ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រង​ការ​ចោទ​ថា​មិន​គោរព​កិច្ច​សន្យា

ដោយ​សារ​ជីវភាព​ក្រីក្រ ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​មួយ​ចំនួន​មាន​បំណង​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ក្រៅ ជាពិសេស គឺ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ។

ដោយ មណ្ឌល កែវ
2012-11-06
វិទ្យុ​អាស៊ីសេរី

មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ប្រថុយប្រថាន​ធ្វើ​ចំណាក​ស្រុក ដោយ​ខុស​ច្បាប់ ឯ​ខ្លះ​ទៀត បាន​យក​ដីធ្លី​ស្រែ​ចម្ការ​ទៅ​បញ្ចាំ ដើម្បី​យក​ប្រាក់​មក​ចំណាយ​ក្នុង​ការ​ធ្វើ​បែបបទ​ស្រប​ច្បាប់ តាម​រយៈ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​បរទេស​មួយ​ចំនួន។ ប៉ុន្តែ ការ​ចេញ​ទៅ​ធ្វើ​ការ​នោះ មាន​ពេល​ខ្លះ​ត្រូវ​គេ​បោក​ប្រាស់ ឬ​កុហក ឬ​ពន្យារ​ពេល។

នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ក៏​មាន​ករណី​នេះ​កើត​ឡើង​ដែរ។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​មាន​បំណង​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​តាម​រយៈ​ក្រុមហ៊ុន​អ៊ឹង រិទ្ធី គ្រុប ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បាន​ប្រព្រឹត្ត​ខុស​កិច្ច​សន្យា​ក្នុង​ការ​បញ្ជូន​ពួក​គាត់​ទៅ​ធ្វើ​ការ។

បុរស​អ្នក​ភូមិ​ឈ្មោះ អែម សុវណ្ណារិទ្ធ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយគយ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ថា គាត់​បាន​ចុះ​ឈ្មោះ និង​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​អ៊ឹង រិទ្ធី គ្រុប ខេត្ត​កំពង់ឆ្នាំង រយៈពេល​ជាង ៤ខែ​ហើយ តែ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បញ្ជូន​គាត់​ចេញ​ទៅ​ធ្វើ​ការ​ទៀត។ គាត់​ថា ក្នុង​កិច្ច​ព្រមព្រៀង​របស់​ក្រុមហ៊ុន បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ និង​បង់​ប្រាក់​រួច​រយៈពេល​យ៉ាង​យូរ​បំផុត ៣ខែ ក្រុមហ៊ុន​នឹង​បញ្ជូន​ពលករ​រូប​នោះ​ចេញ​ធ្វើ​ការ តែ​ឥឡូវ​គាត់​រង់ចាំ​ជាង ៤ខែ​ហើយ នៅ​មិន​ទាន់​បាន​ចេញ​ទៅ​ទៀត។

ពេល​គាត់​ទៅ​សួរ​សាខា​ក្រុមហ៊ុន​នៅ​ឃុំ​ពន្លៃ ថា​ថ្ងៃ​ណា​ទើប​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ គេ​ឆ្លើយ​ថា​មិន​ប្រាកដ​ដែរ ធ្វើ​ឲ្យ​គាត់​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ គាត់​ថា គាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​បង់​ឲ្យ​ក្រុមហ៊ុន ឥឡូវ​ធនាគារ​សង្ខើញ​ចង់​រឹបអូស​ដី​ស្រែ​គាត់​ជា​រៀង​រាល់​ថ្ងៃ៖ «ខ្ញុំ​រង់ចាំ​រហូត​ដល់​ខែ​១១ ហើយ​ខ្ញុំ​បាន​ទូរស័ព្ទ​ជាច្រើន​ដង​ទៅ​សួរ​ក្រុមហ៊ុន តែ​គេ​ពុំ​ព្រម​ទទួល​ទូរស័ព្ទ​ខ្ញុំ​ទេ។ ខ្ញុំ​ក៏​ទៅ​សួរ​សាខា​នៅ​ពន្លៃ បញ្ជាក់​ថា ខែ​១១ ហ្នឹង ខ្ញុំ​បាន​ទៅ ឬ​អត់ ប្រធាន​សាខា​ក្រុមហ៊ុន​អ៊ឹង រិទ្ធី គ្រុប នៅ​ពន្លៃ គេ​ឆ្លើយ​ថា​គេ​អត់​ដឹង​ទេ គេ​ឲ្យ​សួរ​ទៅ​លោក សុខ ឧត្តម ជា​ប្រធាន​ប្រចាំ​ខេត្ត…»

