បាត់ដំបង: កម្លាំងនគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនបុរសម្នាក់ ដែលគេជឿថា ជាមេខ្យល់នាំមនុស្សប្រុសស្រី ១៣ នាក់ បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ នៅចំណុចមាត់អូរក្បែរព្រំដែន។ ប៉ូលិស បានកសាងសំណុំរឿង បញ្ជូនបុរសនោះ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ថ្ងៃទី 20 តុលា 2012
ដោយ: មង្គល
CEN

កម្លាំងនគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនបុរសម្នាក់ដែលគេជឿថា ជាមេខ្យល់នាំមនុស្សប្រុសស្រី ១៣ នាក់បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ខុសច្បាប់
ហេតុការណ៍ឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ នៅចំណុចមាត់អូរក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក ឈិត សេង នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា បុរសជាមេខ្យល់ ដែលឃាត់ខ្លួនឈ្មោះ សួន សុខ អាយុ ៣១ឆ្នាំ រស់នៅភូមិកាត់ភ្លុក ឃុំកាត់ភ្លុក ស្រុកបសេដ ខេត្តកំពង់ស្ពឺ។ រីឯមនុស្សប្រុសស្រី ១៣ នាក់ ដែលប៉ូលិសឃាត់ខ្លួន ជាមួយមេខ្យល់ដែរនោះ គឺរស់នៅភូមិ-ឃុំកាត់ភ្លុក ស្រុកបសេដ ខេត្តកំពង់ស្ពឺ ជាមួយគ្នានឹងជនសង្ស័យដែរ។
ឈ្មោះ សួន សុខ ជាមេខ្យល់ បានប្រាប់ប៉ូលិសឲ្យដឹងថា រូបគេធ្លាប់ឆ្លងដែនចេញចូលទៅប្រទេសថៃ តាមច្រករបៀងស្រុកសំពៅលូន ជាច្រើនលើក ហើយស្គាល់ផ្លូវ ក៏បបួលអ្នកភូមិជាមួយគ្នា ទៅរកការងារធ្វើ នៅប្រទេសថៃតែម្តង។
មនុស្សប្រុសស្រី ១៣ នាក់ បានរៀបរាប់ប្រាប់ប៉ូលិសថា ព្រោះតែជីវភាពពួកគាត់ជួបការលំបាកនៅស្រុក ដោយធ្វើស្រែមិនបាន ដើម្បីចិញ្ចឹមជីវិតកូនចៅ ហើយជំពាក់ប្រាក់ខ្ចីបុលគេ ទើបពួកគេសម្រេចចិត្តចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃបែបនេះ។ ប៉ុន្តែការធ្វើដំណើរមកដល់មាត់អូរក្បែរព្រំដែន បម្រុងឆ្លងដែនទៅប្រទេសថៃនោះ មិនអាចឆ្លងដែនផុតផង ស្រាប់តែប៉ូលិសស្រុកសំពៅលូន ឃាត់ខ្លួនទាំងយប់តែម្ដង។
ក្រុមប្រជាពលរដ្ឋទាំងនោះ បានបន្តថា ឈ្មោះ សួន សុខ នាំស្វែងទៅរកការងារធ្វើនេះ មិនមានបានបង់ប្រាក់ឲ្យទៅគាត់ទេ។ ពួកគាត់ គ្រាន់តែមានប្រាក់ជាប់នឹងខ្លួន សម្រាប់បង់ឲ្យសមត្ថកិច្ចយាមកាមតាមផ្លូវ ដោយខ្លួនឯងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក ឈិត សេង នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ចំពោះមេខ្យល់ម្នាក់ និងមនុស្សប្រុសស្រី ១៣នាក់ ដែលប៉ូលិសឃាត់ខ្លួននេះ គឺប៉ូលិសស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រោះពួកគាត់ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់៕ S