ភ្នំពេញ: កម្លាំងប៉ូលិសជាងមួយម៉ឺននាក់ នឹងត្រូវប្រើប្រាស់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀត។
ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: គ្រីទិច
CEN
មន្ត្រីជាន់ខ្ពស់ប៉ូលិស ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ដែលបានរាយការណ៍ថា “យើងនឹងប្រើប្រាស់គ្រប់វិធានការសន្តិសុខ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កិច្ចប្រជុំនៅពេលខាងមុខនេះ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានមានប្រសាសន៍ថា កម្លាំងសន្តិសុខនឹងមានដាក់តាមព្រលានយន្តហោះ វិមានសន្តិភាព សណ្ឋាគារ ផ្ទះសំណាក់ និងតាមដងផ្លូវ។ ចំណែកនៅពេលយប់ ក៏នឹងមានការឆែកឆេរអាវុធផងដែរ។
មេដឹកនាំកំពូលៗ មកពី ១៧ ប្រទេស នឹងចាប់ផ្តើមមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ខណ:ដែលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២។
ចំណែកមន្ត្រីជាន់ខ្ពស់បណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន នឹងធ្វើដំណើរជាបន្តបន្ទាប់មកកាន់រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានប្រកាសថា នឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនោះ ក៏នឹងមានវត្តមានរបស់ប្រមុខដឹកនាំប្រទេសមហាអំណាច រួមមាន ប្រធានាធិបតីអាមេរិក លោក អូបាម៉ា ប្រធានាធិបតីរុស្ស៊ី លោក វល្លាដឺមៀរ ពូទីន និងលោកនាយករដ្ឋមន្ត្រីចិន វេន ជាបាវ ជាដើម៕ S