ភ្នំពេញ: ទោះបីព្រឹត្តិការណ៍ខ្លះៗត្រូវលើកពេលដោយសារប្រជាជនកម្ពុជាទាំងមូលចូលរួមកាន់មរណទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាវីរក្សត្រក៏ដោយ ក៏ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តសៀមរាបនាឆ្នាំនេះមិនត្រូវបានលើកពេលទេ។
ថ្ងៃទី 2 វិច្ឆិកា 2012
ដោយ: រស្មី
CEN
ម៉ារ៉ាតុង ជាព្រឹត្តិការណ៍កីឡាមួយដែលមានការទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនបំផុត។ មិនត្រឹមតែកីឡាអាជីពទេដែលស្កាត់មកចូលរួមប្រកួត សូម្បីតែភ្ញៀវទេសចរធម្មតាក៏គេរើសពេលវេលាចូលមកកាន់ខេត្តសៀមរាបឲ្យចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងដែរ ដើម្បីគេបានចូលរួមប្រកួតជាលក្ខណៈគ្រួសារ ដើម្បីជាការ កំសាន្តសប្បាយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងសៀមរាបឆ្នាំនេះធ្វើនៅថ្ងៃទី ២ ធ្នូ ។ក្នុងព្រឹត្តិការណ៍នោះ នឹងមានការរត់១០ គីឡូម៉ែត្រ,៥ និង ៣ គីឡូម៉ែត្រជាលក្ខណៈគ្រួសារ ។
មុននេះមួយថ្ងៃ គឺថ្ងៃទី១ធ្នូ នឹងមានការរៀបចំការប្រណាំងកង់ចម្ងាយ ១០០គីឡូម៉ែត្រ ៣០គីឡូម៉ែត្រ និង ចម្ងាយខ្លីជាងនេះ ហើយកីឡាករប្រណាំងកង់អាជីពនិង មិនអាជីពអាចចូលរួមបានទាំងអស់ ។ទោះកង់ដៃត្រង់ឬ ប្រភេទកង់គួកក៏អាចចូលរួមប្រកួតបានដែរ ។
លោក វ៉ាត់ ចំរើន ធ្វើការកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំអ្នកចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅតំបន់ទេសចរណ៍អង្គរមានការកើនចំនួនជានិច្ច ។ សម្រាប់ឆ្នាំនេះលោកមានជំនឿចិត្តថា ចំនួននឹងកើនឡើងទៀតមិនខាន ។ លោកអះអាងថាមកទល់ពេលនេះមានអ្នកដាក់ពាក្យចូលរួមប្រកួតបណ្ដើរៗហើយ ដែលភាគច្រើនជាជនបរទេស៕ S