ភ្នំពេញ៖ យោងតាមសារាចរលេខ ០៣ ស.រ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែតុលា ជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សម្រាប់ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៣។
Monday, 22 October 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍
សារាចរនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០៣ ស.រ ដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ មានគុណូបការៈដ៏ថ្លៃថ្លាវិសេសវិសាល និងឧត្តុង្គឧត្តមចំពោះជាតិមាតុភូមិ ដែលក្នុងមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវីរសកម្មភាពដ៏ច្រើនរបស់ព្រះអង្គ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹតភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោក និងដោយយោងតាមអនុក្រឹត្យលេខ១៨៦ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០១៣ រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែតុលា ជាទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
