ភ្នំពេញ: អ្នកយកព័ត៌មាន របស់កាសែតភ្នំពេញប៉ុស្តិ៍ លោក ប៊ុត រស្មីគង្គារ ត្រូវបានតុលាការយោធា កោះហៅសាកសួរបឋម កាលព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ៨ ព្រឹក។ បន្ទាប់ពីសាកសួរអស់ពេលជិត ២ ម៉ោង ពាក់ព័ន្ធនឹងអត្ថបទកាសែត និយាយពីដីរបបយោធា នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចមក ចៅក្រមតុលាការយោធា លោក ប៉ោក ប៉ន ដែលជាអនុប្រធានតុលាការយោធា មិនបានឃុំខ្លួនអ្នកកាសែតនោះទេ។
ថ្ងៃទី 24 ធ្នូ 2012
ដោយ: លី សិលា
CEN

លោក ប៊ុត រស្មីគង្គារ អ្នកកាសែត ភ្នំពេញប៉ុស្តិ៍ ក្រោយពីចេញពីតុលាការយោធា កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ (រូបថត៖ ស៊ីវ ចាន់ណា)
អ្នកកាសែត ភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ និងអង់គ្លេស លោក ប៊ុត រស្មីគង្គារ បានឲ្យដឹងថា ចៅក្រមតុលាការយោធា បានប្រាប់រូបលោកថា លោកចូលមកបំភ្លឺតុលាការពេលនេះ មិនមែនជាជនត្រូវចោទអ្វីទេ គឺតុលាការគ្រាន់តែចង់ឲ្យលោក បំភ្លឺពាក់ព័ន្ធនឹងអត្ថបទកាសែត ដែលបានចេញផ្សាយថា “មន្ត្រីជាន់ខ្ពស់ យកដីរបបទ័ព នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ លក់ឲ្យក្រុមហ៊ុនវៀតណាមពីរ”។
អ្នកកាសែត លោក គង្គារ បានសរសេរអត្ថបទមួយ ពាក់ព័ន្ធនឹងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ដែលរងការចោទប្រកាន់ ពីកូនទាហានរបស់ខ្លួន ប្រមាណ ១៥០០នាក់ថា បានកាត់ដីរបបទ័ព លក់ទៅឲ្យក្រុមហ៊ុនវៀតណាមមួយ នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អត្ថបទនោះ បានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ ២០១២ កន្លងទៅ ( នៅក្នុងវិបសាយរបស់ភ្នំពេញប៉ុស្តិ៍ http://www.postkhmer.com/) ក្រោមចំណងជើងថា “គេថា មន្ត្រីជាន់ខ្ពស់យកដីរបបទ័ព លក់ឲ្យក្រុមហ៊ុនវៀតណាម”។
ក្រោយការចេញផ្សាយអត្ថបទនេះ ធ្វើឲ្យមន្ត្រីយោធាជាន់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ បានប្រតិកម្ម និងធ្វើលិខិតបំភ្លឺ។ នៅពេលនេះ ក៏មានដីកាកោះហៅអ្នកយកព័ត៌មាន កាសែតភ្នំពេញប៉ុស្តិ៍ លោក ប៊ុត រស្មីគង្គារ ឡើងតុលាការយោធា។
យ៉ាងណាក៏ដោយ លោក គង្គារ បានបន្ថែមថា លោកចៅក្រម បានទាមទារឲ្យរូបលោក បង្ហាញពីអំណះអំណាង និងប្រភពព័ត៌មាន ដែលប្រាប់លោក អំពីដំណឹងនៃការលើកឡើងថា មន្ត្រីជាន់ខ្ពស់យោធា យកដីរបបកងទ័ព ទៅលក់ឲ្យក្រុមហ៊ុនវៀតណាម នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក គង្គារ បានបន្តថា លោកក៏បានធ្វើតាមសំណើរបស់លោកចៅក្រម ហើយបង្ហាញនូវប្រភពនានា ដែលរាយការណ៍ជូនលោក អំពីអ្វីដែលលោកបានសរសេរ ក្នុងអត្តបទកាសែតនោះ។
យ៉ាងណាក៏ដោយ លោក ប៊ុត រស្មីគង្គារ ដែលជាអតីតប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការខាងព្រំដែន បានលើកឡើងថា ការចូលខ្លួនទៅឆ្លើយបំភ្លឺនៅមុខតុលាការយោធា ពាក់ព័ន្ធនឹងដីកានាថ្ងៃចន្ទនេះ មិនមែនជាការគំរាមកំហែង ឬក៏ត្រូវចៅក្រម ដាក់គំនាប មកលើវិជ្ជាជីវៈ ដែលលោកបំពេញការងារអាជីព ជាអ្នកកាសែតនោះឡើយ៕