ក្នុងសម័យទសវត្សរ៍១៩៦០ ដល់ ១៩៧០ មានអ្នកសារព័ត៌មានលោកខាងលិចជាច្រើន បានសរសេរសរសើរពីការដឹកនាំ និងស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
ដោយ មណ្ឌល កែវ
2012-10-21
វិទ្យុអាស៊ីសេរី
សូម្បីតែនៅក្នុងដំណាក់កាលព្រះអង្គត្រូវបានលោកសេនាប្រមុខ លន់ នល់ ដែលមានការគាំទ្រពីប្រទេសលោកខាងលិចមួយចំនួនក្នុងការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីតំណែង ក៏ដោយសារអ្នកសារព័ត៌មានលោកខាងលិចទាំងនោះ ភាគច្រើននៅតែសរសេរអត្ថបទលើកសរសើរព្រះអង្គដដែល។
អ្នកសារព័ត៌មានជើងចាស់ ក៏ដូចជាអ្នកសារព័ត៌មានជំនាន់ថ្មី បានចាត់ទុកថា សក្ខីភាពនេះគ្មានអ្វីក្រៅពីសច្ចភាពដែលកើតចេញពីព្រះរាជកិច្ច (ទង្វើ) ជាក់ស្ដែងរបស់ព្រះអង្គនោះឡើយ។
ស្ទើរតែពេញមួយព្រះជន្មរបស់ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ទ្រង់តែងតែទទួលបានការកោតសរសើរច្រើនជាងការរិះគន់ពីសំណាក់អ្នកនយោបាយ និងជាពិសេសពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ អ្វីដែលក្នុងពិភពអ្នកនយោបាយ និងអ្នកសារព័ត៌មានចាប់អារម្មណ៍បំផុតនោះ គឺក្នុងអំឡុងពេលដែលលោកសេនាប្រមុខ លន់ នល់ ដោយមានការគាំទ្រពីក្រុមប្រទេសលោកខាងលិចមួយចំនួន បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គពីតំណែងនោះ អ្នកសារព័ត៌មានលោកខាងលិចភាគច្រើន បែរជានាំគ្នាសរសេរអត្ថបទលើកសរសើរអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ទៅវិញ។
លោក ហ្សាក់ ឡូរ៉ង់ (Jacque Laurent) ជាអ្នកយកព័ត៌មានឲ្យសារព័ត៌មានបារាំង ឈ្មោះ ប៉ារីស ម៉ាត់ (Paris Math)។ កាលពីខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ បានប៉ុន្មានថ្ងៃ អ្នកសារព័ត៌មានរូបនេះបានសរសេរអត្ថបទមួយរិះគន់សកម្មភាពរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ តែបានលើកសរសើរពីបុគ្គលិកលក្ខណៈ និងការដឹកនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ ដែលមានខ្លឹមសារថា៖ “សម្ដេច សីហនុ ព្រះអង្គតែងតែផ្អាកដំណើរកម្សាន្តរបស់ព្រះអង្គ ដើម្បីទៅជួយបើកគោយន្ត ឬសង់ផ្ទះជូនប្រជាកសិករ។រៀងរាល់សប្តាហ៍ ព្រះអង្គតែងយាងតាមព្រះទីន័ងឧទ្ធម្ភាគចក្រទៅចុះចតនៅតំបន់ជនបទមួយក្នុងប្រទេសព្រះអង្គ”។
អត្ថបទបន្តថា៖ “ព្រះអង្គដណ្ដើមបានឯករាជ្យនៅឆ្នាំ១៩៥៣ ហើយប្រទេសកម្ពុជា រក្សាបានសន្តិភាពប្រកបដោយជោគជ័យ។ សន្តិភាពនេះជាស្នាព្រះហស្តរបស់សម្ដេចព្រះ នរោត្តម សីហនុ មិនអាចប្រកែកបាន”។
