញ្ចឹមគ្រួសារ ទើបខ្ញុំត្រូវរត់ម៉ូតូឌុបរកកម្រៃបន្ថែម។ ជួនកាល១ថ្ងៃខ្ញុំរកបាន១០ទៅ១៥ដុល្លារ តែថ្ងៃនេះរកមិនបានសូម្បីតែ១រៀល។ ប៉ុន្តែរត់ម៉ូតូឌុបពិតជារកបានច្រើនគ្រាន់បើ ដូច្នេះហើយទើបខ្ញុំបន្តធ្វើរហូតជាង៤ឆ្នាំនេះ។
ហេតុអ្វីបានជាអ្នកស្រីខំប្រឹងរកប្រាក់ឲ្យបានច្រើនដូច្នេះ?
ខ្ញុំរ៉ាប់រងបន្ទុកគ្រួសារទាំងមូល។ ខ្ញុំធ្លាប់រៀបការជាមួយបុរសនីហ្សេរីយ៉ាម្នាក់ ប៉ុន្តែគាត់ក៏វិលទៅស្រុក និងប្រាប់ឲ្យខ្ញុំរកប្រុសផ្សេងរៀបការចុះ។ នៅឆ្នាំ១៩៩៨ ខាងអង្គការសហប្រជាជាតិប្រាប់ខ្ញុំថា ប្ដីខ្ញុំបានស្លាប់ហើយនៅក្រុងញូវយ៉ក។ ខ្ញុំមានកូនស្រី២នាក់អាយុ១៤ និង១៨ឆ្នាំ សុទ្ធតែនៅរៀន។ ខ្ញុំត្រូវការប្រាក់ច្រើនឲ្យពួកគេរៀនបានចប់ចុងចប់ដើម កុំឲ្យល្ងិតល្ងង់ដូចខ្ញុំដែលធំក្នុងសម័យខ្មែរក្រហមមិនបាន រៀនសូត្រអ្វីនឹងគេ។
តើជាស្ត្រីអ្នករត់ម៉ូតូឌុបដូច្នេះ អ្នកស្រីជួបប្រទះនឹងបញ្ហាអ្វីខ្លះ?
ពួក ម៉ូតូឌុបប្រុសៗភាគច្រើនរើសអើងមិនចង់ឲ្យខ្ញុំចតម៉ូតូចាំម៉ូយ ក្បែរពួកគេទេ ហើយខ្ញុំមិនចូលចិត្តឲ្យអ្នកណាម្នាក់មកបញ្ជាខ្ញុំឡើយ ដូច្នេះខ្ញុំសុខចិត្តទៅចតចាំម៉ូយនៅកែងផ្លូវម្ខាងទៀត។
តើអ្នកស្រីមានអារម្មណ៍យ៉ាងណាដែរពេលប្រកបមុខរបរនេះ?
ជួន កាលខ្ញុំមានអារម្មណ៍ថាឯកាខ្លាំងណាស់ ព្រោះគ្មាននារីណាផ្សេងដែលប្រកបមុខរបររត់ម៉ូតូឌុបឬតុកតុកដូច ខ្ញុំ។ ម៉្យាងខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែងព្រោះតែពួកម៉ាកគេចេញទៅ ធ្វើការនៅម៉ាឡេស៊ី ចិន និងអាមេរិកអស់ទៅ។ ពេលខ្ញុំអង្គុយចាំម៉ូយកាន់តែយូរ កាន់តែគិតវែងឆ្ងាយ កាន់តែពិបាកចិត្ត។
តើអ្នកស្រីមានបំណងប្រាថ្នាអ្វីដែរសម្រាប់ថ្ងៃអនាគត?
ខ្ញុំ ចង់មានក្រុមគ្រួសារដ៏ល្អមួយ និងចង់ឲ្យកូនៗទាំង២បានរៀនចប់ចុងចប់ដើម។ កូនស្រីច្បងខ្ញុំរៀនចប់វិទ្យាល័យទាំងខ្មែរ និងអង់គ្លេស។ ខ្ញុំចង់ឲ្យនាងធ្វើជាមេធាវី។ ចំណែកឯកូនស្រីពៅខ្ញុំ ខ្ញុំចង់ឲ្យនាងក្លាយជាមន្ត្រីស្ថានទូតនៅថ្ងៃអនាគត។ ចំពោះរូបខ្ញុំ ខ្ញុំចង់រកប្រាក់ឲ្យបានច្រើនដើម្បីបើកហាង ដោយសារតែខ្ញុំពូកែធ្វើម្ហូបណាស់។ ខ្ញុំទៅវិហាររាល់ថ្ងៃសៅរ៍ និងបន់ស្រន់រាល់ថ្ងៃដើម្បីឲ្យសុបិននេះក្លាយជាការពិត៕ PR