ភ្នំពេញ: សមាជិកព្រឹទ្ធសភា និងរដ្ឋសភា តំណាងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលនានា បានជួបជុំក្នុងវេទិកាសភា ស្តីពី “ការលើកកម្ពស់ និងកិច្ចការពារសិទ្ធិពលករទេសន្តប្រវេសន៍” ដែលបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។
ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: វឿន សាវុធ
CEN
ក្នុងឱកាសនោះ លោកស្រី ហូ ណូន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ព្រមទាំងជាអនុប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ បានលើកឡើងថា ចាប់ពីឆ្នាំ២០០៧ មក ចំនួនប្រជាពលរដ្ឋចំណាកស្រុក និងអ្នកធ្វើទេសន្តប្រវេសន៍បានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងក្នុងប្រព័ន្ធផ្លូវការ និងមិនផ្លូវការ។ ជាមួយនឹងតួលេខបង្ហាញពីកំណើនពលករទៅធ្វើការនៅក្រៅប្រទេស ក៏មានរបាយការណ៍នៃការរំលោភបំពានសិទ្ធិពលករមួយចំនួនផងដែរ ខណៈពលករទាំងនោះស្វែងរកឱកាសការងារដោយចាញ់បោកបញ្ឆោតមេខ្យល់ ឬតាមប្រព័ន្ធមិនរៀបរយ។
លោកស្រី ហូ ណូន បានបន្តថា វេទិកាសភា ដែលបានប្រារព្ធធ្វើនាពេលនេះ នឹងពិនិត្យមើលពីវឌ្ឍនភាព ដែលគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិពលករទេស្តប្រវេសន៍ និងបញ្ហាប្រឈម ដែលត្រូវដោះស្រាយ។ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសសម្រាប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសសមាជិកសភា ក្រសួង-ស្ថាប័នមានសមត្ថកិច្ច អ្នកជំនាញការជាតិ និងអន្តរជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល រួមគ្នាបន្តពិភាក្សាផ្លាស់ប្តូរយោបល់ថា តើគប្បីធ្វើយ៉ាងណាដើម្បីការពារសិទ្ធិពលករទេសន្តប្រវេសន៍ សំដៅជំរុញកាលានុវត្តភាពសម្រាប់ការងារធ្វើទេសន្តប្រវេសន៍ មានរបៀបរៀបរយ?។
លោកស្រី ហូ ណូន បានមានប្រសាសន៍ថា “វេទិកាសភាលើកនេះ បានបញ្ជាក់ជាថ្មីម្តងទៀត លើការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៣២ នាក្រុងភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១២ ក្នុងការធ្វើការបន្តជាមួយស្ថាប័ន-ក្រសួងរបស់រាជរដ្ឋភិបាល ផ្នែកពាក់ព័ន្ធនានា ដើម្បីពង្រឹងការត្រួតពិនិត្យលើសកម្មភាពរបស់ទីភ្នាក់ងារជ្រើសរើសពលករខុសច្បាប់ និងចាត់វិធានការយ៉ាងតឹងរ៉ឹង បញ្ឈប់រាល់សកម្មភាពខុសច្បាប់ ដែលកើតឡើងតាមរយៈមេខ្យល់”។
លោកស្រី ហូ ណូន បានបន្ថែមថា ទេសន្តប្រវេសន៍ ( ចំណាកស្រុកក្រៅប្រទេស ) ជាបញ្ហាឆ្លងដែន ដែលទាមទារឲ្យមានការដោះស្រាយទាំងនៅថ្នាក់ជាតិ ទាំងថ្នាក់តំបន់ និងទាំងថ្នាក់អន្តរជាតិ៕ S