សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋសភា បាន​បើក​កិច្ចប្រជុំ និង​អនុម័ត​ដោយ​ឯកច្ឆ័ន្ទ លើ​សមាសភាព គ​.​ជ​.​ប​. ដោយ​សំឡេង​គាំទ្រ ៨៧ លើ ៨៧ សំឡេង​។ សមាសភាព គ​.​ជ​.​ប​. ចំនួន ៩ រូប ដែល​រដ្ឋសភា បាន​ប្រជុំ​បោះឆ្នោត អនុម័ត នៅ​ព្រឹក​មិញ មាន​ការផ្លាស់ប្តូរ​សមាជិក ២ រូប តែ​បេក្ខភាព​ប្រធាន នៅតែ​ជា​លោក អ៊ឹម សួស្តី និង​អនុប្រធាន គឺ​លោកស្រី ស៊ីន ជុំ​បូ ដូច​អាណត្តិ​កន្លងមក​។ សមាសភាព​ប្រធាន​ដដែល​នេះ នាំ​ឲ្យ​គណបក្សប្រឆាំង សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​មិញ​ឡើយ។

ថ្ងៃ ព្រហស្បតិ៍ 11 តុលា 2012
ដោយ លី ម៉េងហួរ
RFI

សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង

សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង © លី​ ម៉េងហួរ

សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ

(04:19)

កិច្ចប្រជុំ​រដ្ឋសភា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​សមាជិក​រដ្ឋសភា ៨៧ រូប ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ )។ ចំណែក​សមាជិក​រដ្ឋសភា​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស សរុប​ចំនួន ២៩ រូប បាន​ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​ទេ ដោយ​សំអាង​ថា សមាសភាព គ​.​ជ​.​ប​. មិន​មាន​ការផ្លាស់ប្តូរ ដែល​នាំ​ឲ្យ​គណបក្សប្រឆាំង នៅ​ចោទប្រកាន់ថា គ​.​ជ​.​ប​. មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត្យ។
 
សមាសភាព គ​.​ជ​.​ប​. ចំនួន ៩ រូប ដែល​មាន​អាណត្តិ ៥ ឆ្នាំ និង​ត្រូវបាន​រដ្ឋសភា ប្រជុំ​បោះឆ្នោត អនុម័ត នៅ​ព្រឹក​មិញ គឺ​លោក អ៊ឹម សួស្តី នៅតែ​ជា​ប្រធាន និង​លោកស្រី ស៊ីន ជុំ​បូ ជា​អនុប្រធាន ដូច​អាណត្តិ​កន្លងមក​។​
​ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា លោក អ៊ឹម សួស្តី ដែល​បាន​ឡើង​ធ្វើ​ជា​ប្រធាន គ​.​ជ​.​ប​. ចំនួន ២ អាណត្តិ មកហើយ ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០០៣ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ដោយ​លោក​ប្តេជ្ញា បំពេញការងារ​រៀបចំ​ការ​បោះឆ្នោត ដោយ​ឯករាជ្យ ស្របតាម​ច្បាប់​កំណត់​។ លោក អ៊ឹម សួស្តី ក៏​បាន​បដិសេធ ចំពោះ​ការលើកឡើង​ថា គ​.​ជ​.​ប​. រៀបចំ​ការបោះឆ្នោត ដោយ​មិន​ឯករាជ្យ​នោះ​។
 
លោក អ៊ឹម សួស្តី​៖"​បញ្ហា​នេះ វា​ជា​រឿង​ដដែលៗ​ទេ ពេលដែល​យើង​ធ្វើ​ពីរ​អាណត្តិ​កន្លងមកនេះ យើង​ធ្វើ​ជា​ចំហរ​ធ្វើ​ដោយ​តម្លាភាព​ធ្វើការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ពន្ធ័​ទាំង​អស់​។ ការ​ដែល​ចោទថា មិន​ឯករាជ្យ​មិន​អព្យាក្រឹត្យ មិនមែន​ចោទ​លើ​មាត់ទទេ​ទេ គឺ​ត្រូវ​ពិនិត្យមើល​លើ​សកម្មភាព ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ធ្វើ​ដោយ​ឈរ​លើ​ច្បាប់ តើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ធ្វើ​អ្វី​ខ្លះ ?"។
 
ថ្មីៗ​នេះ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ទទូច​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ ផ្លាស់ប្តូរ​សមាជិក គ​.​ជ​.​ប​. ដោយ​រៀបចំ​ជ្រើសរើស​បុគ្គល​ឯករាជ្យ ដើម្បី​អ្វី​ដែល​គណបក្ស​ប្រឆាំង​អះអាងថា ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ធ្វើឡើង​ដោយ​យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​។ គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស បាន​ព្យាយាម​ដាក់សំណើ​ជា​លិខិត ហើយ​បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយនឹង​តំណាង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​។ ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ មិន​ទទួលយក​សំណើ​របស់​គណបក្សប្រឆាំង ចំពោះ​ការផ្លាស់ប្តូរ​សមាសភាព គ​.​ជ​.​ប​. ឡើយ​។​
​លោក គង់ គាំ ប្រធានស្តីទី គណបក្ស​សមរង្ស៊ី នៅតែ​មាន​ជំនឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិនិត្យ​ឡើងវិញ​លើ​សមាសភាព គ​.​ជ​.​ប​.​។​
 
សមាសភាព គ​.​ជ​.​ប​. ទាំង ៩ រូបនោះ ត្រូវបាន​គេ​ដឹងថា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៥ រូប គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២ រូប និង​គណបក្ស​សមរង្ស៊ី ២ រូប​។ ប៉ុន្តែ​លោក គង់ គាំ បានឲ្យដឹងថា សមាជិក គ​.​ជ​.​ប​. ២ រូប ទៅ​ពី​គណបក្ស​សមរង្ស៊ី គឺ​លោក សោម ច័ន្ទឌីណា និង​លោក ម៉ៅ សុភា​រិទ្ធ មិន​អាច​ធ្វើឲ្យមាន​ឯករាជ្យ ឬ​ក៏​ធ្វើ​សេចក្តីសម្រេចចិត្ត​អ្វី​បាន នៅក្នុង គ​.​ជ​.​ប​. ឡើយ​។​
​យ៉ាងណាក៏ដោយ លោក គង់ គាំ បានឲ្យដឹងថា គណបក្សប្រឆាំង សមរង្ស៊ី និង​សិទ្ធិមនុស្ស ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​មិន​ចូលរួម​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​ក្រោយ​ឡើយ ព្រោះ​សមាសភាព គ​.​ជ​.​ប​. មិន​មាន​ការ​ផ្លាស់ប្តូរ​៕

———————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Related Articles