ក្រុម​ចលនា​ស្ត្រី​មិន​មែន​រដ្ឋាភិបាល​នឹង​ជួប​ប្រជុំ​ដើម្បី​ជំរុញ​ស្ត្រី​ទៅ​ក្នុង​នយោបាយ

អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ស្ត្រី បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​ដឹកនាំ​សង្គម និង​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​គ្រួសារ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម។

ដោយ ហង្ស សាវយុត
2012-10-20
​វិទ្យុ​អាស៊ីសេរី

២៦-កុម្ភៈ-១០: រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី លោកស្រី អ៊ឹង កន្ថាផាវី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯ​ក្រុមហ៊ុន Smart Mobile ក្នុង​រាជធានី​ភ្នំពេញ អំពី​គម្រោងការ​របស់​ក្រសួង​និង​ក្រុមហ៊ុន​ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ ៨ មីនា។

២៦-កុម្ភៈ-១០: រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី លោកស្រី អ៊ឹង កន្ថាផាវី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯ​ក្រុមហ៊ុន Smart Mobile ក្នុង​រាជធានី​ភ្នំពេញ អំពី​គម្រោងការ​របស់​ក្រសួង​និង​ក្រុមហ៊ុន​ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ ៨ មីនា។ RFA/Khe Sonorng

ក៏ប៉ុន្តែ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ គេ​នៅ​តែ​មើល​ឃើញ​ស្ត្រី​ដែល​បាន​ចូល​រួម​ក្នុង​ឆាក​នយោបាយ និង​ការងារ​សង្គម មាន​ចំនួន​តិច​នៅ​ឡើយ។

ក្រសួង​កិច្ចការ​នារី កំពុង​ប្រឹងប្រែង​ជួយ​ដល់​ស្ត្រី ឱ្យ​បាន​ទទួល​ការ​អប់រំ​ខ្ពស់ និង​ជំរុញ​ពួក​គេ​ឱ្យ​ចូល​រួម​ក្នុង​នយោបាយ និង​កិច្ចការ​សង្គម​កាន់​តែ​ច្រើន​ឡើងៗ​សម្រាប់​ពេល​អនាគត។

ក្រុម​ចលនា​ស្ត្រី​មិន​មែន​រដ្ឋាភិបាល មក​ពី​បណ្ដា​ប្រទេស​ចំនួន​៥ មាន​គម្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប នា​ដើម​សប្ដាហ៍​ខាង​មុខ ក្នុង​គោល​បំណង​ធ្វើ​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី២ ដើម្បី​ជួយ​លើក​ស្ទួយ​ស្ត្រី​ឱ្យ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម និង​សេដ្ឋកិច្ច​កាន់​តែ​ច្រើន​ឡើង។

ក្រុម​ប្រទេស​ទាំង​៥ នោះ មាន​កម្ពុជា បង់ក្លាដេស ទីម័រខាងកើត ហ្វីលីពីន និង​វៀតណាម។ អ្នកស្រី ពោជ បុប្ផា គឺ​ជា​ប្រធាន​ផ្នែក​យេនឌ័រ និង​សិទ្ធិ​ស្ត្រី​របស់​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ ដែល​បាន​មូលនិធិ​ពី​ប្រទេស​អេស្ប៉ាញ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី២០ ខែ​តុលា ថា អង្គការ​របស់​អ្នកស្រី​នឹង​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​នោះ នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាង​មុខ ដើម្បី​រិះ​រក​វិធី​ជំរុញ​ស្ត្រី​ទៅ​ក្នុង​វិស័យ​នយោបាយ និង​លើក​កម្ពស់​សមភាព​យេនឌ័រ ក្នុង​ការ​ចូល​រួម​វិស័យ​នយោបាយ​ផង។