ចំណែកលោក ឡូរ៉ង ហ្សឺវាល្យេ (Laurent Chevalier) អ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានអា.អេហ្វ.ប៉េ (AFP) សរសេរនៅថ្ងៃទី១៤ មីនា ឆ្នាំ១៩៧១ ថា៖ “មួយឆ្នាំក្រោយពេលដែលសម្ដេច សីហនុ ធ្លាក់ពីតំណែង ប្រទេសកម្ពុជាបានបង្ហាញឲ្យឃើញថា ជាប្រទេសមួយមានរូបភាពខុសឆ្ងាយពីកាលមុនដែលជាកោះសន្តិភាពនៅកណ្ដាលភ្នក់ភ្លើងសង្គ្រាម និងការហែកហួរគ្នានៃជ្រោយឥណ្ឌូចិន។ សេចក្ដីសុខ និងសន្តិភាពនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានបញ្ចប់ពីខែមីនា ឆ្នាំ១៩៧០ មក”។
ថ្វីបើព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានសោយទិវង្គតទៅហើយក្ដី តែព្រះកិត្តិនាម និងស្នាព្រះហស្ត ព្រមទាំងគំរូវីរភាពរបស់ព្រះអង្គ ត្រូវបានមនុស្សគ្រប់ស្រទាប់វណ្ណៈ ស្ទើរទូទាំងពិភពលោក បានកត់ត្រាទុកទាំងក្នុងស្រទាប់អ្នកនយោបាយ ទាំងក្នុងស្រទាប់អ្នកសារព័ត៌មាន។
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអតីតអ្នកសារព័ត៌មានជើងចាស់មួយរូប គឺព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មានប្រសាសន៍ថា នេះជាសច្ចភាពដែលព្រះមហាវីរក្សត្របានបន្សល់។ លោកថា អ្នកសារព័ត៌មានអាជីពជាតិ និងអន្តរជាតិ តែងផ្ដល់យុត្តិធម៌ចំពោះសច្ចភាពទាំងនេះក្នុងនាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
លោក លឺ ឡាយស្រេង៖ «ស្នាព្រះហស្តរបស់ព្រះអង្គ បើគិតពីឥឡូវនេះ មិនឈ្នះពីដើមទេ។ កាលពី ៦០ឆ្នាំមុននោះ កាលនោះយើងមានរោងចក្រជាច្រើន។ ហើយបើនិយាយពីវិស័យការបរទេសវិញ លោកជាសមាជិកស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធជាមួយលោក នេរុហ៍ លោក ណាហ្សែ ជាដើម។ ដូច្នេះនេះជាការថ្វាយនូវយុត្តិធម៌ដល់ព្រះអង្គ។ នៅទីបញ្ចប់ គឺគ្រប់ប្រទេសគេគាំទ្រព្រះអង្គទាំងអស់…»។
អ្នកយកព័ត៌មានកាសែត ឌឹ ញីវយ៉ក ថែមស៍ (The New York Times) ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក គឺលោក ម៉ែលខុម ប្រោន (Malcolm W. Brown) កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ១៩៧២ សរសេរចុះផ្សាយក្នុងកាសែតនេះថា ប្រជាជនកម្ពុជា ជាច្រើន កំពុងនឹកដល់ស្រុកកំណើត និងនឹកដល់សម័យកាលដ៏រុងរឿងសម្បូរណ៍សប្បាយក្រោមការដឹកនាំរបស់សម្ដេចព្រះ នរោត្តម សីហនុ កាលពី ២ឆ្នាំមុន។ អនុស្សាវរីយ៍នេះនៅរស់រវើកក្នុងបេះដូងរបស់ពួកគេ។
