ភ្នំពេញ: ជនសង្ស័យចំនួនពីរនាក់ដែលរកស៊ីជួញដូរថ្នាំញៀនប្រភេទ WY ពណ៌ក្រហម ចំនួន៧សុងស្មើនឹងជាង២ម៉ឺនគ្រាប់ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ត្រូវបានព្រះរាជអាជ្ញារងដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញ ចុះបង្ក្រាបបានជាក់ស្តែងកាលពីវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១២ នៅបន្ទប់លេខ៥០៣ ក្នុងសណ្ឋាគារបូលីណា ផាឡេស ផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ថ្ងៃទី 24 ធ្នូ 2012
ដោយ: វិសាល
CEN
ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោ ឯក ឆេងហួត ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោកង៉ែត សារ៉េត ជាក្រឡាបញ្ជី និងរួមសហការដោយលោកវរសេនីយ៍ឯក វ៉ាន់ កុសល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ង៉េង ឈុន នាយការិយាល័យអន្តរាគមន៍ លោកវរសេនីយ៍ទោ មាឃ ប៊ុនថុល នាយរងការិយាល័យ លោកវរសេនីយ៍ត្រី ទេព ពីរ៉ូ នាយរងការិយាល័យ លោកអនុសេនីយ៍ត្រី ឡុង ឈន នាយរងប៉ុស្តិ៍ផ្សារថ្មី៣ លោកចាន់ កែម មេភូមិ៥ និងលោកផាននី ផានិត តំណាងសណ្ឋាគារ។
ជាមួយករណីនេះ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ប៉ុន្តែក្នុងកំណត់ហេតុឆែកឆេររបស់ព្រះរាជអាជ្ញារង ពោលគឺមានតែឈ្មោះជនសង្ស័យតែពីរនាក់ទេ គឺឈ្មោះស៊ុត និងឈ្មោះថង ដែលសមត្ថកិច្ចវាយខ្នោះបញ្ចូលរថយន្ត។
ក្នុងកំណត់ហេតុឆែកឆេរ បានឲ្យដឹងទៀតថា ក្រៅពីសម្ភារៈខាងលើ កម្លាំងចម្រុះពុំបានដកហូតសម្ភារៈអ្វីទៀតទេ ហើយសម្ភារៈវត្ថុតាងខាងលើ កម្លាំងចម្រុះសម្រេចប្រគល់ជូនលោកវរសេនីយ៍ទោ ង៉េង ឈុន នាយការិយាល័យអន្តរាគមន៍ រក្សាទុកបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ S











