ភ្នំពេញ: នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ មានមនុស្សស្លាប់ និងរងរបួស ៣៤ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ១៨ លើក កើតឡើងនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់ប៉ូលិស។
ថ្ងៃទី 14 តុលា 2012
ដោយ: លី សិលា
CEN
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានមនុស្ស ៥នាក់ បានស្លាប់ រងរបួសធ្ងន់ ១៧នា ក់ (ស្រី៥នាក់) និងរបួសស្រាល១២ នាក់ (ស្រី៣នាក់) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៨ លើក នៅទូទាំងប្រទេស នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២។
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ជាពេលវេលាមមាញឹក ដែលប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ពិសេសអ្នកចាកចេញពីភ្នំពេញ ដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិ នៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
របាយការណ៍ប៉ូលិស បង្ហាញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៨ លើក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ បង្កឲ្យខូចខាត យានយន្តសរុប ៣៨គ្រឿង ក្នុងនោះម៉ូតូ២២គ្រឿង រថយន្តធុនស្រាល ១០គ្រឿង រថយន្តធុនធ្ងន់ ១គ្រឿង យានផ្សេងៗ ១គ្រឿង។
ប៉ូលិសបានឲ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្មើសល្បឿន ៥លើក មិនគោរពសិទ្ធិ ៥លើក មិនប្រកាន់ស្តាំ ៥លើក បត់គ្រោះថ្នាក់ ៣លើក។ ក្នុងនោះគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ១៨ នាក់។
ប៉ូលិសក៏បានឲ្យដឹងថា ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យ នៅអង្គភាព នៅថ្ងៃទី១៣តុលា មានរថយន្តសរុប ២៤គ្រឿង គឺរថយន្តដឹកអ្នកដំណើរធុនតូច ២២គ្រឿង រថយន្តដឹកទំនិញធុនតូច ១គ្រឿង រថយន្តដឹកទំនិញធុនធំ ១គ្រឿង។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាលខណ្ឌ/ស្រុក ១គ្រឿង និងនៅស្នងការដ្ឋាននគរបាល រាជាធានី/ខេត្ត ២៣គ្រឿង៕