អ្នកស្រី ពោជ បុប្ផា បាន​បញ្ជាក់​ថា សន្និសីទ​នោះ​នឹង​ជជែក​ទៅ​លើ​ប្រធាន​បទ​ចំនួន​៣ គឺ​ទាក់​ទង​ទៅ​នឹង​ភាព​ដឹកនាំ​របស់​ស្ត្រី ក្នុង​វិស័យ​នយោបាយ ការ​អប់រំ​ទៅ​លើ​ម្ចាស់​ឆ្នោត និង​ការ​បញ្ចូល​ស្ត្រី​ទៅ​ក្នុង​កម្រិត​អប់រំ​ថ្នាក់​ឧត្តម​សិក្សា ដោយ​សារ​តែ​បច្ចុប្បន្ន​គេ​នៅ​តែ​ឃើញ​ស្ត្រី​តិច​តួច បាន​ទទួល​ការ​អប់រំ​ថ្នាក់​ឧត្តម និង​ចូល​រួម​ក្នុង​ឆាក​នយោបាយ​នៅ​ឡើយ។

អ្នកស្រី ពោជ បុប្ផា៖ «ជាក់​ស្ដែង​នៅ​ក្នុង​អាណត្តិ​ទី៣ នៃ​ក្រុម​ប្រឹក្សា​ឃុំ គឺ​មាន​តែ ៩៥នាក់​ទេ ដែល​ជាប់​ស្ត្រី​ជា​មេ​ឃុំ។ ក៏ប៉ុន្តែ​ក្រុម​ប្រឹក្សា​ឃុំ គេ​ឃើញ​មាន​ជាង ២ពាន់​នាក់។ ទោះ​បី​ជា​យើង​ឃើញ​ថា មាន​ការ​កើន​ឡើង​ក៏ដោយ ប៉ុន្តែ​ទាក់​ទង​នឹង​ចំនួន​កើន​ឡើង គឺថា​តិច​តួច​មែន​ទែន ប្រហែល​ជា ៤​ទៅ ៥%​ប៉ុណ្ណោះ ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ»

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា កន្លង​ទៅ នៅ​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ មក​ពី​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ចំនួន​៥ កម្ពុជា​ធ្លាប់​បង្ហាញ​ក្ដី​សង្ឃឹម​ថា កិច្ច​សន្ទនា​លើ​គោល​នយោបាយ​ស្ដីពី​សមភាព​យេនឌ័រ និង​ការ​លើក​កម្ពស់​ភាព​អង់​អាច​របស់​ស្ត្រី នៃ​ក្រុម​បណ្ដា​ប្រទេស​ចំនួន​៥ នោះ អាច​ជា​កត្តា និង​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់ សម្រាប់​ស្ត្រី​ក្នុង​តំបន់ ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ផ្លាស់​ប្ដូរ​ផ្នែក​សេដ្ឋកិច្ច ការ​ចូល​រួម​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​នយោបាយ និង​ការ​លុប​បំបាត់​អំពើ​ហិង្សា​ផ្នែក​យេនឌ័រ​ផង។

អ្នកស្រី អ៊ឹង កន្ថាផាវី ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ធ្លាប់​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គ្រួសារ និង​សង្គម ប្រសិន​បើ​ស្ត្រី​ទទួល​បាន​ការ​អប់រំ​ទូលំទូលាយ៖ «កាត់​បន្ថយ​អត្រា​មរណភាព​មាតា លើក​តម្កើង​សុខភាព​ស្ត្រី​ហ្នឹង មាន​សារសំខាន់​ណាស់ ដោយ​សារ​តែ​ស្ត្រី​ជា​ជន​បង្គោល​សំខាន់​នៅ​ក្នុង​រង្វង់​គ្រួសារ។ ពេល​ណា​អត់​ស្ត្រី បញ្ហា​សុខភាព គឺ​គ្រួសារ​នឹង​អាច​មាន​អស្ថិរភាព»

ប្រទេស​កម្ពុជា បច្ចុប្បន្ន គេ​ដឹង​ថា ចំនួន​ប្រជាពលរដ្ឋ​ជា​ស្ត្រី មាន​ប្រហែល​ពី ៥២ ទៅ ៥៣% ក៏ប៉ុន្តែ ចំនួន​ស្ត្រី​ដែល​ចូល​រួម​ក្នុង​​នយោបាយ និង​ការងារ​សង្គម គឺ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles