ក្រុងឡាសវេហ្គាស: កីឡាករប្រដាល់ Juan Manuel Marquez បានផ្តួល Manny Pacquiao ឲ្យសន្លប់ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងទឹកទី៦នៅក្នុងការប្រកួតមិនដណ្តើមខ្សែក្រវាត់មួយក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមកាលពីរាត្រីថ្ងៃសៅរ៍ (ត្រូវនឹងថ្ងៃអាទិត្យនៅកម្ពុជា) ដើម្បីទទួលជ័យជម្នះជាលើកទីមួយរបស់ខ្លួនលើកីឡាករប្រដាល់ជើងខ្លាំងសញ្ជាតិហ្វីលីពីនរូបនេះក្នុងចំណោមការប្រកួត៤លើករបស់ពួកគេ។
Monday, 10 December 2012
Mark Lamport-Stokes
ភ្នំពេញ ប៉ុស្តិ៍

Marquez (ឆ្វេង) វាយចំផ្ទៃមុខរបស់ Pacquiao អំឡុងពេលនៃការប្រកួតកាលពីថ្ងៃម្សិលមិញ។ Reuters
កីឡាករប្រដាល់សញ្ជាតិម៉ិកស៊ិក Marquez វ័យ៣៩ឆ្នាំ ដែលបានរងបរាជ័យចំនួនពីរលើក និងទទួលបានលទ្ធផលស្មើ១លើកនៅក្នុងចំណោមការឡើងប្រដាល់ចំនួន៣លើករបស់ពួកគេកាលពីលើកមុននោះ បានធ្វើឲ្យ Pacquiao ដួលសន្លប់នៅលើសង្វៀនជាមួយនឹងការវាយដោយកណ្តាប់ដៃស្តាំចំផ្ទៃមុខPacquiao យ៉ាងពេញទំហឹង ខណៈដែលនៅសល់រយៈពេល១វិនាទីចុងក្រោយក្នុងទឹកទី៦នៅលើសង្វៀនប្រដាល់ MGM Grand Garden Arena។
កីឡាកររបស់ហ្វីលីពីនប្រើដៃឆ្វេងរូបនេះ បានដួលផ្កាប់មុខនិងបានរក្សាការគ្មានចលនាអស់រយៈពេលជាច្រើននាទី នៅមុនពេលងើបអង្គុយដើម្បីញញឹមដាក់ Marquez ហើយបន្ទាប់មកបានចាប់ដៃរលាក់ជាមួយគូប្រជែងរបស់គេនៅកណ្តាលសង្វៀន។
បន្ទាប់ពីបង្កើនលើកំណត់ត្រារបស់ខ្លួនជាមួយនឹងជ័យជម្នះចំនួន៥៥លើក ចាញ់៦លើក ស្មើ១លើក និងផ្តួលដៃគូឲ្យសន្លប់ចំនួន៤០លើក Marquez បាននិយាយទាំងញញឹមនៅលើសង្វៀនប្រកួតថា៖ «យើងបានដឹងថា វានឹងក្លាយជាការប្រដាល់ស្វិតស្វាញមួយ ប៉ុន្តែយើងក៏បានដឹងថា វាអាចទទួលជ័យជម្នះផងដែរ»។
ចំណែកកីឡាករ Pacquiao ដែលត្រូវបានផ្តួលឲ្យដួលនៅលើទីលានក្នុងទឹកទី៣នោះ បានធ្វើឲ្យ Marquez ដួលវិញនៅក្នុងទី៥ និងហាក់ដូចជាមានប្រៀបនៅក្នុងការប្រដាល់នេះ រហូតដល់សន្លប់ដ៏គួរឲ្យភ្ញាក់ផ្អើលតែម្តង។
ក្រោយពីភ្លាត់ស្នៀតដើម្បីទទួលជ័យជម្នះត្រឹម៥៤លើក ចាញ់៥លើក ស្មើ២លើក និងផ្តួលដៃគូឲ្យសន្លប់ចំនួន៣៨លើកនោះ កីឡាករ Pacquiao បានឲ្យដឹងថា៖ «រូបគេមិនមែនជាគូប្រជែងដ៏ងាយស្រួលឡើយ»។
កីឡាករកំពូលរបស់ហ្វីលីពីនរូបនេះបានបន្តថា៖ «ខ្ញុំបានខិតខំអស់លទ្ធភាពរបស់ខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំបានមានប្រៀបលើរូបគេនៅក្នុងពីរទឹកចុងក្រោយ ប៉ុន្តែខ្ញុំបានចាប់ផ្តើមដោយមានការជឿជាក់ពេក ហើយខ្ញុំបានរងនូវការវាយដោយការប្រើកណ្តាប់ដៃយ៉ាងធ្ងន់។ ខ្ញុំមិនបានគិតថា បានរងនូវកណ្តាប់ដៃដូច្នោះឡើយ»។
នៅពេលសួរថា តើរូបគេចង់ឡើងសង្វៀនប្រកួតជាមួយនឹង Marquez ជាលើកទី៥ ឬយ៉ាងណា Pacquiao បានឆ្លើយតបទៅវិញថា៖ «ពិតណាស់ ហេតុអ្វីបានជាមិនអាច? វាគឺជាការប្រដាល់ដ៏ល្អមួយ»៕ IS
គ្មាននរណាម្នាក់អាចរក្សាតំណែងរបស់ខ្លួនរហូតនោះទេ ថ្ងៃមួយនឹងមកដល់! អ្នកដឹកនាំផ្តាច់ការក៍ដូចគ្នាដែរ។