ភ្នំពេញ: ចាប់ពីថ្ងៃទី ២២ តុលាដល់ថ្ងៃទី ២៦ តុលា ឆ្នាំ ២០១២ កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅលើ នាវាអាមេរិកឈ្មោះថា USS Vandegrift និងនាវា USNS Salvor នឹងចូលរួមជាមួយកងទ័ពជើងទឹក កម្ពុជា ក្នុងលំហាត់សមយុទ្ធនិងប្រតិបត្តិការត្រៀមជាស្រេចនៅលើលំហសមុទ្រ (CARAT) លើកទី ៣ នៅទីក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។
ថ្ងៃទី 20 តុលា 2012
ដោយ: CEN
លំហាត់សមយុទ្ធនេះនឹងផ្តោតលើការលើកកំពស់ជំនាញរក្សា សន្តិសុខដែនសមុទ្រតាមរយៈសកម្មភាពនានា ដូចជាការទប់ស្កាត់ នៅលើលំហ សមុទ្រ ការមុជទឹកនិងប្រតិបត្តិការជួយសង្គ្រោះ ការបំលាស់ទី និងការឆ្លើយតបនឹងគ្រោះមហន្តរាយជាដើម។
បន្ថែមលើនេះទៀត លំហាត់សមយុទ្ធ CARAT នៅប្រទេសកម្ពុជា ឆ្នាំ២០១២ មានបំណងបង្កើនកិច្ចសហប្រតិបត្តិការ លើកកំពស់ការយល់ដឹង និងបង្កើនការទុកចិត្តគ្នារវាងកងទ័ពជើងទឹកសហរដ្ឋ អាមេរិក និងកងទ័ពជើងទឹកកម្ពុជា តាមរយៈការលេងកីឡា និងកម្មវិធីសង្គមនានា។
លំហាត់សមយុទ្ធ CARAT ឆ្នាំ ២០១២ ក៏នឹងធ្វើអោយប្រសើរផងដែរនូវទំនាក់ទំនងជាមួយសហគមន៍ស៊ីវិល តាមរយៈ គំរោងផ្តល់សេវា ដល់ សហគមន៍។ ក្រុមតន្ត្រីនៃកងនាវាទី ៧ ក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងធ្វើ ការប្រគំតន្ត្រីជូនទស្សនាដោយឥតគិតថ្លៃ នៅរង្វង់មូល ក្នុងទីរួម ខេត្តកំពត ជិតពហុកីឡាដ្ឋាន នៅថ្ងៃពុធ ទី ២៤ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង៧ យប់។
នៅឆ្នាំ ២០១០ ប្រទេសកម្ពុជាបានចូលរួមក្នុងសមយុទ្ធ CARAT ជាលើកដំបូង។ ប្រទេសដ៏ទៃទៀតដែលបានចូលរួមក្នុងសមយុទ្ធ CARAT រួមមានប្រទេសបង់ក្លាដែស ប្រ៊ុយណេ ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងប្រទេសទីម័រខាងកើត។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក សមយុទ្ធ CARAT ប្រព្រឹត្ត ទៅជារៀងរាល់ឆ្នាំ នៅតំបន់អាស៊ីអាគ្នេយ៍។
អ្នកសារព័ត៌មានដែលមានបំណងយកព័ត៌មានពីសមយុទ្ធ CARAT នៅក្រុងព្រះសីហនុ គួរទាក់ទងវរនាវីត្រី Clayton Doss តាមអ៊ីម៉េល clayton.doss@fe.navy.mil៕