នាយករដ្ឋមន្ត្រី​ថៃ វៀតណាម និង​ឡាវ មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ ដោយ​ផ្ទាល់​នៅ​រសៀល​នេះ​

ភ្នំពេញ: តាម​គម្រោង នាយករដ្ឋមន្ត្រី​ថៃ វៀតណាម និង​ឡាវ នឹង​មក​កាន់​រាជធានី​ភ្នំពេញ ជា​បន្ត​បន្ទាប់ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៩​តុលា ឆ្នាំ​២០១២ ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដោយផ្ទាល់​នៅក្នុង​ព្រះបរមរាជវាំង​។​

ថ្ងៃទី 19 តុលា 2012
ដោយ: លី សិលា
CEN

សេចក្តី​ជូន​ព័ត៌មាន​ជា​ផ្លូវការ​របស់​ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២ នា​វេលា​ម៉ោង ៣ និង ៣០ នាទី លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ ( Yingluck Shinawatra ) នាយករដ្ឋមន្ត្រី​ថៃ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត់ នឹង​ជួប​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។

ចំណែក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយមវៀតណាម លោក ង្វៀង តាន់ យុង (NGUYEN TAN DUNG) នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅ​ព្រះបរមរាជវាំង នៅវេលា​ម៉ោង ៣ រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។​

​បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀង តាន់ យុង នឹង​ជួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រះបរមរាជវាំង​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៣ និង ១៥ នាទី លោក ថង​ស៊ី​ង ថាំ​ម៉ា​វង់ (Thongsing Thammavong) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ នៅ​ព្រះបរមរាជវាំង​ផងដែរ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​។

សូមរម្លឹកថា កម្មវិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​ចាប់ផ្តើម​ជា​ផ្លូវកា​រ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែតុលា ឆ្នាំ​២០១២​។

ផ្តើមដំបូង គឺស្ថាប័ន​ រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​កាកបាទក្រហមកម្ពុជា ជាដើម បាន​ដង្ហែ​កម្រងផ្កា ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

ព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ ត្រូវបានដង្ហែពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់ព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ រដ្ឋាភិបាល បានប្រកាសដាក់ប្រទេសកម្ពុជា ក្នុងការកាន់ទុក្ខថ្វាយព្រះបរមសពព្រះមហាវីរក្សត្រ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៧តុលា។

នៅក្រោយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ នឹងមានការបើកឱកាសឲ្យមហាជន ចូល​គោរព​ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ដោយផ្ទាល់ នៅក្នុងប្រាសាទ​ព្រះទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។

ចាប់តាំងពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ មហាជន បានប្រមូលផ្តុំ អុជទៀនធូប និងថ្វាយផ្កាឈូក គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខ​ព្រះបរមរាជវាំង ដោយមានសម្រែកយំទួញសោក ដោយក្តីអាឡោះអាល័យក្រៃលែង៕ S

What Next?

Recent Articles