យ៉ាង​នេះ​ក្ដី តំណាង​ក្រុមហ៊ុន​អ៊ឹង រិទ្ធី គ្រុប ប្រចាំ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក សុខ ឧត្ដម បាន​ពន្យល់​ថា ការ​យឺតយ៉ាវ​នេះ​បណ្ដាល​មក​ពី​កន្លង​ទៅ​នេះ ប្រទេស​ថៃ ជួប​វិបត្តិ​នយោបាយ និង​គ្រោះ​ទឹក​ជំនន់។ លោក​សំណូម​ពរ​ឲ្យ​ពលករ​ដែល​មិន​ទាន់​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បន្ត​ការ​អត់​ធ្មត់។ លោក​ថា ពលករ​ដែល​បាន​ចុះ​ឈ្មោះ​ទាំង​អស់​ហ្នឹង បាន​ចេញ​ទៅ​ធ្វើ​ការ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ៖ «វា​អីចេះ​បង! ដោយ​នៅ​ប្រទេស​ថៃ គេ​ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី ដល់​អ៊ីចឹង​ទៅ អ្នក​កាន់​ការងារ​របស់​គេ ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ នេះ​ម្យ៉ាង។ ម្យ៉ាង​ទៀត ថ្មីៗ​នេះ​មាន​ទឹក​ជំនន់​ប៉ុន្មាន​ខេត្ត​នៅ​ថៃ ដល់​អ៊ីចឹង រោងចក្រ​ខ្លះ​អត់​ដំណើរ​ការ​ទេ ដល់​ទៅ​គេ​ចង់​បញ្ជូន​ពលករ​យើង​ត្រឡប់​មក​វិញ​ផង។ តែ​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ គឺ​នៅ​តែ​បញ្ជូន​ចេញ​រហូត។ ខ្ញុំ​ទទួល​ខុស​ត្រូវ​បង ចំពោះ​ឈ្មោះ​គាត់ គឺ​ខ្ញុំ​បាន​បញ្ជូន​ទៅ​ថៃ ហើយ​រង់ចាំ​តែ​ធ្លាក់​វីសា (Visa) មក គឺ​គាត់​បាន​ចេញ​ហើយ។ ហើយ​ម្យ៉ាង​ទៀត គឺ​ក្រុមហ៊ុន​ខ្ញុំ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង បើ​អ្នក​ដែល​មិន​បាន​ចេញ​ទៅ​ធ្វើ​ការ គឺ​ខ្ញុំ​ប្រគល់​លុយ​វិញ​មិន​ឲ្យ​បាត់​មួយ​សេន​ទេ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា យោង​តាម​ច្បាប់​ស្ដីពី​កិច្ច​សន្យា ភាគី​ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​រាល់​ការ​ខូច​ខាត​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​ខុស​កិច្ច​សន្យា​នោះ។

មាត្រា​១២១ នៃ​ច្បាប់​ស្ដីពី​កិច្ច​សន្យា និង​ការ​ទទួល​ខុស​ត្រូវ​ក្រៅ​កិច្ច​សន្យា ចែង​ថា ជន​ណា​បាន​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​អ្នក​ដទៃ ដោយ​កំហុស​របស់​ខ្លួន ជន​នោះ​ត្រូវ​ជួស​ជុល​ការ​ខូច​ខាត​នោះ។ ទោះ​បី​ការ​ខូច​ខាត​កើត​មក​អំពី​អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា ដូច​ជា​ការ​ធ្វេសប្រហែស ឬ​ការ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ត្រួត​មើល​ថែ​ទាំ​ក៏ដោយ ក៏​ជន​ល្មើស​ត្រូវ​តែ​ជួស​ជុល​ការ​ខូច​ខាត​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles