ភ្នំពេញ : ខណៈដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ កំពុងសោយសោកកាន់ទុក្ខនឹងការយាងចូលទិវង្គតរបស់ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សិល្បករសិល្បការិនី ដែលធ្លាប់ទទួលបានមហាកិត្តិយសក្នុងការសម្ដែងភាពយន្តថ្វាយព្រះអង្គ នោះ រឹតតែមានការសោកសង្រេងទ្វេដង។
Monday, 22 October 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
មិនខុសពីសិល្បករ និងប្រជាពលរដ្ឋខ្មែរទូទៅដែរ អតីតតារាភាពយន្ត ផ្តាច់ខ្លួន ពីសិល្បៈ សម្ងំធ្វើជាងច្នៃម៉ូដសម្លៀកបំពាក់ នៅតែក្នុងផ្ទះ លោក ពេជ្រ ភិរុណ បានសម្ដែងនូវទុក្ខក្រៀមក្រំ និងសោកស្តាយពន់ពេក ខណៈដែលព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានយាងចូលទិវង្គតនោះ។
ក្នុងឯកសណ្ឋានអាវសសន្លុះក្នុងខោ ពាក់បូពណ៌ខ្មៅនៅនឹងដើមទ្រូង ដៃសំពះជាសញ្ញាកាន់ទុក្ខលោកពេជ្រ ភិរុណ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមានអារម្មណ៍ក្ដុកក្ដួលពន់ពេកក្រៃរកអ្វីមកថ្លែង និងប្រៀបផ្ទឹមមិនស្មើទេ ពេលដែលទទួលដំណឹងថា ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានយាងចូលព្រះទិវង្គត ទៅនោះ។
លោក បន្តថា៖ «នៅយប់ដែលព្រះអង្គលោកយាងចូលទិវង្គតនោះ ភ្លាមៗ ដោយអារម្មណ៍ក្ដុកក្ដួល និងតក់ស្លុតខ្លាំងពេក ខ្ញុំក៏ស្ទើរតែគាំងបេះដូងផុតជីវិតពេលនោះដែរ»។
ការទប់់ អារម្មណ៍និងរក្សាស្មារតីមិនបានប្រក្រតី នៅពេលដែលឮដំណឹងយាងចេញទៅកាន់ឋានបរមលោក របស់អតីតព្រះមហាក្សត្រ ត្រូវបានលោក ពេជ្រ ភិរុណ ចាត់ទុកថា មកពីលោកធ្លាប់មានអនុស្សាវរីយ៍ជាមួយព្រះអង្គ និងធ្លាប់ទទួលរាជានុញ្ញាតសម្តែងភាពយន្តថ្វាយព្រះអង្គ។
លោក បានរំឭកថា៖ «ព្រោះតែខ្ញុំ និងភរិយា អម្ពរ ទេវី ធ្លាប់ទទួលបានរាជានុញ្ញាត និងមហាកិត្តិយសពីព្រះអង្គ ពួកខ្ញុំក៏បានរួមដំណើរដង្ហែព្រះអង្គយាងទៅកាន់ប្រទេសចិន និងកូរ៉េបួនលើក ហើយបានថតសម្តែងភាពយន្តថ្វាយព្រះអង្គបានចំនួន៤រឿងផងដែរ»។
តារា ភាពយន្តជើងចាស់រូបនេះបានឲ្យដឹងថា លោកមិនមែនទើបតែបានថតសម្តែងភាពយន្តថ្វាយព្រះអង្គ នៅពេលកំពុងល្បីលើវិថីសិល្បៈនោះទេ ពោលគឺលោកធ្លាប់លេចមុខក្នុងភាពយន្តជាស្នាព្រះហស្តរបស់ព្រះអង្គ តាំងពីលោកមានវ័យ១៤ឆ្នាំម្ល៉េះ ខណៈដែលលោកចូលរៀនផ្នែកវិចិត្រសិល្បៈដំបូងនាឆ្នាំ១៩៦១-១៩៦២។
