ភ្នំពេញ: ដូចការគ្រោងទុក នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១២ នាយករដ្ឋមន្ត្រីសឹង្ហបូរី ប្រធានសភា ហ្វីលីពីន និងអនុប្រធានសភា កូរ៉េខាងជើង បានធ្វើដំណើរជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នា ដោយដឹកនាំគណៈប្រតិភូ មកកាន់រាជធានីភ្នំពេញ ដើម្បីចូលក្នុងព្រះបរមរាជវាំង គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។
ថ្ងៃទី 21 តុលា 2012
ដោយ: លី សិលា
CEN
ដឹកនាំគណៈប្រតិភូ អញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង នៅថ្ងៃអាទិត្យនេះ លោក លី សៀនលុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សឹង្ហបូរី និងលោកជំទាវ, លោក ហ្វេលីស៊ីអាណូ រ. ប៊ែលម៉ុនតេ ( Felliciano R. Belmonte JR. ) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ហ្វីលីពីន និងជាបេសកជនពិសេស របស់លោក ប៊ែនិកណូ ស. អាគីណូ ទី៣ ( Benigno S. Aquino III ) ប្រធានាធិបតី នៃសាធារណរដ្ឋ ហ្វីលីពីន និងលោក យ៉ាង ហៀង ស៊ើប ( Yang Hyong-sop ) អនុប្រធានគណៈប្រធានសភាប្រជាជនជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ ( កូរ៉េខាងជើង ) ក៏បានជួបសវនាការជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នា ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពផងដែរ។
ថ្នាក់ដឹកនាំប្រទេសទាំងបី បានសំដែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការយាងចូលព្រះទិវង្គត របស់ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ប្រមុខដឹកនាំសឹង្ហបូរី ហ្វីលីពីន និងកូរ៉េខាងជើង ក៏បានចូលរួមរំលែកនូវមរណទុក្ខ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងរាជវង្សានុវង្ស និងប្រជាជនកម្ពុជាទូទាំងប្រទេស។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះនាយករដ្ឋមន្ត្រីសឹង្ហបូរី ប្រធានសភា ហ្វីលីពីន និងអនុប្រធានសភា កូរ៉េខាងជើង ដែលបានសំដែងនូវការចូលរួមព្រះរាជមរណទុក្ខ ចំពោះព្រះបរមសពរបស់ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និងបានដឹកនាំគណៈប្រតិភូ មកគោរពព្រះវិញ្ញានក្ខន្ធរបស់ព្រះអង្គ។
សូមរម្លឹកថា នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡាវ និងលោកស្រីនាយករដ្ឋមន្ត្រីថៃ បានធ្វើឡើងដំណើរជាបន្តបន្ទាប់ ដាច់ដោយឡែកពីគ្នា មកកាន់រាជធានីភ្នំពេញ និងបានចូលគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង។
ក្រៅពីពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង លោកនាយករដ្ឋមន្ត្រីឡាវ ថងស៊ីង ថាំម៉ាវង្ស និងលោកស្រីនាយករដ្ឋមន្ត្រីថៃ យ៉ីងឡាក់ ស៊ីណាវ៉ាត បានជួបពិភាក្សាការងារ ដាច់ដោយឡែកពីគ្នា ជាបន្តបន្ទាប់ ជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
នាយករដ្ឋមន្ត្រីជាប់ព្រំដែនប្រទេសកម្ពុជា ទាំងបី បានសរសេរក្នុងសៀវភៅក្រាំងមាស និងបានលើកឡើងផ្ទាល់មាត់ ជម្រាបជូនសម្តេច ហ៊ុន សែន ពីការចូលរួមរំលែកព្រះរាជមរណទុក្ខ ចំពោះកម្ពុជា ដែលបានបាត់បង់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នាពេលនេះ។
ក្រសួងការបរទេស ក៏បានប្រកាសថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១៥ រសៀល លោកបណ្ឌិត រ.ម. ម៉ាទី ម. ណាតាឡេហ្គាវ៉ា ( Dr. R.M. Marty M. Natalegawa ) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី នឹងអញ្ជើញ មកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
សេចក្តីជូនព័ត៌មានដដែល ក៏បានលើកឡើងថា បន្ទាប់ពីពិធីគោរពព្រះវិញ្ញាណក្ខន្ធ លោកបណ្ឌិត ម៉ាទី ណាតាឡេហ្គាវ៉ា នឹងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ក៏បានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ២ និង ៣០ នាទី រសៀល លោក សៃ ម៉ូក ខាំ ( Sai Mauk Kham ) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ារ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រះបរមរាជវាំង។
សេចក្តីជូនដំណឹង បានបន្ថែមថា ក្រៅពីពិធីគោរពព្រះវិញ្ញាណក្ខន្ធ លោក សៃ ម៉ូក ខាំ នឹងជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