ភ្នំពេញ: បន្ទាប់ពីជួបប្រជុំដោយបិទទ្វាររយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានសំរេចនូវលទ្ធផលជាច្រើន ដែលរួមមាន៖ ការឯកភាពអនុម័តលើឯកសារសំខាន់ៗ ពីរ គឺសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី សិទ្ធិមនុស្ស និងឯកសារទី២-ស្តីពី ការបង្កើតមជ្ឈមណ្ឌលកំចាត់មីនអាស៊ាន។ ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានឯកភាពលើបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ារ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅកាហ្សា ជាដើម។
ថ្ងៃទី 18 វិច្ឆិកា 2012
ដោយ: លី សិលា
CEN

មេដឹកនាំបញ្ចប់កិច្ចប្រជុំកំពូល អាស៊ាន លើកទី២១ ដោយសំរេចនូវឯកសារ និងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ក្នុងតំបន់ និងពិភពលោក
លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស បានប្រកាសនូវលទ្ធផលនៃកិច្ចប្រជុំ ដល់អ្នកកាសែតជាតិ និងអន្តរជាតិ នាព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២។
លោក កៅ គឹមហួន បានលើកឡើងថា នៅពេលរសៀលនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានចុះហត្ថលេខាលើសេចក្តីប្រកាសភ្នំពេញ នៃការអនុម័តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី សិទ្ធិមនុស្ស។ ដោយឡែកទៀត ប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចកំណត់យក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាពេលវេលា ដែលកំណត់យកការអនុវត្តនៃសហគមន៍អាស៊ាន។
លោក កៅ គឹមហួន បានបន្ថែមថា ប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចលើការតែងតាំងបេក្ខភាពថ្មី អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិ ២០១៣ ដល់ឆ្នាំ២០១៧ ក្រោយពីលោក សុរិន ពិតសុវណ្ណ អគ្គលេខាធិការអាស៊ានបច្ចុប្បន្ននេះ នឹងចប់អាណត្តិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។
លោក កៅ គឹមហួន ក៏បានបន្តថា ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានអនុម័តទៅលើសេចក្តីថ្លែងការណ៍រួម អំពីការបង្កើតមជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ដែលជាឯកសារសំខាន់មួយ ជាគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០១២នេះ។
ដោយឡែកទៀត លោក កៅ គឹមហួន បានបន្តថា អង្គប្រជុំក៏បានពិភាក្សាអំពីការប្រព្រឹត្តទៅនៃកិច្ចប្រជុំ ដែលគេហៅថា កិច្ចសន្ទនាអាស៊ានជាសកល ដែលជាគំនិតផ្តួចផ្តើមថ្មីរបស់អាស៊ាន ដែលគ្រោងនឹងចាប់ផ្តើម ជំហ៊ានទី១ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
រីឯជំនួបរវាងប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយអ្នកដឹកនាំធុរកិច្ច នៅពេលរសៀលនេះ ក៏ត្រូវបានលោក កៅ គឹមហួន លើកឡើងថា ការពិភាក្សាបានផ្តោតទៅលើអនុសាសន៍នៃការស្រាវជ្រាវ ដោយសាលា លីខ្វាន់យូ នៃសាកលវិទ្យាជាតិ របស់ប្រទេស សឹង្ហបុរី។ ក្នុងអនុសាសន៍នោះ គឺធ្វើយ៉ាងណា ជំរុញឲ្យអាស៊ាន មានការប្រកួតប្រជែង នៅលើវិស័យសេដ្ឋកិច្ច។ ក្នុងនោះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានចាត់ឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធសិក្សាអនុសាសន៍ ដែលបានដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយថ្នាក់ដឹកនាំធុរកិច្ចអាស៊ាន។
លោក កៅ គឹមហួន បានបន្តថា នៅរសៀលនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានពិភាក្សា នៅក្នុងកិច្ចប្រជុំចង្អៀតទៅលើ ៤ ចំណុចសំខាន់ៗ។ ទី១-អំពីសមុទ្រចិនខាងត្បូង។ នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ ការផ្លាស់ប្តូរមតិ គឺប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នាទាំងស្រុង មិនធ្វើអន្តរជាតូបនីយកម្ម ទៅលើបញ្ហាសមុទ្រចិនខាងត្បូង។ នេះជាគោលជំហរថ្មី ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសំរេចយកនៅពេលនេះ ហើយនឹងបន្តការអនុវត្ត DOC ឲ្យពេញលេញ ដោយមានប្រសិទ្ធភាព។
លោក កៅ គឹមហួន បានបន្ថែមថា នៅក្នុងចំណុចនេះផងដែរ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា ទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៥ អំពីខួបអនុស្សាវរីយ៍ នៃ DOC សម្រាប់ខួបលើកទី១០ នៃDOC។ ជាខ្លឹមសារ ដែលបានឯកភាពគ្នាហើយ។
លោករដ្ឋលេខាធិការ កៅ គឹមហួន បានបន្តថា ដោយឡែកទៀត ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានផ្លាស់ប្តូរមតិគ្នា អំពីសភាពការណ៍នៅបច្ចឹមប្រទេស ជាពិសេសសភាពការណ៍នៅកាហ្សា ដោយបានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សា ដែលកំពុងតែកើតឡើងនៅមជ្ឈឹមបូព៌ា ដល់ភាគីពាក់ព័ន្ធ ចូលរួមដំណើរការចរចាគ្នា។
លោក កៅ គឹមហួន បានបន្ថែមថា ដោយឡែកទៀត ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏បានលើកឡើងនូវសភាពការណ៍នៅរដ្ឋ រ៉ាក់ឃីន នៅប្រទេសមីយ៉ាន់ម៉ារ ដោយបានគាំទ្រវិធានការផ្សេងៗ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ារ កំពុងតែមានការអនុវត្តបច្ចុប្បន្ននេះ ហើយក៏ជំរុញឲ្យមានការសម្របសម្រួលទៅលើសភាពការណ៍នៅរដ្ឋ រ៉ាក់ឃីន នេះផងដែរ។
ដោយឡែកទៀត ទាក់ទងនឹងឧបទ្វីបកូរ៉េ ក៏ត្រូវបានលោក កៅ គឹមហួន លើកឡើងថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏បានផ្លាស់ប្តូរយោបល់គ្នា ដោយបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំង ៦ ធ្វើយ៉ាងណា បន្តការចរចាឡើងវិញឲ្យបានឆាប់។ ដោយឡែកទៀត ឲ្យភាគីពាក់ព័ន្ធគោរពនៃសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