យ៉ាង ណាមិញ ការយាងចូលទិវង្គតរបស់ព្រះបិតាសិល្បៈជាតិ ត្រូវបានអតីតតារាភាពយន្តវ័យជិតចូល៦០រូបនេះ សម្តែងនូវក្តីសោកស្តាយថា៖ «សម្រាប់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រជានុរាស្រ្តខ្មែរ ពេលនេះ គឺជាការបាត់បង់់ធនធានមនុស្សស្នេហាជាតិ ដ៏ធំធេងណាស់របស់ជាតិសាសន៍ខ្មែរ រកអ្វីមកប្រៀបផ្ទឹមពុំស្មើឡើយ»។
ក្រៅពីឧទិ្ទសបួងសួងសុំ ឲ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះវររាជបិតាឯករាជ្យជាតិយាងឡើងឋាន បរមសុខ អតីតតារាភាពយន្ត ដែលមានសំណាងថតកុនថ្វាយព្រះអង្គតាំងពីវ័យនៅអនីតិជនរូបនេះ ក៏មានជំនឿជឿជាក់ទៀតថា ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ មិនយាងចោលកូនចៅ ចៅទួតទេ គឺព្រះអង្គនៅតែតាមថែរក្សាកូនចៅរបស់ព្រះអង្គដដែល។
ដោយ ការតបស្នងនូវគុណូបការៈ និងក្តីអាឡោះអាល័យនោះ លោកពេជ្រ ភិរុណ បានអះអាងថា៖ «លោកនឹងកាន់ទុក្ខរយៈពេលមួយសប្តាហ៍ ក្នុងសម្លៀកបំពាក់ខោខ្មៅ អាវស និងពាក់បូកាន់ទុក្ខនេះនៅជាប់នឹងដើមទ្រូង ហើយនឹងអុជធូបបួងសួងសូមឲ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ឲ្យសមទៅនឹងព្រះកិត្តិនាមរបស់ព្រះអង្គជាព្រះមហាវីរក្សត្រ»។
លោក ពេជ្រ ភិរុណ ដែលជាអតីតតារាភាពយន្តសម្ងំរស់សុខនៅក្នុងប្រទេសកំណើត មិនទៅរួមរស់ជាមួយភរិយាលើទឹកដីដ៏ស៊ីវីល័យឯបស្ចិមប្រទេសនោះ ក៏បានឲ្យដឹងផងដែរថា៖ «ខណៈដែលខ្ញុំថតរឿងថ្វាយព្រះអង្គនោះ ដ្បិតតែព្រះអង្គទ្រង់ជាក្សត្រដ៏មានអំណាចស្មើមេឃ និងមានបុណ្យបារមីខ្ពស់ ហើយតារាភាពយន្តដូចខ្ញុំគ្រាន់តែជារាស្រ្តសាមញ្ញ ប៉ុន្តែរាល់ពេលដែលសម្តែង ព្រះអង្គតែងមានព្រះទ័យគិតគូរយកចិត្តទុកដាក់ខ្លាំងមែនទែន ចំពោះតារាៗដូចជារូបខ្ញុំ»។
លោក ពេជ្រ ភិរុណ បានបញ្ជាក់ថា ៖«ព្រះអង្គ ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ លោកខ្លាចកូនចៅហត់នឿយណាស់ ថតបានមួយឈុត ឬពីរឈុត លោកយាងទៅសួរម្តងថា ម៉េចហើយកូនចៅហត់ទេ បើហត់សម្រាកសិន។ មិនមានអ្នកមានបុណ្យបារមីខ្ពស់ណា មានទឹកព្រះទ័យល្អដូចព្រះអង្គឡើយ រកមិនបានទេ ព្រះអង្គល្អចំពោះកូនចៅលោកណាស់ លោកមិនដែលមានព្រះទ័យចង្អៀតចំពោះកូនចៅឡើយ»។
អ្នកម្នាងស៊ីសុវត្ថិ សៀង ឌី អតីតអ្នកចម្រៀងតាំងពីសម័យសង្គមរាស្រ្តនិយម បានឲ្យដឹងថា តាំងពីធំដឹងក្តីបានចូលប្រឡូកក្នុងវិថីសិល្បៈចម្រៀង និងសម្តែង មក អ្នកម្នាងតែងទទួលបានព្រះទ័យសន្តោសពីព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ហើយព្រះអង្គក៏បានប្រទានបទចម្រៀងឲ្យអ្នកម្នាងច្រៀង រួមទាំងឱកាសកិត្តិយសសម្តែងក្នុងខ្សែភាពយន្តរបស់ព្រះអង្គផង ដែរ។
អ្នកម្នាងបានថ្លែងប្រាប់ថា ៖ «ក្នុងមួយជីវិតរបស់ខ្ញុំហ្នឹង ទទួលបានងារជា [ អ្នកម្នាង] ក៏ព្រោះតែព្រះអង្គ ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ទ្រង់មានព្រះទ័យទូលាយ ទ្រង់ផ្តល់ឲ្យអតីតរាស្រ្តសាមញ្ញម្នាក់ ដូចខ្ញុំបានភ្ជាប់សាច់ឈាមជាមួយទ្រង់ជាក្សត្រ នឹងមានឈ្មោះជាអ្នកម្នាង។ នេះជាព្រះគុណដ៏ធំធេងណាស់ហើយចំពោះខ្ញុំ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គទ្រង់ក៏មានព្រះទ័យសន្តោសប្រណី ហើយទ្រង់តែងរាជានុញ្ញាតផ្តល់មហាកិត្តិយសឲ្យខ្ញុំបានដង្ហែព្រះអង្គបានថតចម្រៀង និងសម្តែងភាពយន្តថ្វាយព្រះអង្គផងដែរ»។
អ្នក ម្នាងស៊ីសុវត្ថិ សៀង ឌី បានឲ្យដឹងបន្តថា បទចម្រៀងដែលជាស្នាព្រះហស្ត និងព្រះរាជនិពន្ធរបស់ព្រះបាទនរោត្ដម សីហនុឲ្យអ្នកម្នាងច្រៀងថ្វាយទ្រង់រួមមានដូចជា បទ «អប្សរា» ដែលច្រៀងឆ្លងឆ្លើយជាមួយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បទ«ពេលរាត្រីខែភ្លឺ» បទ «ស្រមោលលើអង្គរ» ដែលបទនេះជាចំណងជើងខ្សែភាពយន្តព្រះរាជនិពន្ធដោយ ព្រះអង្គផ្ទាល់ជាដើម។
អ្នកម្នាងបានបន្តថា អ្នកម្នាងធ្លាប់បានសម្តែងភាពយន្តឲ្យព្រះអង្គបាន៤-៥រឿងផងដែរ ប៉ុន្តែអ្នកម្នាងមិនបានចាំចំណងជើងរឿងទាំងអស់ទេ ព្រោះថាចំណងជើងរឿងដែលអ្នកម្នាងសម្តែងភាគច្រើនជាភាសាបារាំង ហើយរឿងដែលអ្នកម្នាងនៅចាំ មានរឿង [រស់ដោយសប្បាយ]សម្តែងតួឯកដោយលោកស្រី ស័ក្ក ស៊ីស្បោង។
អ្នក ម្នាងស៊ីសុវត្ថិ សៀង ឌី បានបញ្ជាក់ថា៖ «អ្វីដែលខ្ញុំមានមកដល់សព្វថ្ងៃ គឺជាមហាកិត្តិយសខ្លាំងណាស់ដែលព្រះអង្គទ្រង់បានផ្តល់មក ឲ្យខ្ញុំ»។
