ខេត្តបន្ទាយមានជ័យ: ពលរដ្ឋ ៨១៧ គ្រួសារ នៅបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា (CRC) ដែលប្រើជំនួយជាង ៣ម៉ឺនដុល្លាររបស់កាកបាទក្រហមដាណឺម៉ាក។ មួយគ្រួសារៗទទួលបានអង្ករ ៥០ គីឡូក្រាម មី ១កេសតូច និងត្រីខ ១០កំប៉ុង។
ថ្ងៃទី 9 តុលា 2012
ដោយ: សូផុន
CEN
ពិធីចែកជំនួយនោះ បានធ្វើនៅក្រុងសិរីសោភ័ណ ដោយមានលោកឧកញ៉ា អ៊ឹម ភាន់សុផល អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សាខាខេត្ត /លោក ឈុំ វណ្ណារិទ្ធ អភិបាលរងខេត្ត លោក អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កញ្ញា ភារ៉ាឡា តំណាងកាកបាទក្រហមដាណឺម៉ាក ចូលរួម ជាដើម។
ដោយឡែកនៅឯនៅស្រុកមង្គលបុរី ក៏មានពិធីចែកជំនួយសង្គ្រោះបន្ទាន់ដល់អ្នករងគ្រោះដោយទឹកជំនន់ផងដែរ។
លោក អ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ទឹកជំនន់ជាង ៣ សប្ដាហ៍មកនេះ នៅក្រុងបានប៉ះពាល់ ៧ សង្កាត់ ហើយដំណាំស្រូវជាង ១ ម៉ឺនហិកតា ( អាចខូចខាត ) ពលរដ្ឋ ២.៧០០ គ្រួសារ ក្នុងនោះជិត ៦០០ គ្រួសារ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ប៉ះពាល់ផ្លូវជាង ៤០ គីឡូម៉ែត្រ សាលារៀន ១០ កន្លែង វត្ត ៥ កន្លែង និងបង្កការលំបាកជាខ្លាំងដល់ពលរដ្ឋ។
លោក អ៊ឹ ឡុង អភិបាលស្រុងមង្គលបុរី បានឲ្យដឹងក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ធ្វើនៅវត្តអូរស្ងួត ឃុំអូរមាន ដោយលើកឡើងថា ភូមិចំនួន ៦៨ ក្នុងចំណោមភូមិសរុបទូទាំងស្រុកមង្គលបុរី ១៦០ ភូមិ ត្រូវទឹកជំនន់លិច ចាប់ពីថ្ងទី២៥ ខែកញ្ញា ឆ្នាំ២០១២ បានប៉ះពាល់ផ្ទះពលរដ្ឋ ៤.៤៩៧ គ្រួសារ សាលារៀន ២៣ មណ្ឌលសុខភាព ៣ វត្ត ៧ ត្រូវលិចលង់។ រីឯស្រូវ ៧.៨៧១ ហិកតា និងផ្លូវលំ ១០៨.៤៦២ ម៉ែត្រ ក៏ត្រូវទឹកជំនន់លិចលង់ផងដែរ។
លោកអភិបាលស្រុកមង្គលបុរី បានឲ្យដឹងថា ប្រជាពលរដ្ឋ ៥១៣ គ្រួសារ បានទទួលអំណោយកាកបាទក្រហម កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ និងនៅ ១.០០០ គ្រួសារ កំពុងត្រូវការជំនួយបន្ដ។
កញ្ញា ការ៉ាឡា តំណាងកាកបាទក្រហម ដាណឺម៉ាក (DRC) ប្រចាំកម្ពុជា និយាយថា DRC បានដឹង និងមើលឃើញនូវការរងគ្រោះរបស់ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ពីគ្រោះធម្មជាតិទឹកជំនន់ ក៏បានស្នើផ្ដល់ជំនួយសង្គ្រោះបន្ទាន់ តាមដែលលទ្ធភាពជួយបាន តាមរយៈកាកបាទក្រហមកម្ពុជា។ ឥឡូវឃើញជំនួយបានមកដល់ដៃពលរដ្ឋទាំងនោះហើយ។
លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ នៃកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា កាកបាទក្រហមដាណឺម៉ាក បានឃើញការលំបាករបស់ប្រជាជនកម្ពុជា រងគ្រោះដោយសារទឹកជំនន់ ជូនអំណោយដ៏ថ្លៃថ្លានេះ ចំពោះកាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាប្រធាន។
លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាំនូវបណ្ដាំសួរសុខទុក្ខពីលោកជំទាវប្រធាន ប៊ុនរ៉ានី ហ៊ុនសែន និងសម្ដេចនាយករដ្ឋមន្ដ្រី ចំពោះពលរដ្ឋរងគ្រោះ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋប្រយ័ត្ន កុំឲ្យមានគ្រោះថ្នាក់ រស់នៅ ហូបចុក ត្រូវមានអនាម័យ និងខំស្ដារឡើងវិញក្រោយទឹកស្រក។
លោកឧកញ៉ា អ៊ឹម ភាន់សុផល អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រោយមានទឹកជំនន់ ចូលឆ្នាំទី២នេះ ខេត្ត ក្រសួងធនធានទឹក និងផ្នែកពាក់ព័ន្ធ បាន និងកំពុងសិក្សាពីផែនការគ្រប់គ្រងទឹកជំនន់ បន្ទាប់ពីបានខិតខំសង្គ្រោះ ដោះស្រាយ ឆ្លើយតបចំពោះពលរដ្ឋរងគ្រោះ។ ក្នុងនោះមានការផ្ដល់អំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ សប្បុរសជននានា។
លោកឧកញ៉ា អ៊ឹម ភាន់សុផល មានប្រសាសន៍ថា ភាពរងគ្រោះ រងទុក្ខលំបាករបស់ពលរដ្ឋ ជាក្ដីកង្វល់ និងយកចិត្តទុកដាក់ដោះស្រាយពីសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន និងសប្បុរសជន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងកាកបាទក្រហមកម្ពុជា៕ S

.jpg?1349750437)
.jpg?1349750437)
.jpg?1349750437)