នៅថ្ងៃទី១៥ សីហា ឆ្នាំ១៩៧៣ កាសែតដដែលនេះបានចុះផ្សាយសរសើរដល់សម្ដេចព្រះ នរោត្តម សីហនុ នៅពេលនោះថា៖ “ឆ្លងតាមបទពិសោធន៍ផ្នែកការទូតរបស់ព្រះអង្គ បានបញ្ជាក់ថា សម្ដេចព្រះ នរោត្តម សីហនុ ពិតជាអ្នកជាតិនិយមប្រកបដោយពលិកម្មមិនចុះញ៉មចំពោះកម្លាំងបរទេសណាមួយឡើយ។ ដូចដែលលោកព្រឹទ្ធសមាជិក ស៊ីមីងតុន (Symington) បានបញ្ជាក់ថា សម្ដេចព្រះ នរោត្ដម សីហនុ នៅមានអ្នកគាំទ្រច្រើនជាងមនុស្ស ឬក្រុមដទៃទៀត”។
អ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន ក្យូដូ (Kyodo) ប្រចាំប្រទេសកម្ពុជា គឺលោក ពុយ គា។ លោកជាអ្នកសារព័ត៌មានអាជីពរបស់ខ្មែរមួយរូប ពន្យល់ចំពោះការចុះផ្សាយកោតសរសើរព្រះមហាវីរក្សត្រសម្ដេចព្រះ នរោត្តម សីហនុ ពីសំណាក់ក្រុមអ្នកកាសែតលោកខាងលិចនៅពេលនោះថា មានកត្តាសត្យានុម័ត ២យ៉ាង គឺព្រះទេពកោសល្យគ្មានគូប្រៀបរបស់ព្រះអង្គ និងការប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈជាចម្បង គួបផ្សំនឹងឯករាជភាព សេរីភាពទូលំទូលាយនៃអ្នកសារព័ត៌មានទាំងនោះ។
លោក ពុយ គា៖ «លក្ខណៈពិសេសរបស់ព្រះករុណាព្រះមហាវីរក្សត្រនោះ គឺព្រះអង្គចូលចិត្តអ្នកកាសែតណាស់ ហើយលោកឲ្យតម្លៃលើសារព័ត៌មាន។ លោកចូលចិត្តរក្សានូវទំព័រសារព័ត៌មាន អត្ថបទទាំងឡាយ គឺលោកបានរក្សាយ៉ាងត្រឹមត្រូវបំផុត។ នេះជាលក្ខណៈពិសេសរបស់លោក។ ហើយរហូតដល់លោកបានចងក្រងជាព្រឹត្តិបត្រប្រចាំខែរបស់លោកថែមទៀត ដើម្បីលោកចុះផ្សាយពីបណ្ដាអត្ថបទទាំងឡាយដែលបានចុះផ្សាយពីលោក ហេតុនេះហើយធ្វើឲ្យអ្នកសារព័ត៌មានស្រឡាញ់ចូលចិត្តលោក។ មិនតែប៉ុណ្ណឹងទេ លោកក៏ជាតួអង្គមួយ ជាថ្នាក់ដឹកនាំមួយដែលចូលចិត្តនិយាយជាមួយអ្នកសារព័ត៌មានផងដែរ ហើយជាពិសេសគឺសារព័ត៌មានលោកខាងលិច…»។
នៅមានសារព័ត៌មានលោកខាងលិចជាច្រើនទៀតបានសរសេរលើកសរសើរពីស្នាព្រះហស្តនៃអង្គព្រះមហាវីរក្សត្រនៅសម័យកាលដែលព្រះអង្គដឹកនាំ និងគ្រប់គ្រងប្រទេសកម្ពុជា នៅទសវត្សរ៍១៩៦០ កន្លងទៅ។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ គឺលោក អេង ឈុនហាន មានប្រសាសន៍ថា អ្នកនយោបាយខ្មែរគ្រប់ជំនាន់ គួរតែត្រងត្រាប់យកគំរូវីរភាពនៃការដឹកនាំនៃព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ ដើម្បីឲ្យមានការផ្សះផ្សាបង្រួបបង្រួមជាតិពិតប្រាកដនៅពេលបច្ចុប្បន្ន និងទៅអនាគត ទើបកម្ពុជាទទួលបាននូវភាពរុងរឿងដូចកាលពីសម័យសង្គមរាស្ត្រនិយម ដែលមានអង្គព្រះមហាវីរក្សត្រដឹកនាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។