ដោយព្រះរាជសកម្មភាព និងព្រះទ័យទូលាយរបស់ទ្រង់នេះហើយ ទើបធ្វើឲ្យអារម្មណ៍អ្នកម្នាងដិតជាប់នូវព្រះភក្ត្ររបស់ព្រះអង្គ ជាប់ជានិច្ច។
អ្នកម្នាងបានសម្តែងអារម្មណ៍សោកស្តាយផងដែរថា៖ «ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលពន់ពេកក្រៃ រកអ្វីមកថ្លែង និងប្រៀបផ្ទឹមមិនបានឡើយ ពេលដែលទទួលដំណឹងថា ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានយាងចូលព្រះទិវង្គតទៅចោលខ្ញុំក៏ដូចជាប្រជានុរាស្រ្តឯទៀត របស់ព្រះអង្គនោះ ពេលនោះខ្ញុំស្លុតរន្ធត់មែនទែនស្ទើរតែទប់ស្មារតីមិនបាន»។
អ្នក ម្នាងបានថ្លែងឲ្យដឹងផងដែរថា៖ «ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ លោកគឺជាមហាវីរក្សត្រដ៏ឆ្នើម ជាវររាជបិតាឯករាជ្យបូរណភាពទឹកដី កម្ររកក្សត្រអង្គណាប្រដូចបានឡើយ ហេតុនេះហើយ ខ្ញុំគិតថាលោកនឹងមិនយាងចោលទឹកដីរបស់លោកឡើយ ដ្បិតតែព្រះកាយលោកលាទៅក៏ពិតមែនតែ ព្រះវិញ្ញាណរបស់ព្រះអង្គនឹងតាមថែរក្សាកូនចៅ ចៅទួត ទឹកដីរបស់ព្រះអង្គជានិរន្តរ៍តទៅ»។
ដោយឡែកតារាសម្ដែងល្បីលោក ទេព រិនដារ៉ូ បានថ្លែងក្នុងសំនៀងរដិបរដុបបែបទួញសោកថា លោកនិយាយអ្វីមិនចេញទេ ចំពោះការយាងចូលទិវង្គតរបស់ព្រះអង្គ ព្រះបាទនរោត្ដម សីហនុ។
តារា ភាពយន្តដែលរក្សាបានប្រជាប្រិយភាពក្នុងថ្នាលសិល្បៈសម្តែងលុះវ័យជាង៥០ឆ្នាំរូបនេះបានលើកឡើងឲ្យដឹងថា៖ «ក្នុងដំណើរដើរលើវិថីសិល្បៈភាពយន្តជាង២០ឆ្នាំមកនេះ ខ្ញុំធ្លាប់បានធ្វើដំណើរដង្ហែតាមព្រះបាទនរោត្ដម សីហនុ អស់មួយរយៈធំ ថែមទាំងធ្លាប់បានថតរឿងមួយចំនួនថ្វាយដល់ព្រះអង្គទៀតផង»។
លោកបាននិយាយថា៖ «ព្រះអង្គទ្រង់ជាក្សត្រមានព្រះទ័យទូលាយជ្រះថ្លាចំពោះកូនចៅ»។
លោក ទេព រិនដារ៉ូ បានបញ្ជាក់ថា លោកធ្លាប់បានថតសម្តែងភាពយន្តថ្វាយព្រះអង្គបានជាច្រើនរឿង ហើយគ្រប់ខ្សែរឿងរបស់់ព្រះអង្គនោះ ទ្រង់ជាអ្នកសរសេរសាច់រឿង និងដឹកនាំដោយស្នាព្រះហស្តផ្ទាល់តែម្ដង។ នោះមានន័យថា ព្រះអង្គក៏ស្ថិតនៅក្នុងព្រះរាជសកម្មភាពថតផ្ទាល់ហាលក្តៅហាលភ្លៀង ប៉ុន្តែផ្ទុយទៅវិញទ្រង់បែរជាគិតគូរពីសុខទុក្ខរបស់ តួជានិច្ច។ លោក ទេព រិនដារ៉ូ បានរំឭកថា៖ «រហូតមានពេលខ្លះព្រះអង្គសួរខ្ញុំថា កូនដារ៉ូ ហត់នឿយទេ បើកូនហត់់នឿយសម្រាកសិនទៅ សុខភាពកូនល្អ ទើបបិតាសប្បាយចិត្ត»។
