អាជ្ញាធរកម្ពុជា ដោយសហការជាមួយប៉ូលិសអាំងទែប៉ូលរបស់ចិនបានបើកប្រតិបត្តិការជាថ្មីដើម្បីបោសសម្អាតបណ្តាញឧក្រិដ្ឋជនចាប់ជម្រិតឆ្លងដែនជនជាតិចិននៅក្នុងទីក្រុងភ្នំពេញ។ ក្នុងប្រតិបត្តិការដែលបានបើកធ្វើព្រមៗគ្នាក្នុងគោលដៅជាច្រើនកាសពីថ្ងៃសៅរ៍ម្សិលមិញ សមត្ថកិច្ចចម្រុះបានប្រមូលជនសង្ស័យជនជាតិចិនជិត ១០០ នាក់ និបរឹបអូសវត្ថុតាងបានជាច្រើនទៀត។ ជនសង្ស័យទាំងនោះនឹងត្រូវបញ្ជូនទៅប្រទេសចិនវិញដើម្បីប្រឈមមុខនឹងផ្លូវច្បាប់នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ថ្ងៃ អាទិត្យ 06 មករា 2013
ដោយ ប៉ែន បូណា
RFI

ប៉ូលីសកម្ពុជា និងអាំងទែប៉ូលចិន ចាប់ខ្លួនជនសង្ស័យជម្រិតប្រាក់ជនជាតិចិន © RFI-ចាន់ណា
យ៉ាងហោចណាស់មានជនជាតិចិនជាង ៨០ នាក់ដែលជាប់សង្ស័យបទបង្កើតបណ្តាញចាប់ជម្រិតឆ្លងដែនត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចុងសប្តាហ៍នេះក្នុងប្រតិបត្តិការបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនជនជាតិចិនក្នុងទីក្រុងភ្នំពេញ។ ប្រតិបត្តិការដែលដឹកនាំដោយប៉ូលិសក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយប៉ូលិសអាំងទែប៉ូលចិនត្រូវបានបើកធ្វើឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញក្នុងគោលដៅចំនួន ៧ កន្លែង ក្នុងខណ្ឌចំនួន ៤ នៃរាជធានីភ្នំពេញ។
ជនជាតិចិនទាំងនោះ ជាប់ចោទពីបទជម្រិតទារប្រាក់ឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណេត។
ប៉ូលិសក៏បានរឹបអូសសម្ភារៈមួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា VOIP ដើម្បីចាប់មនុស្សជម្រិតទារប្រាក់ឆ្លងដែនផងដែរ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏ដូចជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែរមិនអាចទាក់ទងបានទេនៅថ្ងៃនេះ ប៉ុន្តែ ប្រភពពីមន្ត្រីប៉ូលិសដែលចុះអនុវត្តផ្ទាល់បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់អាជ្ញាធរចិន និងដោយមានកិច្ចការសហការយ៉ាងពេញទំហឹងពីសំណាក់ប៉ូលិសអាំងទែប៉ូលចិន។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានផ្សាយឲ្យដឹងថា ជនជាតិចិនទាំងនោះជាប់សង្ស័យថាបានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីចាប់ជនជាតិចិននៅឯប្រទេសចិនជម្រិតទារប្រាក់តាមប្រពន្ធ័អាំងទែណែត VOIP ។ លោក ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃត្រូវបាន ទីភ្នាក់ងារដដែលដកស្រង់សម្តីថា ជនសង្ស័យទាំងនោះនឹងត្រូវប្រគល់ឲ្យរដ្ឋាភិបាលចិនដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
នេះគឺជាលើកទី៥ហើយដែលប៉ូលិសកម្ពុជាសហការជាមួយប៉ូលិសចិនបានបើកប្រតិបត្តិការគាស់រំលើងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនជនជាតិចិន។ យោងតាមរបាយការណ៍របស់ប៉ូលិស គិតចាប់ពីឆ្នាំ២០១០ មក មានជនជាតិចិនមិនតិចជាង ៥០០ នាក់ទេត្រូវបានចាប់ខ្លួននៅកម្ពុជា និងបញ្ជូនចេញពីទៅកាន់ប្រទេសចិនវិញក្នុងសំណុំរឿងជម្រិតទារប្រាក់ឆ្លងដែននេះ។
បណ្តាញឧក្រិដ្ឋជនទាំងនេះបានយកទឹកដីកម្ពុជាធ្វើជាទីតាំងឈរជើងដើម្បីធ្វើសកម្មភាពជម្រិតទារប្រាក់រហូតដល់រាប់រយលានដុល្លារអាមេរិក។ ជនសង្ស័យសង្គមងងឹតទាំងនោះបានប្រមូលផ្តុំគ្នាទាំងហ្វូងៗ មានប្រុសមានស្រី នៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនផង៕