សួន ចន្ថា អ្នកចម្រៀងជើងចាស់ តែនៅមានអ្នកគាំទ្រ

គិតទាំងពេលនេះ គឺជាលើកទី ៤ ហើយ ដែលតារា ចម្រៀង ជើងចាស់ សួន ចន្ថា បានទៅច្រៀង នៅប្រទេស បារាំង ដោយនាំ យកនូវបទ ចម្រៀងបែប ប្រពៃណីខ្មែរ ព្រមទាំងបទ មនោសញ្ចោតនា កាលពីកំលុង ទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ដើម្បី ច្រៀង ឱ្យបងប្អូន ខ្មែរ ដែលរស់នៅ ទីនោះ ស្តាប់កម្សាន្ត ។

Written by ភ្នំពេញដេលីញូវ
Monday, 22 October 2012

តារាចម្រៀង សួន ចន្ថា បានរៀបរាប់ ប្រាប់កាលពី ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១២ ដោយបញ្ជាក់ ថា នាងនិង អ្នកចម្រៀង ពីរនាក់គឺ យូ ឌីស្កូ និង ផង់ បូភក្ត្រ ត្រូវត្រៀមចេញ ដំណើរនាពេល ខាងមុខឆាប់ៗ ទៅកាន់ ប្រទេស បារាំង តាមការអញ្ជើញ របស់ Sponsor ខ្មែរ នៅបារាំង គឺអ្នកស្រី សំ ណារ៉ុង ដើម្បីច្រៀងឱ្យ សហគមន៍ខ្មែរ នៅទីនោះ ស្តាប់កម្សាន្ត ដែលតាម គម្រោង មានរយៈពេល ជាងបីខែ ។ ក្នុងការ ទៅច្រៀង លើកនេះ មិនត្រឹមតែ ច្រៀងនៅ បារាំងទេ គឺអាចបន្ត ដំណើរទៅ ច្រៀងនៅ បែល ហ្ស៊ិក, ហុល្លង់, អង់គ្លេស និង ក្រិក ទៀតផង ។

ដោយដឹងថា បងប្អូនខ្មែរ រស់នៅទីនោះ ពិតជាចូលចិត្ត បទចម្រៀងបែប មនោសញ្ចោតនា និង ប្រពៃណីខ្មែរ ទើប សួន ចន្ថា មានជំនឿថា នឹងបានទទួល ការគាំទ្រច្រើន ជាមិនខាន ។ នាងក៏បាន ទទួលស្គាល់ថា មិនមែនគេ មិនចូលចិត្ត ឬ មិនចង់ស្តាប់ បទញ័រញាក់ កន្ត្រាក់ អារម្មណ៍ទេ ប៉ុន្តែនៅ ប្រទេសគេ បើនិយាយពី រឿងចង្វាក់ ហ៊ីបហប ឬ ញ័រញាក់វិញ គឺសម្បូរ រហូតគេស៊ាំ ទៅហើយ តែនៅពេលបាន ស្តាប់បទចម្រៀង បែបប្រពៃណីខ្មែរ និង បទមនោសញ្ចោតនា អាចនាំអារម្មណ៍ ពួកគេដែល រស់ នៅទីនោះ ឱ្យ អណ្តែតអណ្តូង នឹករឭក ស្រណោះ និង អាឡោះអាល័យ ដល់មាតុភូមិ ។

សួន ចន្ថា បានបញ្ជាក់ ប្រាប់ថា មិនមែនរូប នាងមិនចេះ ច្រៀងបទ ញ័រញាក់ទេ តែដោយសារ ពេលនេះវ័យ កាន់តែច្រើន គឺអាយុជាង សែសិបឆ្នាំ ហើយ និង មានកូនធំដែរ បើសិនជាកាល ពីដប់ប្រាំ ឆ្នាំមុននេះ មិនទើសទ័ល អ្វីឡើយ ហើយក៏មិនខ្លាច បង្ហាញភាព សិចស៊ី ដែរ តែឥឡូវត្រូវគិត ប្រមាណខ្លួន ។

ចំពោះការចេញទៅ ប្រទេសបារាំង លើកនេះ ក៏ដោយសារតែ នៅក្នុង រដូវភ្លៀង ការដើរច្រៀង ភ្លេងការហាក់ មានភាព រយាលបន្តិច ទើបអាច មានឱកាស បានទៅ ប្រសិនឱ្យ ទៅចំរដូវមាន ពិធីមង្គលការ ច្រើននោះមិ ន អាច ទៅបានទេ ។ មួយរយៈ កន្លង ទៅនេះ នាង ពិតជាមាន ការងារ មមាញឹកខ្លាំង ព្រោះត្រូវថត ដាក់ឌីវីឌីឱ្យ ផលិតកម្ម រស្មីរៃមាស ពន្លឺនាគហោះ … និង ដើរច្រៀង ភ្លេងការ ។

រំឭកពីការបាន ចេញទៅច្រៀង នៅក្រៅប្រទេស បើតាម សួន ចន្ថា បានឱ្យដឹងថា នាងធ្លាប់ចេញ ទៅប្រទេស បារាំង បានចំនួនបីដង រួចហើយបើ គិតទាំងការ ចេញទៅ លើកនេះទៀត គឺបួនដង បានទៅ ប្រទេស អូស្ត្រាលី ពីរដង បានទៅ សហរដ្ឋ អាមេរិក ពីរដង និង បានទៅ ញ្ញូវហ្សេឡែន ម្តង ។

ក៏ដូចគ្នាដែរ លោក យូ ឌីស្កូ ជាអ្នកចម្រៀង ប្រុសមួយរូប ដែលនឹង ត្រូវរួមដំណើរ ទៅប្រទេស បារាំង ជាមួយតារា ចម្រៀង ជើងចាស់ សួន ចន្ថា បានឱ្យដឹងថា នឹងខិតខំធ្វើ យ៉ាងណាឱ្យ បានទទួលនូវ ជោគជ័យ មានការ គាំទ្រ ចាប់អារម្មណ៍ ច្រើនពី សំណាក់ បងប្អូនខ្មែរ ដែលរស់នៅ ប្រទេសបារាំង ព្រោះនេះមិនមែន ជាលើក ទីមួយទេ ដែលលោកបាន ចេញទៅច្រៀង និង សម្តែងនៅ ក្រៅប្រទេស ។

បើនិយាយទៅ ការធ្វើដំណើរ ទៅប្រទេស បារាំង របស់ យូ ឌីស្កូ គិតទាំង លើកនេះ ជាលើកទី ពីរហើយ ដោយ លើកទីមួយ លោកបាន ទៅកាល ពីឆ្នាំ២០០៥ និង បានទៅកាន់ សហរដ្ឋ អាមេរិក ចំនួនពីរដង គឺក្នុងឆ្នាំ ២០០៧ បានទៅម្តង និង ឆ្នាំ ២០០៨ បានទៅម្តង ទៀត ៕

What Next?

Recent Articles