សិល្បករ​នៅ​ក្រៅ​ប្រទេស​រន្ធត់​ចិត្ត​ការ​សោយ​ទិវង្គត​ព្រះ​មហាវីរក្សត្រ

ទោះ​បី​ជា​ស្ថិត​នៅ​ឆ្ងាយ​ឯ​នាយ​សមុទ្រ​ក្តី ក៏​តារា​ចម្រៀង​ តារា​សម្តែង​កម្ពុជា​ ជា​ច្រើន​រូប​ដែល​កំពុង​ជាប់​ភារកិច្ច​នៅ​ឯក្រៅ​ប្រទេស​បាន​សម្តែង​ អារម្មណ៍​សោក​សង្វេគ កើត​ទុក្ខ​ក្រៀមក្រំ​ស្ទើរ​ថ្លែង​មិន​ចេញ​ ខណៈ​ពេល​ដែល​នៅ​ក្នុង​មាតុ​ប្រទេស​របស់​ពួក​គេ​ បាន​បាត់​បង់​ព្រះ​មហា​វីរក្សត្រ​ដ៏​អស្ចារ្យ​មួយ​ព្រះ​អង្គ គឺ​ព្រះ​បាទ​នរោត្តម សីហនុ ។

Friday, 19 October 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

121019_20a

តារា​ចម្រៀង​នាង សុគន្ធ និសា ចូល​រួម​ពិធី​កាន់​ទុក​្ខនៅ​ប្រទេស​កូរ៉េ​។ រូបថត សហ​ការី

ភ្នំពេញៈ ទោះ​បី​ជា​ស្ថិត​នៅ​ឆ្ងាយ​ឯ​នាយ​សមុទ្រ​ក្តី ក៏​តារា​ចម្រៀង​ តារា​សម្តែង​កម្ពុជា​ ជា​ច្រើន​រូប​ដែល​កំពុង​ជាប់​ភារកិច្ច​នៅ​ឯក្រៅ​ប្រទេស​បាន​សម្តែង​ អារម្មណ៍​សោក​សង្វេគ កើត​ទុក្ខ​ក្រៀមក្រំ​ស្ទើរ​ថ្លែង​មិន​ចេញ​ ខណៈ​ពេល​ដែល​នៅ​ក្នុង​មាតុ​ប្រទេស​របស់​ពួក​គេ​ បាន​បាត់​បង់​ព្រះ​មហា​វីរក្សត្រ​ដ៏​អស្ចារ្យ​មួយ​ព្រះ​អង្គ គឺ​ព្រះ​បាទ​នរោត្តម សីហនុ ។

ព្រះ​ករុណា​ ព្រះ​បាទ នរោត្ដម សីហនុ ព្រះ​វរ​បិតា​ឯករាជ្យជាតិ ទ្រង់​បាន​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែ​តុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ​១៥ រោច ខែ ភទ្រ​បទ​ ឆ្នាំ​រោង ចត្វា​ស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ដោយ​ព្រះ​ជរាពាធ។ ព្រះ​បរមសព​របស់​ព្រះ​អង្គ​​ត្រូវ​បាន​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​មក​កាន់ ​រាជធានី​ភ្នំពេញ ​អម​ដំណើរ​ដោយ​ព្រះ​ករុណា​ព្រះ​បាទ​សីហមុនី និង លោក​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន នៅ​ថ្ងៃ​ទី១៧ ខែ​តុលា វេលា​ម៉ោង ២និង៣០ រសៀល។ ការ​ដង្ហែ​ព្រះ​បរម​សព​ពី​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ មក​ព្រះ​បរម​រាជវាំង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី បន្ត​មក​មហា​វិថី​ព្រះ​នរោត្តម កាត់​តាម​វិមាន​ឯករាជ្យ ដោយ​បាន​បញ្ចប់​នៅ​ម៉ោង ៥ និង ៣០នាទី ល្ងាច ដោយ​មាន​ប្រជា​នុរាស្ត្រ​ជា​កូន​ចៅ ចៅ​ទួត​របស់​ព្រះ​អង្គ​ចូល​រួម​ប្រមាណ​ជា​១លាន​នាក់​មក​ចាំ​ដង្ហែ​ដែល​មាន​ទាំង​បព្វជិត និង​គ្រហស្ថ។ ព្រះ​បរម​សព​របស់​ទ្រង់​ត្រូវ​បាន​តម្កល់​ទុក​នៅ​ព្រះ​បរម​រាជវាំង​យ៉ាង​តិច ៣ ខែ។


