ប្រជាពលរដ្ឋនៅភូមិទួលថ្ម ឃុំថ្មពួក ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខនៅក្នុងភូមិ ដោយសារតែមានយុវជនជាច្រើន បានជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ហើយសមត្ថកិច្ចមិនបានចាត់វិធានការចុះបង្ក្រាបលើករណីនេះឡើយ។
ដោយ ទេព សុរ៉ាវី
2012-10-14
វិទ្យុអាស៊ីសេរី
អ្នកភូមិទួលថ្ម ម្នាក់ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ថា ក្រុមយុវជនក្នុងភូមិជាច្រើនបានប្រើប្រាស់ថ្នាំញៀនគ្រាប់ប្រភេទម៉ាទឹកកក និងថ្នាំញៀនប្រភេទម្សៅ ហើយមានខ្លះទៀត បានចែកចាយថ្នាំញៀននៅតាមភូមិ។ លោកបន្តថា ក្រុមក្មេងញៀនថ្នាំទាំងនោះ កាលណាស្រវឹងថ្នាំញៀនម្តងៗ តែងវាយគ្នាក្នុងភូមិ និងមានពេលខ្លះដើរលួចរបស់របរ និងប្លន់ម៉ូតូអ្នកភូមិ ដើម្បីបានលុយទិញថ្នាំញៀនសម្រាប់ជក់បន្តទៀត៖ «ព្រោះអីវាជក់វាលក់អីច្រើន វាលួចរបស់របរអ្នកស្រុក វាលួចអត់សល់។ អ៊ីចឹង វាជក់ហើយវាជក់ វាវ៉ៃគ្នាអីអ៊ីចឹង ខ្ញុំទៅប្រាប់ប៉ូលិស ប៉ូលិសអត់ធ្វើឲ្យអ៊ីចឹងបង»។
អ្នកភូមិដដែលបញ្ជាក់ថា គាត់ធ្លាប់យកបញ្ហានេះប្ដឹងនាយប៉ុស្តិ៍នគរបាលឃុំ និងស្រុក ជាច្រើនលើកមកហើយ ឲ្យជួយចុះបង្ក្រាបការប្រើប្រាស់ និងចែកចែងគ្រឿងញៀនខុសច្បាប់ នៅភូមិទួលថ្ម នោះ តែសមត្ថកិច្ចគ្រាន់តែសន្យាម្តងជាពីរដង ថានឹងចុះទៅបង្ក្រាប តែជាក់ស្ដែងអាជ្ញាធរមិនបានគោរពតាមការសន្យានោះឡើយ និងបានបណ្ដែតបណ្តោយឲ្យមានការលួចប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងកុះករក្នុងភូមិ។
អ្នកភូមិម្នាក់ទៀត ឲ្យដឹងស្រដៀងគ្នាថា ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងភូមិទួលថ្ម មានយូរឆ្នាំមកហើយ តែក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានក្មេងជំទង់អាយុចាប់ពី ២០ឆ្នាំឡើង បានជួបជុំគ្នាកាន់តែច្រើន និងប្រើប្រាស់គ្រឿងញៀនច្រើនមុខ ដែលធ្វើឲ្យមានការព្រួយបារម្ភពីសុវត្ថិភាព និងសន្តិសុខដល់អ្នកភូមិក្នុងពិធីបុណ្យទាន៖ «វាអត់ធ្វើការអី វាដើរខ្វះលុយខ្វះកាក់អី ដើរលួចបេះបោចរបស់ដំណាំគេអីអ៊ីចឹង។ ក្មេងអស់នេះ វាសប្បាយភ្លើតភ្លើននឹងរឿងថ្នាំ និងម៉ែឳប្រើមិនបាន»។
ទាក់ទងនឹងបញ្ហាប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅភូមិទួលថ្ម នេះ លោក ឃឹម សុខម៉ាច ហៅ ប្រុស ជានាយរងប៉ុស្តិ៍នគរបាលឃុំថ្មពួក ទទួលស្គាល់ថា ពិតជាមានការលួចលាក់ និងប្រើប្រាស់ថ្នាំញៀនច្រើនពិតមែនក្នុងភូមិទួលថ្ម។ លោក ឃឹម សុខម៉ាច ក៏បានទទួលបណ្ដឹង និងឮការត្អូញត្អែរច្រើនពីអ្នកភូមិ ដែលបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ដែរ។ លោកបន្តថា បច្ចុប្បន្ន ក្រុមការងាររបស់គាត់កំពុងធ្វើការស្រាវជ្រាវ និងតាមដានចាប់ខ្លួនអ្នកចែកចាយថ្នាំញៀនយកផ្ដន្ទាទោសតាមច្បាប់៖ «វាមាន និងវាដោយលួចលាក់ នៅក្នុងព្រៃចម្ការចេក ដោយតំបន់នេះវាស្មុគស្មាញ ដោយព្រៃចម្ការចេក ប៉ុន្តែវាអត់មានឃើញភស្តុតាងស្អីអ្វីដែលនៅជាប់នឹងខ្លួនរបស់វា និងនៅពេលហ្នឹងមានការស្មុគស្មាញដែរ។ ទោះជាមានការស្មុគស្មាញ ក៏កម្លាំងប៉ុស្តិ៍របស់ខ្ញុំត្រូវតែទៅដល់ត្រូវតែបង្ក្រាបរាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់មកឲ្យ»។
លោក ឃឹម សុខម៉ាច បញ្ជាក់ថា សមត្ថកិច្ចក៏បានពង្រាយកម្លាំងការពារសុវត្ថិភាព និងសន្តិសុខដល់អ្នកភូមិ ដោយក្នុងមួយវត្ត ឬមួយគោលដៅ មានចំនួន ២នាក់ និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភខ្លាំងពេកពីសុវត្ថិភាព និងសន្តិសុខក្នុងពេលបុណ្យភ្ជុំបិណ្ឌ ព្រោះសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានយាមកាមបានយ៉ាងល្អ។
តាមផែនការជាតិ ៥ឆ្នាំ ក្នុងអាណត្តិទី២ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន (ឆ្នាំ២០១១-២០១៥) ក្នុងតំបន់អាស៊ាន រដ្ឋាភិបាលកម្ពុជា ចំណាយប្រាក់ជាង ៤១លានដុល្លារ សម្រាប់ធ្វើការងារដោយធានាពង្រឹងដល់ការត្រួតពិនិត្យចរាចរណ៍គ្រឿងញៀនក្នុងតំបន់អាស៊ាន។ ក្នុងអាណត្តិទី២ រដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្ដោតសំខាន់លើការជួយព្យាបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀន។
កាលពីខែសីហា ឆ្នាំ២០១២ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាប់ជនសង្ស័យរត់ពន្ធគ្រឿងញៀនចំនួន ៦នាក់ ដែលភាគច្រើនជាស្ត្រីថៃ និងរឹបអូសបានគ្រឿងញៀនសរុបជាង ៣០គីឡូក្រាម ដែលបាននាំឆ្លងដែនចូលមកកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅមុនការបង្ក្រាបនេះ នគរបាលប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យរត់ពន្ធគ្រឿងញៀនម្នាក់ និងរឹបអូសបានម្សៅសារធាតុផ្សំគ្រឿងញៀន និងសម្ភារៈផលិតគ្រឿងញៀនសរុបជាង ៣០តោន ដឹកតាមកប៉ាល់ចូលមកកំពង់ផែខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។