សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ធ្វើ​ពិធី​សច្ចា​ប្រណិធាន​អាណត្តិ​ថ្មី

ភ្នំពេញៈ អង្គការ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា(JCI)​បាន​រៀប​ចំ​កិច្ច​ប្រជុំ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​និង​ធ្វើ​សច្ចា​ប្រណិធាន​សម្រាប់​អ្នក​ឡើង​កាន់​តំណែង​ថ្មី ក្រោយ​អង្គការ​ដែល​មាន​អាយុ​កាល​ជាង​៣​ឆ្នាំ​នោះ បាន​ឈាន​ចូល​ដល់​អាណត្តិ​ថ្មី​នៅ​ឆ្នាំ​២០១៣​នេះ។

Monday, 07 January 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ

លោក អីុវ គឹមសួរ(ឆ្វេង) ធ្វើ​សច្ចា​ប្រណិធាន​ទទួល​តំណែង​ពី​លោក គួច សុខលី។ គឹមសឿន

លោក អីុវ គឹមសួរ(ឆ្វេង) ធ្វើ​សច្ចា​ប្រណិធាន​ទទួល​តំណែង​ពី​លោក គួច សុខលី។ គឹមសឿន

JCI ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​រក​ប្រាក់​ចំណេញ​មួយ​ដែល​បាន​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩ ក្រោយ​ពេល​ដែល​ពិភពលោក​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ដើម្បី​បន្ត​បណ្តុះ​បណ្តាល ផ្សព្វ​ផ្សាយ និង​ជំរុញ​លើក​ទឹក​ចិត្ត​យុវជន​សហគ្រិន​វ័យ​ក្មេង​ឲ្យ​ក្លាយ​ជា​អ្នក​ជំនួញ​វ័យ​ក្មេង​ជំនាន់​ក្រោយ​របស់​កម្ពុជា​។

អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១២ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា និង​សាខា​ទាំង​ពីរ គឺ​សាខា​ភ្នំពេញ និង​ចតុមុខ បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​សង្គម​ដូចជា កម្មវិធី​រើស​សំរាម រត់​ផង​រើស​ផង ចាំ​អង្កាល់​ទៀត សាង​សង់​ដើម្បី​ស្នាម​ញញឹម ដាំ​ដើម​ឈើ និង​កម្មវិធី​ចែក​រំលែក​សម្ភារ​សិក្សា​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា នៅ​តាម​តំបន់​ដាច់​ស្រយាល​ជា​ដើម​។

ដោយ​ឡែក​សម្រាប់​ឆ្នាំ​២០១៣​នេះ ក្រៅ​ពី​ការ​ឡើង​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ថ្មី​របស់​លោក អ៊ីវ គឹមសួរ ក្រោយ​ផុត​អាណត្តិ​ប្រធាន​ឆ្នាំ​២០១២​លោក គួច សុខលី អង្គការ​មួយ​នេះ​ក៏​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ឡើង​ពី​គម្រោង​ថ្មីៗ​សម្រាប់​ឆ្នាំ​២០១៣​ផង​ដែរ​។ លោក គួច សុខលី ប្រធាន JCI ២០១២​និយាយ​ថា៖​«​ទោះ​បី​អាណត្តិ​ឆ្នាំ​២០១២​របស់​ខ្ញុំ​បាន​បញ្ចប់ តែ​សមាជិក​និង​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ពួក​យើង ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​រហូត​»។

ក្រោយ​ការ​សច្ចា​ប្រណិធាន​ឡើង​កាន់​តំណែង​ប្រធាន JCI ថ្មី​ឆ្នាំ​២០១៣ លោក អ៊ីវ គឹមសួរ បាន​និយាយ​ថា៖​«​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ ពួក​យើង​នឹង​នាំ​យក​ជេស៊ីអាយ​កម្ពុជា ទៅ​កាន់​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែ​ច្រើន និង​បន្ត​ចែក​រំលែក​សេចក្តី​ស្រឡាញ់ និង​ស្នាម​ញញឹម​ដល់​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត​»៕

What Next?

Recent Articles