មរណទុក្ខ ដ៏​ក្រៀម​ក្រំ​នេះ កំពុង​ស្ថិត​នៅ​ងំ​ក្នុង​ក្រអៅ​បេះដួង​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ទាំង​អ្នក​រស់​នៅ​ប្រទេស​កម្ពុជា និង​អ្នក​រស់​នៅ​ក្រៅ​ប្រទេស​។ ដោយ​ឡែក​អ្នក​សិល្បៈ​កម្ពុជា​ក៏​ទទួល​កើត​ទុក្ខ​ក្រៀម​ក្រំ​ស្ទើរ​រក​ពាក្យ ប្រៀប​គ្មាន​ផង​ដែរ។ ពួក​គេ​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរម​សព​របស់​ទ្រង់​ស្ទើរ​ គ្រប់​គ្នា រីឯ​សិល្បករ​ដែល​នៅ​ក្រៅ​ប្រទេស​វិញ​ក៏​មិន​ព្រងើយ​កន្តើយ​ដែរ ពួក​គេ​បាន​បង្ហូរ​ទឹក​ភ្នែក និង​ស្មិងស្មាធិ៍​អុជធូប​ថ្វាយ​ព្រះ​ពរ​ព្រះ​អង្គ​គ្រប់​ៗ​គ្នា​ ទោះ​ជា​នៅ​ទីណា​កន្លែង​ណា​ក៏​ដោយ​។

តារា​ចម្រៀង សុខ រក្សា
កំពុង​ ស្ថិត​នៅ​ឯ​ប្រទេស​អូស្ត្រាលី ក្នុង​ការ​សម្តែង​ច្រៀង​រយៈ​ពេល​២​ខែ តារា​ចម្រៀង សុខ រក្សា បាន​ឲ្យ​ដឹង​ថា ភាព​ទុក្ខ​សោក ភាព​ឈឺ​ចាប់ នឹង​ការ​បាត់​បង់​អតីត​ព្រះ​មហា​ក្សត្រ ពិត​ជា​ធ្វើ​ឲ្យ​រំជើប​រំជួល ដល់​កូន​ខ្មែរ​គ្រប់​រូប។ តែ​សម្រាប់ ព្រះ​មហា​ក្សត្រ ព្រះ​បរម​នាថ នរោត្ដម សីហ​មុនី ដែល​ជា​បុត្រ​បង្កើត រួម​ជាមួយ​នឹង​មាតា​ជាតិ​គឺ មហា​ក្សត្រិយ៍ នរោត្ដម មុនី​នាថ សីហនុ កំពុង​ទទួល​ភាព​ឈឺ​ចាប់ និង ទុក្ខ​ធ្ងន់​ជាង​ប្រជា​ពល​រដ្ឋ​កម្ពុជា​ថែម​ទៀត ដោយ​សារ​តែ​ការ​បាត់​បង់ អង្គក្សត្រ​ជា​ទីស្រឡាញ់​។ តែ​ទោះ​ជា​យ៉ាង​ណា​ភាព​ឈឺ​ចាប់​នេះ បាន​កើត​មាន​ឡើង គ្រប់​ប្រជា​ពល​រដ្ឋ​ខ្មែរ។

តារា​សម្តែង អេឡិច ចាន់ត្រា
ជាមួយ នឹង​ការងារ​ដ៏​មមា​ញឹក​ក្នុង​ការ​សម្តែង​ច្រៀង​នៅ​ប្រទេស​កាណាដា តារា​ចម្រៀង និង​សម្តែង អេឡិច ចាន់ត្រា បាន​និយាយ​ថា ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​អាច​គេង​លក់​ឡើយ តាំង​ពី​រូប​ខ្ញុំ​បាន​ដឹង​ថា ព្រះ​មហា​វីរ​ក្សត្រ​ខ្មែរ​ ព្រះ​បាទ​នរោត្តម សីហនុ សោយ​ទិវង្គត​មក។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោក​សៅ និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​។

តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា
ឱក សុគន្ធ​កញ្ញា កំពុង​ចាប់​ដៃ​គ្នា​ជាមួយ អេឡិច ចាន់​ត្រា ច្រៀង​នៅ​ប្រទេស​កាណាដា ។ ក្នុង​បរិយាកាស​ដ៏​សោក​សៅ​នេះ នាង​បាន​និយាយ​ថា ក្នុង​នាម​ជា​កុលធីតា​ខ្មែរ​មួយ​រូប ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្តាយ​ជា​ពន់​ពេក នូវ​ការ​បាត់​បង់​ដ៏​ធំ​ធេង​គឺ​ការ​សោយ​ទិវង្គត​នៃ​សម្តេច​តា ព្រះបាទ​នរោត្តម សីហនុ ដែល​ជា​ព្រះ​មហា​វីរក្សត្រ​ដ៏​អង់​អាច​។

តារា​ចម្រៀង អឿន ស្រីមុំ
កំពុង ត្រៀម​ខ្លួន​ចូល​សញ្ជាតិ​កាណាដា អឿន ស្រីមុំ បាន​និយាយ​ថា ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប​ ខ្ញុំ​មាន​ការ​សោក​ស្តាយ និង​ក្រៀមក្រំ​យ៉ាង​ខ្លាំង​ និង​សូម​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​សម្តេច​តាទួត​ គឺ​ព្រះ​នរោត្តម សីហនុ ជា​អម្ចាស់​​ជីវិត​តម្កល់​លើ​ត្បូង​​នៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​គ្រប់​រូប​ ។

តារា​ចម្រៀង សុគន្ធ និសា
សុគន្ធ និសា បាន​ចេញ​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នៅ​ប្រទេស​កូរ៉េ មុន​ពេល​នាង​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក ។ នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក (Facebook) របស់​តារា​ចម្រៀង សុគន្ធ នីសា បាន​បង្ហោះ​រូប​ភាព​មួយ​ចំនួន​ដែល​នាង​បាន​ចូល​រួម រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​បាន​សរសេរ​ពាក្យ​ពេចន៍ បន្ថែម​ថា បើ​ទោះ​នាង​ខ្ញុំ​មិន​នៅ​កម្ពុជា តែ​នាង​ខ្ញុំ​សូម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ ពី​សាធារណ​រដ្ឋ​កូរ៉េ។

តារា​ចម្រៀង មាស សុខ​សោភា
មាស សុខ​សោភា បាន​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៣​ខែ តែ​នាង​បាន​សម្តែង​អារម្មណ៍​ក្តុកក្តួល​អួល​ដើម​ក​នៅ​ពេល​បាន​ទទួល​ដំណឹង​ ពី​ស្រុក​ខ្មែរ​ថា សម្តេច​ឪ​លោក​បាន​យាង​ចូល​ទិវង្គត​នោះ​។ តាម​រយៈ​លោក មាស សុខ​រតនៈ បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ពល​រដ្ឋ​ខ្មែរ កូន​ខ្មែរ​ យើង​ពិត​ជា​មាន​អារម្មណ៍​ក្តុក​ក្តួល​យ៉ាង​ខ្លាំង​គ្មាន​អ្វី​ផ្ទឹម​បាន​ឡើយ ហើយ​ឥឡូវ​នេះ ខ្ញុំ និង​នាង​កំពុង​កាន់​ទុក្ខ​នៅ​ឡើយ​។

អតីត​តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ​
ដោយ ឡែក​​អតីត​តារា​ចម្រៀង​សំឡេង​រៃ​កណ្តឹង​ដែល​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​ ការ​បាញ់​ប្រហារ​ពី​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ នាង ពៅ បញ្ញា​ពេជ្រ បាន​សម្តែង​ក្តី​រន្ធត់​របស់​នាង​ពី​ជម្រក​គេច​ខ្លួន​នៅ​ប្រទេស​ថៃ ថា ក្នុង​នាម​ជា​កូន​ខ្មែរ​នាង​ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម ក្រំ​ក្នុង​ការ​បាត់​បង់​ព្រះ​មហា​វីរក្សត្រ​ដ៏​ធំ​ធេង​នេះ៕

What Next?

Recent Articles