លោកបន្ថែមថា៖ «ទ្រង់មិនមែនយកព្រះទ័យយកចិត្តទុកដាក់តែចំពោះលោកតែម្នាក់ទេ នោះ គឺលោកតែងយកព្រះទ័យទុកដាក់ចំពោះតួឯទៀតដូចជាខ្ញុំដែរ។ ទ្រង់ក៏តែងប្រទាននូវគ្រឿងឥស្សរិយយសមកឲ្យតារាដែលមានទេពកោសល្យ និងស្នាដៃសម្តែង»។
ដោយ ឡែកប្រធានសមាគមសិល្បៈជំនាន់ទី៣ នឹងជាតំណក់ឈាមតារាចម្រៀង សុះ ម៉ាត់ ក្នុងសម័យសង្គមរាស្រ្តនិយម លោក សុះ ម៉ាច បានឲ្យដឹងថា៖ «ដ្បិតតែលោកមិនសូវមានអនុស្សាវរីយ៍ជាមួយព្រះអង្គ ប៉ុន្តែលោកក៏មានអារម្មណ៍ សោកសង្រេងជាពន់ពេករកអ្វីមកប្រៀបប្រដូចមិនបានឡើយ»។
លោក បានអះអាងថា ដោយលោកជាប្រធានសមាគមសិល្បៈ នៅក្នុងថ្ងៃដង្ហែព្រះរាជសព លោកក៏បានដឹកនាំសិល្បករសិល្បការិនីជាកូនចៅរបស់ព្រះអង្គទៅចូល រួមដង្ហែព្រះបរមសពនោះដែរ។
ជាមួយការលើកឡើងនេះ ប្រធានសមាគមសិល្បៈវ័យ៤០រូបនេះក៏បានឲ្យដឹងផងដែរថា៖ «ខ្ញុំកំពុងតែរៀបចំឯកសារ ត្រៀមដាក់ទៅព្រះបរមរាជវាំង ដើម្បីសូមនាំសិល្បករសិល្បការិនី បានចូលទៅគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ នៅព្រះបរមរាជវាំង»។
ប្រធានសមាគមរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ការដែលចូលទៅគោរពព្រះវិញ្ញាណក្ខន្ធនេះ ដែលមិនមែនមានត្រឹមតែរូបលោកទេ គឺអ្នកសិល្បៈច្រើនណាស់ មានបំណងចង់ចូលទៅសំពះព្រះរាជបរមសពរបស់ព្រះអង្គ។ តែសម្រាប់ចំនួនពិត ថាត្រូវទៅប៉ុន្មាននោះ លោកក៏មិនទាន់ដឹងដែរ ព្រោះរង់ចាំខាងព្រះបរមរាជវាំងកំណត់ថា អនុញ្ញាតឲ្យចូលចំនួនប៉ុន្មាន និងចូលរួមនៅថ្ងៃណា ព្រោះថាពេលនេះខាង ព្រះបរមរាជវាំងកំពុងតែមមាញឹក ជាមួយការអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធដ៏កុះករពីឥស្សរជនមក ពីបណ្តាប្រទេសជាច្រើន៕

អតីតតារាចម្រៀងអ្នកម្នាង សៀង ឌី នាពេលកន្លងមក។ ស្រីនាង

អតីតតារាសម្ដែងលោក ពេជ្រ ភិរុណ ក្នុងសម្លៀកបំពាក់កាន់ទុក្ខ។ រូបថត ស៊ូ វុទ្ធី

លោក សុះ ម៉ាច ប្រធានសមាគមអ្នកសិល្បៈខ្មែរ។ រូបថត សហការី

តារាសម្ដែងចាស់វស្សាលោក ទេព រិនដារ៉ូ នាពេលកន្លងមក។ ស្រីនាង